រដ្ឋបាលលោកប្រធានាធិបតី Donald Trump បានបណ្តេញឧត្តមនាវីទោអ្នកស្រី Linda Fagan ដែលជាស្ត្រីទីមួយដឹកនាំទីភ្នាក់ងារយោធាអាមេរិកក្នុងមុខតំណែងជាប្រធានឆ្មាំកាពារជាតិ។
ក្រសួងសន្តិសុខមាតុភូមិដែលគ្រប់គ្រងឆ្មាំការពារជាតិមិនបានឆ្លើយតបភ្លាមៗលើសំណើសុំអត្ថាធិប្បាយកាលពីថ្ងៃអង្គារទៅលើការដកមុខតំណែងរបស់អ្នកស្រី Fagan នោះទេ។
សារព័ត៌មាន Fox News បានដកស្រង់ពាក្យសម្តីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់ដែលបានថ្លែងប្រាប់ពីមូលហេតុនានាដែលនាំឱ្យដកមុខតំណែងរបស់អ្នកស្រីរួមបញ្ចូលទាំងការបរាជ័យក្នុងការដោះស្រាយការគំរាមកំហែងសន្តិសុខព្រំដែន ការផ្តោតខ្លាំងហួសហេតុលើភាពចម្រុះ សមភាពនិង«ការបាត់បង់សេចក្តីទុកចិត្ត»លើការស៊ើបអង្កេតរបស់ឆ្មាំការពារជាតិទៅលើរឿងក្តីបំពានផ្លូវភេទ។
លោក Trump និងសមាជិកបក្សសាធារណរដ្ឋដទៃទៀតបានតវ៉ាជាយូរមកហើយប្រឆាំងនឹងកម្មវិធីរដ្ឋាភិបាលដែលចង់លើកតម្កើងភាពចម្រុះ ហើយបញ្ហាសន្តិសុខព្រំដែនគឺជាអាទិភាពសំខាន់សម្រាប់លោកប្រធានាធិបតី ដែលបានប្រកាសភាពអាសន្នជាតិនៅតាមព្រំដែនអាមេរិកជាមួយប្រទេសម៉ិកសិកកាលពីថ្ងៃចន្ទ ដែលជាថ្ងៃទី១ដែលលោកស្បថចូលកាន់តំណែងប្រធានាធិបតី៕
វេទិកាបញ្ចេញមតិ