ការចោទប្រកាន់របស់រដ្ឋាភិបាលសហព័ន្ធចំនួន៤ករណី លើអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ចំពោះការព្យាយាមកែប្រែការចាញ់ឆ្នោតរបស់លោកកាលពីឆ្នាំ២០២០ បាននាំឱ្យមានប្រតិកម្មផ្សេងៗ ពីមជ្ឈដ្ឋាននយោបាយគ្រប់ជាន់ថ្នាក់ ដែលរួមមានលោកអតីតអនុប្រធានាធិបតីរបស់លោក Trump គឺលោក Mike Pence ផង ដែលបាននិយាយថា៖ «ជនណាដែលដាក់ខ្លួននៅពីលើរដ្ឋធម្មនុញ្ញ មិនត្រូវធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកទេ»។
ការចោទប្រកាន់កាលពីថ្ងៃអង្គារ រៀបរាប់អំពីព្រឹត្តិការណ៍ក្រោយការបោះឆ្នោតខែវិច្ឆិកា ដែលនៅទីបំផុតនាំឱ្យមានការវាយប្រហារលើវិមានកាពីតូលនៅថ្ងៃទី៦ ខែមករាឆ្នាំ២០២១ ដោយក្រុមអ្នកគាំទ្រលោក Trump។ ការចោទប្រកាន់និយាយថា មនុស្សជាច្រើននៅក្នុង«ហ្វូងមនុស្សយ៉ាងធំដែលមានការខឹងសម្បារនោះ» ត្រូវបានលោក Trump បញ្ឆោតឱ្យជឿថាលោកអនុប្រធានាធិបតី Mike Pence អាចផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោត។
ក្នុងចំណោមអ្នកដែលទទួលបន្ទុកក្នុងការការពារវិមានកាពីតូល នៅពេលដែលក្រុមបាតុករវាយលុកនោះ គឺមន្ត្រីប៉ូលិសវិមានកាពីតូល លោក Harry Dunn ដែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយមេធាវីរបស់លោកថា «អ្វីដែលខ្ញុំចង់បានតាំងពីពេលនោះមក គឺការទទួលខុសត្រូវ និងយុត្តិធម៌ជូនមន្ត្រីពង្រឹងច្បាប់ទាំងបុរសនិងស្ត្រីដែលបានប្រយុទ្ធយ៉ាងក្លាហាន នៅថ្ងៃទី៦ ខែមករា តែប៉ុណ្ណោះ»។
មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer និងមេដឹកនាំរដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ លោក Hakeem Jeffries បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ការចោទប្រកាន់នៅថ្ងៃអង្គារ «នឹងក្លាយជាការរំឭកយ៉ាងច្បាស់លាស់មួយ ទៅកាន់ពលរដ្ឋអាមេរិកាំងជំនាន់ក្រោយៗថា គ្មាននរណាម្នាក់ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកផង ដែលស្ថិតនៅលើច្បាប់ទេ»។
អតីតប្រធានរដ្ឋសភា លោកស្រី Nancy Pelosi ដែលការិយាល័យរបស់លោកស្រី ត្រូវក្រុមបាតុករ ថ្ងៃទី៦ ខែមករា ចូលរុះរើនោះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខណៈដែលដំណើរការផ្លូវច្បាប់បន្តទៅមុខនោះ «យុត្តិធម៌ចាំបាច់ត្រូវតែធ្វើឡើងស្របតាមការពិត និងតាមផ្លូវច្បាប់»។
ក្រុមមេដឹកនាំនៃគណបក្សសាធារណរដ្ឋ ហៅការចោទប្រកាន់នេះថាជាវិធីជ្រៀតជ្រែកផ្នែកនយោបាយមួយ នៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដែលលោកប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោក Joe Biden កំពុងស្វែងរកការបន្តតំណែងមួយអាណត្តិទៀត ហើយលោក Trump នៅតែជាបេក្ខជននាំមុខគេ សម្រាប់គណបក្សសាធារណរដ្ឋ៕
ព័ត៌មានមួយចំនួនសម្រាប់សេចក្តីរាយការណ៍នេះបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters