លោកប្រធានាធិបតី Donald Trump មិនបានចាត់ទុកការកត់សម្គាល់របស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ចំពោះការបិទបញ្ចប់កិច្ចព្រមព្រៀងទស្សនកិច្ចសិក្សាផ្នែកយោធា ដែលជាកិច្ចព្រមព្រៀងមានអាណត្តិមួយទសវត្សរ៍នោះ ថាជារឿងធំដុំទេ។ កិច្ចព្រមព្រៀងនោះ អនុញ្ញាតឲ្យកងកម្លាំងអាមេរិកាំង ធ្វើការហ្វឹកហ្វឺនដល់កងកម្លាំងនៅក្នុងប្រទេសហ្វីលីពីន។ លោក Trump បាននិយាយថា ការបិទបញ្ចប់កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យសហរដ្ឋអាមេរិកអាចសន្សំប្រាក់បានច្រើន ក៏ប៉ុន្តែ អ្នកវិភាគបាននិយាយថា ការព្យាយាមសន្សំប្រាក់តាមរយៈការបិទបញ្ចប់កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះសហរដ្ឋអាមេរិកក្នុងនាមជាប្រទេសផ្តល់ផ្នែកសន្តិសុខ ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទាហានអាមេរិកាំង និងទាហានហ្វីលីពីន បានធ្វើសមយុទ្ធជាមួយគ្នា នៅក្រោមកិច្ចព្រមព្រៀងទស្សនកិច្ចសិក្សាផ្នែកយោធាឆ្នាំ ១៩៩៩។
លោកប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិក បានធ្វើវិភាគទានក្នុងការជួយប្រទេសហ្វីលីពីនប្រយុទ្ធប្រឆាំងនឹងក្រុមភេរជនរដ្ឋឥស្លាម ក៏ប៉ុន្តែ បានច្រានចោលសេចក្តីប្រកាសរបស់ទីក្រុងម៉ានីលអំពីរឿងបិទបញ្ចប់កិច្ចព្រមព្រៀងទស្សនកិច្ចសិក្សាផ្នែកយោធា ដោយលោកបាននិយាយថា ការបិទបញ្ចប់កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យសហរដ្ឋអាមេរិកអាច «សន្សំប្រាក់បានច្រើន»។
លោកប្រធានាធិបតី Donald Trump បាននិយាយថា៖
«ដូចអ្នកទាំងអស់គ្នាបានដឹងហើយ ទំនាក់ទំនងរបស់ខ្ញុំ ជាមួយមេដឹកនាំរបស់ពួកគេ គឺជាទំនាក់ទំនងដ៏ល្អមួយ ហើយយើងនឹងរង់ចាំមើលថា តើនឹងមានអ្វីកើតឡើង។ ពួកគេ នឹងត្រូវប្រាប់ខ្ញុំអំពីរឿងនោះ»។
ការអធិប្បាយរបស់លោក Trump ផ្ទុយគ្នាពីរដ្ឋមន្រ្តីការពារប្រទេសរបស់លោក ដែលបាននិយាយថា ការបិទបញ្ចប់កិច្ចព្រមព្រៀងទស្សនកិច្ចសិក្សាផ្នែកយោធា គឺប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងដែលជំរុញឲ្យប្រទេសចិនគោរពតាមបទដ្ឋានអន្តរជាតិនៅក្នុងតំបន់។
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានធ្វើសេចក្តីប្រកាស ក្រោយពីរិះគន់សេចក្តីសម្រេចរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការលុបចោលទិដ្ឋាការរបស់អតីតមេបញ្ជាការប៉ូលិសជាតិរបស់លោក។
អតីតមេបញ្ជាការប៉ូលិសនោះបានអនុវត្តការធ្វើសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនរបស់លោក Duterte ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងត្រូវបានថ្កោលទោសដោយអង្គការសិទ្ធិមនុស្ស។
