សេតវិមាននិយាយនៅថ្ងៃអង្គារថា លោកប្រធានាធិបតី Donald Trump បាន ពង្រីកទំនាក់ទំនងកក់ក្តៅ ជាមួយ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន ថ្វីបើមេដឹកនាំរដ្ឋាភិបាលក្រុងម៉ានីល បានធ្វើការវាយប្រហារ ពាក្យសម្តីលើស.រ.អា.ដោយប្រើពាក្យមិនគួរសមក្តី។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោកប្រធានាធិបតី Trump ដែលនិយាយលម្អិតអំពីទស្សនកិច្ចរបស់លោកប្រធានាធិបតីទៅប្រទេសអាស៊ីចំនួន៥ ដែលចាប់ផ្តើមនៅថ្ងៃសុក្រ រួមមានទស្សនកិច្ចនៅក្រុងម៉ានីលផងនោះ បាននិយាយថា លោកប្រធានាធិបតី Trump និងលោក Duterte ជិតស្និទ្ធនឹងគ្នាអំឡុងសន្ទនាតាមទូរស័ព្ទ និងផ្ញើសំបុត្រឲ្យគ្នាទៅវិញទៅមក។
មន្ត្រីនោះនិយាយថា លោកគិតថា នៅទីនោះមានភាពកក់ក្តៅ។ ហើយលោកប្រធានាធិបតីទន្ទឹងរង់ចាំជំនួបផ្ទាល់ជាមួយលោកប្រធានាធិបតី Duterte ។ ជំនួបរបស់លោកទាំងពីរគ្រោងធ្វើនៅពេលចុងបញ្ចប់នៃទស្សកិច្ចរយៈពេល១២ថ្ងៃរបស់លោក Trump ដែលរួមមានទស្សនកិច្ចនៅប្រទេសជប៉ុន កូរ៉េខាងត្បូងចិន និងវៀតណាម៕