ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃរបស់លោកទៅកាន់ទ្វីបអាស៊ីកាលពីថ្ងៃសុក្រ បានថ្លែងថា លោកនឹងពន្យារពេលទស្សនកិច្ចរបស់លោកនៅប្រទេសហ្វីលីពីនមួយថ្ងៃទៀត ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
លោកមានប្រសាសន៍ថា «ពិតណាស់ យើងនឹងស្នាក់នៅហ្វីលីពីនមួយថ្ងៃទៀត។ យើងមានសន្និសីទដ៏ធំមួយនិងសន្និសីទទី២ទៀត ហើយខ្ញុំគិតថា យើងនឹងជជែកគ្នាពីបញ្ហាពាណិជ្ជកម្ម ហើយប្រាកដណាស់ យើងក៏នឹងនិយាយពីបញ្ហាកូរ៉េខាងជើងដែរ»។
លោក ត្រាំ ក៏នឹងចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថាអាស៊ាននៅក្នុងរដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីនផងដែរ។
ក្នុងដំណើរថ្មីៗនេះទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី អនុប្រធានាធិបតីអាមេរិក លោក Mike Penceបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងអាមេរិកនិងអាស៊ានគឺជា«ភាពជាដៃគូយុទ្ធសាស្ត្រ»។ លោកថ្លែងថា អាស៊ាន បាន«លើកកម្ពស់វិបុលភាពនិងសន្តិសុខ» មិនតែក្នុងចំណោមប្រទេសជាសមាជិកប៉ុណ្ណោះទេ គឺថែមទាំងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ។
ពេលប្រកាសឲ្យដឹងអំពីដំណើរទស្សនកិច្ចនេះកាលពីចុងខែកញ្ញា សេតវិមាន បានថ្លែងថា គោលដៅចម្បងមួយនៃរដ្ឋការរបស់លោកត្រាំ គឺកៀរគរការគាំទ្រជាសកលប្រឆាំងនឹងការគំរាមកំហែងរបស់រដ្ឋាភិបាលកូរ៉េខាងជើង ខណៈពេលចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់នោះ។
សេចក្តីថ្លែងការណ៍របស់សេតវិមាន បានឲ្យដឹងថា «ការចូលរួមរបស់លោកប្រធានាធិបតីអាមេរិកនេះ នឹងពង្រឹងការតាំងចិត្តជាអន្តរជាតិ ដើម្បីតទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង និងដើម្បីធានាឲ្យមានការបញ្ឈប់កម្មវិធីនុយក្លេអ៊ែរទាំងស្រុង ដែលអាចផ្ទៀងផ្ទាត់បានហើយមិនអាចដូរចិត្តវិញបាន»។
ការធ្វើដំណើររបស់លោកត្រាំទៅទ្វីបអាស៊ី នឹងរួមបញ្ចូលទាំងទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតីទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតនិងជាដៃគូពាណិជ្ជកម្មលំដាប់លេខ១របស់កូរ៉េខាងជើង។
ការធ្វើដំណើររបស់លោកប្រធានាធិបតីអាមេរិកនេះ ក៏នឹងនាំលោកត្រាំ ទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឬ APEC និងទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុនផងដែរ។
ការដោះដូរទំនិញនិងសេវាកម្មរវាងប្រទេសនិងប្រទេស នឹងក្លាយជាអាទិភាពមួយក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំ។ សេតវិមាន បានថ្លែងថា លោកប្រធានាធិបតី នឹងសង្កត់ធ្ងន់លើ«សារៈសំខាន់នៃចំណងទាក់ទងសេដ្ឋកិច្ចទៅវិញទៅមកប្រកបដោយលក្ខណៈយុត្តិធម៌រវាងរាល់ដៃគូពាណិជ្ជទាំងអស់ជាមួយអាមេរិក»៕