អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅតុលាការសហព័ន្ធមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីប្រឈមនឹងបទចោទពាក់ព័ន្ធនឹងកិច្ចប្រឹងប្រែងរបស់លោក ដើម្បីកែប្រែលទ្ធផលឆ្នោតកាលពីឆ្នាំ ២០២០ ដែលលោកបានចាញ់។
អាជ្ញាធរបានបង្កើនការការពារសន្តិសុខនៅបរិវេណជុំវិញតុលាការ មុនសវនាការនៅល្ងាចថ្ងៃព្រហស្សតិ៍នេះ។
លោក Trump ត្រូវគេរំពឹងថានឹងត្រូវបំពេញកិច្ចការតុលាការពេលទៅដល់ ដែលមានរួមទាំងការផ្តិតម្រាមដៃ និងការអះអាងថាគ្មានទោសកំហុសផង។
មហាគណៈវិនិច្ឆ័យមួយ បានចោទប្រកាន់លោក Trump ក្នុងបទឧក្រិដ្ឋចំនួន ៤ ដែលរួមមានការឃុបឃិតដើម្បីបន្លំសហរដ្ឋអាមេរិក រារាំងដំណើរការផ្លូវការមួយ និង ឃុបឃិតដើម្បីបំបាត់សិទ្ធិរបស់អ្នកបោះឆ្នោតក្នុងការបោះឆ្នោតដោយយុត្តិធម៌។
ក្រុមរដ្ឋអាជ្ញាបាននិយាយក្នុងការចោទប្រកាន់ថា លោក Trump បានអះអាងម្តងហើយម្តងទៀតអំពីការលួចបន្លំសន្លឹកឆ្នោត ដែលលោកបានដឹងថាមិនពិត ហើយថាលោកបានគាបសង្កត់ឱ្យក្រុមមន្ត្រីបោះឆ្នោត និងលោកអតីតអនុប្រធានាធិបតី Mike Pence ចាត់វិធានការដើម្បីឱ្យលោក Trump នៅកាន់តំណែងជាបន្ត។
ហ្វូងអ្នកគាំទ្រលោក Trump បានសម្រុកចូលវិមានកាពីតូល នៅថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ ខណៈដែលសភាសហរដ្ឋអាមេរិកកំពុងកត់ត្រានិងបញ្ជាក់លទ្ធផលនៃការបោះឆ្នោត។
លោក Trump បានអះអាងថា លោកមិនបានធ្វើអ្វីខុសឆ្គងទេ។ តាំងពីបានចាកចេញពីតំណែង លោកបានអះអាងជាច្រើនលើកច្រើនសារ ថាមានការលួចបន្លំនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០២០ ហើយចោទថា ការស៊ើបអង្កេតលើរូបលោក ជំរុញឡើងដោយរឿងនយោបាយ។
លោក Trump បានប្រកាសថា លោកគ្មានទោសកំហុសទេ នៅក្នុងករណីឧក្រិដ្ឋកម្ម ២ផ្សេងទៀត។
លោក Trump បានរងការចោទប្រកាន់ក្នុងតុលាការសហព័ន្ធមួយទៀត ក្នុងបទចោទថាបានរក្សាទុកឯកសារសម្ងាត់ នៅក្នុងភូមិគ្រឹះរបស់លោក នៅរដ្ឋ Florida ហើយមិនព្រមធ្វើតាមការបញ្ជារបស់រដ្ឋាភិបាល ដែលថាលោកត្រូវប្រគល់ឯកសារទាំងនោះមកវិញ។
លោក Trump ថែមទាំងត្រូវបានចោទប្រកាន់ក្នុងរដ្ឋញូវយ៉ក ក្នុងបទក្លែងបន្លំឯកសារក្រុមហ៊ុន ពាក់ព័ន្ធជាមួយការបង់ប្រាក់សូកប៉ាន់តារាភាពយន្តអាសអាភាសម្នាក់ ក្នុងអំឡុងយុទ្ធនាការរកសំឡេងឆ្នោតកាលពីឆ្នាំ ២០១៦។
ព័ត៌មានមួយចំនួនសម្រាប់សេចក្តីរាយការណ៍នេះបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters