លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ត្រឡប់មកការយុទ្ធនាការឃោសនាបោះឆ្នោតវិញបន្ទាប់ពីការជាសះស្បើយអស់រយៈពេល៣ថ្ងៃប្រហែលដោយសារជំងឺរលាកសួត ក៏ប៉ុន្តែ លោក Donald Trumpគូប្រកួតប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោកស្រី កំពុងចោទសួរពីអត់ធ្មត់របស់លោកស្រី។
លោកស្រី Clinton ធ្វើដំណើរទៅកាន់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នៅរដ្ឋ North Carolina ដែលជារដ្ឋមានការប្រកួតប្រជែងគៀកគ្នាបំផុតដែលនៅទីនោះបេក្ខជនទាំង២ បានធ្វើការបង្ហាញខ្លួនតាមរយៈយុទ្ធនាការបោះឆ្នោតជាច្រើន។ ក្រោយមក លោកស្រី Clinton នឹងធ្វើសុន្ទរកថានៅពិធីទទួលទានអាហារពេលល្ងាចរបស់មេដឹកនាំជនជាតិ Hispanic នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនជាមួយប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលជាអ្នកគាំទ្រយ៉ាងខ្លាំងម្នាក់របស់លោកស្រី។ លោក Trump បានថ្លែងនៅឯក្លឹបសេដ្ឋកិច្ចក្រុងញូវយ៉កមុនពេលធ្វើដំណើរទៅកាន់រដ្ឋ New Hampshire ដែលជារដ្ឋប្រកួតប្រជែងគ្នាមួយទៀតដែលស្ថិតនៅភាគឦសាន្តរបស់សហរដ្ឋអាមេរិក។
នៅពេលដែលលោកស្រី Clinton បន្តយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីបន្ទាប់ពីមានដំណើរធីងធោងកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុងញូវយ៉ក វេជ្ជបណ្ឌិតរបស់លោកស្រី និយាយថា លោកស្រីកំពុងជាសះស្បើយឡើងវិញពីជំងឺរលាកសួតហើយលោកស្រីនៅតែសក្តិសមធ្វើជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។
លោកស្រី Clinton បានប្រាប់កិច្ចសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំមានការសប្បាយរីករាយដែលនៅទីបញ្ចប់ខ្ញុំបានធ្វើទៅតាមបញ្ជារបស់វេជ្ជបណ្ឌិតហើយធ្វើការសម្រាកអស់រយៈពេលប៉ុន្មានថ្ងៃដោយមិនបញ្ចេញកម្លាំងដែលខ្ញុំគិតថាជាបទពិសោធន៍ធម្មតាសម្រាប់មនុស្ស»៕