លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កំពុងធ្វើយុទ្ធនាការនាថ្ងៃអង្គារនេះឲ្យលោកស្រី Hillary Clinton ខណៈពេលដែលលោកស្រីសម្រាកពីរបីថ្ងៃដើម្បីឲ្យបានធូរស្បើយពីជំងឺរលាកសួត។
លោក Obama បានថ្លែងនៅឯការជួបជុំមួយនៅក្នុងរដ្ឋ Philadelphia ដែលនៅទីនោះ លោកនឹងចូលរួមក្នុងពិធីរៃអង្គាសថវិកាសម្រាប់គណបក្សប្រជាធិបតេយ្យផងដែរ។
លោកស្រី Clinton បានប្រាប់បណ្ដាញព័ត៌មាន CNN កាលពីល្ងាចថ្ងៃចន្ទម្សិលមិញថា លោកស្រីគ្រោងនឹងធ្វើយុទ្ធនាការឡើងវិញនៅចុងសប្តាហ៍នេះ។
លោកស្រី Clinton បានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា៖ «ខ្ញុំគិតថាជំងឺនេះមិនមានអ្វីធ្ងន់ធ្ងរដែលរារាំងដល់ដំណើរយុទ្ធនាការរបស់ខ្ញុំទេ»។
ទាំងលោកស្រី Clinton និងទាំងលោក Donald Trump ដែលជាគូប្រជែងរបស់លោកស្រី បានសន្យាថា នឹងបង្ហាញនូវព័ត៌មានអំពីបញ្ហាសុខភាពរបស់ពួកគេបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។
លោក Trump កាលពីថ្ងៃចន្ទម្សិលមិញ បានរិះគន់លោកស្រី Clinton ចំពោះសម្តីដែលលោកស្រីថា អ្នកគាំទ្ររបស់លោកចំនួនពាក់កណ្ដាលគឺ «គួរឲ្យអាណិតណាស់»។
លោក Trump ថា៖ «លោកស្រី Clinton និយាយថា ប្រជាពលរដ្ឋអាមេរិកសេ្នហាជាតិរាប់លាននាក់ជាក្រុមមនុស្សដែលគួរឲ្យអាណិត»។ លោកថា តើលោកស្រី Clinton អាចធ្វើជាប្រធានាធិបតីយ៉ាងម៉េចទៅរួចសម្រាប់មនុស្សជាច្រើនដូចនេះ? លោកស្រីនិយាយអំពីមនុស្សទាំងនោះ ហាក់ដូចជាពួកគេហ្នឹងជាឧបករណ៍ គឺមិនមែនជាមនុស្សលោកនោះទេ។
លោកស្រី Clinton បាននិយាយថា លោកស្រីមានការសោកស្ដាយចំពោះការថ្លែងដូច្នេះរបស់លោកស្រី៕