ប្រធានាធិបតីចិនលោក Xi Jinping បានហៅដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសហ្វីលីពីននៅថ្ងៃអង្គារនេះថាជា «ព្រឹត្តិការណ៍ដ៏សំខាន់» មួយ ស្របពេលដែលលោកមានបំណងបង្កើនទំនាក់ទំនងរវាងចិននិងហ្វីលីពីនជាមួយនឹងការសន្យានូវគម្រោងវិនិយោគក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។
លោក Xi Jinping បានធ្វើដំណើរដល់ទីក្រុងម៉ានីល សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់ប្រធានាធិបតីចិនទៅកាន់ប្រទេសហ្វីលីពីននៅក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយនេះ។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានទទួលស្វាគមន៍លោក Xi Jinping នៅវិមានប្រធានាធិបតីដោយនិយាយថា៖ «សម្រាប់ប្រទេសហ្វីលីពីន ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ គឺវាលើសពីដំណើរទស្សនកិច្ចទៅវិញទៅមកទៅទៀត»។
លោក Xi Jinping បានថ្លែងស្រដៀងគ្នានេះដែរ ដោយលោកនិយាយថា៖ «ដំណើរទស្សនកិច្ចរបស់ខ្ញុំនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ»។
ប្រទេសចិនបានសន្យាផ្ដល់ថវិកាវិនិយោគ និងកម្ចីចំនួន ២៤ ពាន់លានដុល្លារដល់ប្រទេសហ្វីលីពីន ដើម្បីប្រជែងជាមួយនឹងភាពនាំមុខរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតំបន់ប៉ាស៊ីហ្វិក។
ប៉ុន្តែ មុនពេលដំណើរទស្សនកិច្ចរបស់លោក Xi Jinping អ្នកតវ៉ារាប់រយនាក់បានតវ៉ានៅឯស្ថានទូតចិន ដើម្បីប្រឆាំងនឹងទំនាក់ទំនងជិតស្និទ្ធរបស់រដ្ឋាភិបាលហ្វីលីពីនជាមួយនឹងរដ្ឋាភិបាលចិន។
ក្រុមអ្នកតវ៉ាបានស្រែកបន្ទរថា៖ «ប្រទេសហ្វីលីពីនមិនមែនជាប្រទេសសម្រាប់លក់នោះទេ»។ អ្នកខ្លះទៀតស្រែកបន្ទរថា៖ «ចិនចេញពីដែនទឹករបស់ហ្វីលីពីនទៅ» ដែលនេះចង់សំដៅដល់ជម្លោះនៅសមុទ្រចិនខាងត្បូង៕