លោកប្រធានាធិបតី Rodrigo Duterte ថ្លែងថា៖
«លោក Trump និងអ្នកផ្សេងទៀត កំពុងព្យាយាមរក្សាកិច្ចព្រមព្រៀងទស្សនកិច្ចសិក្សាផ្នែកយោធា។ ខ្ញុំបាននិយាយថា ខ្ញុំមិនចង់បានកិច្ចព្រមព្រៀងនោះទេ។ (ពួក)អាមេរិកាំង ឈ្លើយណាស់»។
បើសិនជាភាគីសងខាងមិនអាចសម្រេចការព្រមព្រៀងថ្មីទេនោះ កិច្ចព្រមព្រៀងទស្សនកិច្ចសិក្សាផ្នែកយោធា នឹងត្រូវបញ្ចប់ក្នុងរយៈពេល ៦ខែ ទៀត។ គ្រាដែលមន្រ្តីជាច្រើននៅក្នុងអង្គភាពសន្តិសុខក្នុងទីក្រុងម៉ានីល និងរដ្ឋធានីវ៉ាស៊ីនតោន ចង់រក្សាកិច្ចព្រមព្រៀងនេះ ការបដិសេធពីមេដឹកនាំនៃប្រទេសទាំងពីរ ធ្វើឲ្យមានការលំបាក។ លោក Gregory Poling ជាសមាជិកនៃកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។ លោក Gregory Poling ថ្លែងថា៖
«លោក Rodrigo Duterte ស្អប់អាមេរិកាំង។ លោកចង់សម្របប្រទេសហ្វីលីពីន ទៅតាមប្រទេសចិន ហើយលោកបាននិយាយថា កិច្ចព្រមព្រៀងទស្សនកិច្ចសិក្សាផ្នែកយោធា គួរតែបញ្ចប់កាលពីរាប់សិបឆ្នាំមុន។ លោក Donald Trump បានមើលស្រាលសម្ព័ន្ធភាពជាទូទៅ ដោយគិតថា នោះគឺជាការខ្ជះខ្ជាយថវិកា ហើយគ្រាន់តែនិយាយបែបហីថា លោកមិនខ្វល់ទេ បើសម្ព័ន្ធភាពនឹងត្រូវបញ្ចប់នោះ។ កន្លងមក គឺលោកនិយាយអ៊ីចឹងជាហូរហែរមក»។
ប្រទេសហ្វីលីពីន ជាប្រទេសសម្ព័ន្ធមិត្តមានសន្ធិសញ្ញាជាមួយគ្នា ចាស់ជាងគេមួយនៅក្នុងតំបន់ប៉ាស៊ីហ្វិក គឺចាស់ជាងប្រទេសសម្ព័ន្ធមិត្តដូចជាជប៉ុន និងកូរ៉េខាងត្បូងទៅទៀត។ លោក Gregory Poling ថ្លែងបន្តថា៖
«ប្រសិនបើនៅទីបញ្ចប់ ប្រទេសហ្វីលីពីន ដើរចេញដោយសារតែពួកគេបានឃើញថា អាមេរិកាំងជាខ្លាក្រដាសនោះ នោះវាក៏នឹងបង្កឲ្យមានការចោទសួរអំពីកេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់នោះផងដែរ។ ទីពីរប្រហែលជាផលប៉ះពាល់ភ្លាមៗជាងនេះគឺថា វាពិតជាអាចផ្តល់អំណាចដល់ចិនឲ្យធ្វើអ្វី ដែលខ្លួនចង់បាននៅសមុទ្រចិនខាងត្បូង។ ពីព្រោះបើគ្មានមធ្យោបាយចូលទៅប្រទេសហ្វីលីពីនទេ កម្លាំងយោធាមូលដ្ឋាននៅជិតបំផុតរបស់អាមេរិក គឺស្ថិតនៅចម្ងាយប្រមាណជា ២.៤០៧ គីឡូម៉ែត្រ ដែលស្ថិតនៅលើកោះអូគីណាវ៉ា។ អាមេរិក មិនអាចទប់ទល់ជាមួយចិន ដោយប្រសិទ្ធភាពទេ»។
អ្នកវិភាគថ្លែងថា ការគ្មានកងទ័ពអាមេរិកាំងនៅក្នុងប្រទេសហ្វីលីពីន អាចបន្តុចបង្អាក់ដល់ការប្រមូលផ្តុំការស៊ើបការណ៍សម្ងាត់ និងកិច្ចប្រត្តិកាណ៍ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ហើយវាក៏អាចធ្វើឲ្យការឆ្លើយតបរបស់សហរដ្ឋអាមេរិកក្នុងការជួយតំបន់នោះ ដោះស្រាយគ្រោះធម្មជាតិ មានភាពយឺតយ៉ាវជាងមុនដែរ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់