បេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋលោក Donald Trump បានបញ្ចប់មន្ទិលសង្ស័យជុំវិញទស្សនៈរបស់លោកដោយបានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានកើតនៅក្នុងសហរដ្ឋអាមេរិក»។
បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋកាលពីឆ្នាំ២០១១ គឺជាអ្នកដែលនៅពីក្រោយចលនាជជែកតវ៉ាគ្នានេះ ដោយមិនមានភស្តុតាងដែលថាលោកអូបាម៉ា កើតនៅក្រៅសហរដ្ឋអាមេរិក។ ចាប់តាំងពីពេលនោះមក លោកបានធ្វើការបដិសេធដោយផ្ទាល់អំពីអ្វីដែលលោកជឿ។ ទើបតែថ្ងៃសុក្រនេះទេ ដែលលោកបានបញ្ចប់ភាពស្រពិចស្រពិលរបស់លោក។
យុទ្ធនាការរបស់លោក Trump បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោកជឿថាលោក អូបាម៉ា កើតនៅក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។ នៅក្នុងការបង្ហាញខ្លួនកាលពីថ្ងៃសុក្រម្សិលមិញនេះ លោក Trump បានស្តីបន្ទោសលោកស្រី Clinton ថាជាអ្នកចាប់ផ្តើមបញ្ហាចម្រូងចម្រាសនេះឡើង ក្នុងអំឡុងពេលដែលលោកស្រីធ្វើយុទ្ធនាការបោះឆ្នោតប្រឆាំងនឹងលោកអូបាម៉ា នៅឆ្នាំ២០០៨។ ប៉ុន្តែបណ្តាញសារព័ត៌មានជាច្រើនបានធ្វើការស៊ើបអង្កេតទៅលើការចោទប្រកាន់នោះ ហើយបានរកឃើញថាមិនមានភស្តុតាងដើម្បីបញ្ជាក់អំពីរឿងនេះនោះទេ។
លោកស្រី Clinton កាលពីថ្ងៃសុក្រម្សិលមិញនេះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក៏បានច្រានចោលកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ដើម្បីលើកឡើងពីមន្ទិលសង្ស័យរបស់លោកជុំវិញទីកន្លែងកំណើតរបស់លោកអូបាម៉ាដែរ៕