ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ត្រាំ​ឈ្លោះ​ប្រកែក​ជាមួយ​នាយក​ស៊ើបការណ៍​សម្ងាត់​ស្តី​ពី​ពួក​អ្នក​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ


លោក Dan Coats នាយក​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​អាមេរិក ចាកចេញ​ពី​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ស្តី​ពី​ការ​ស៊ើបអង្កេត​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី២០១៦ នៅ​សេតវិមាន កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។
លោក Dan Coats នាយក​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​អាមេរិក ចាកចេញ​ពី​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ស្តី​ពី​ការ​ស៊ើបអង្កេត​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី២០១៦ នៅ​សេតវិមាន កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ​និយាយ​កាល​ពី​ថ្ងៃពុធ​ថា លោក​មិនជឿ​ថា ​រុស្ស៊ី​កំពុង​បន្តវាយ​ប្រហារ​សហរដ្ឋ​អាមេរិក​ដោយ​លប​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ​ដែល​ជាការ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការ​វាយ​តម្លៃ​កាល​ពី​សប្តាហ៍​មុន​ដោយ​លោក Dan Coats នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​លោក។

លោកត្រាំ​ដែល​បាន​ជួប​ជាមួយ​គណៈរដ្ឋ​មន្ត្រី​របស់​លោក​នៅ​សេតវិមាន ​បាន​គ្រវី​ក្បាល​ហើយ​បាន​និយាយថា «ទេ»​ នៅពេល​ដែល​សួរ​ថាតើ​រុស្ស៊ី​នៅ​តែ​ប៉ុនប៉ង​ជ្រៀត​ជ្រែក​ក្នុងការ​បោះ​ឆ្នោត​សហរដ្ឋ​អាមេរិក​នោះ។

លោក Coats នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​អង្គការ​ស្រាវ​ជ្រាវ​មួយ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា «ហេដ្ឋា​រចនា​សម្ព័ន្ធ​ខាង Digital ដែល​បម្រើ​ប្រទេស​នេះ តាម​ការ​ពិត​ទៅ​កំពុង​ទទួល​រងការវាយ​ប្រហារ​ហើយ ហើយ​បាន​ចុច​ប្រទេស​រុស្ស៊ី​ថា​ជា​តួឯក​បរទេស​ដ៏​គគ្លើន​បំផុត ​មិន​មានចម្ងល់​អំពី​បញ្ហា​នេះ​ឡើយ»។

លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ ​បាន​លើ​ក​ឡើង​ភ្លាមៗ​រវាង​គម្លាត​យ៉ាង​ខ្លាំង​រវាង​ទស្សនៈ​របស់​ប្រធានាធិបតី​ត្រាំ​និង​លោក Coats ​អំពី​ប្រទេស​រុស្ស៊ី​ដោយ​និយាយ​ថា «មាន​ភាព​មិនស្រប​គ្នា​អន្លើៗ​យ៉ាង​ខ្លាំង​រវាង​សេចក្តី​ថ្លែងការណ៍​របស់​ប្រធានា​ធិបតី​ត្រាំ​និង​ការ​ព្រមាន​របស់​លោក​ Coats នាយក​ភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ។ មាន​ភាព​ចាំ​បាច់​ជា​បន្ទាន់​ដែល​យើង​ចាំបាច់​ធ្វើការ​កំណត់​ពី​មូលហេតុអ្វី​ដែល​កំពុង​បន្ត​កើត​មាន​ឡើងដែល​យើង​អាច​ធ្វើ​ការ​ប្រៀប​ធៀប​ដើម្បី​ការ​ពារ​ខ្លួន​របស់​យើង​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។​ ទស្សនៈ​របស់​ខ្ញុំ​ផ្ទាល់គឺថា ​រុស្ស៊ី​នឹង​ជ្រៀត​ជ្រែកការ​បោះ​ឆ្នោត​នេះ​ម្តង​ទៀត។

​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា «យើង​កំពុង​ធ្វើ​កិច្ចការ​បាន​យ៉ាង​ល្អ ​ប្រហែល​គ្មាន​ប្រធានា​ធិបតី​ណា​បាន​ធ្វើ​កាល​ពី​ពេល​មុន​ជាមួយ​រុស្ស៊ី​ទេ។ ហើយ​មិន​មាន​ប្រធានាធិបតី​ណា​ស្វិតស្វាញ​ដូច​ដែល​ខ្ញុំបាន​ធ្វើ​លើ​ប្រទេស​រុស្ស៊ី​នោះ​ទេ»៕

XS
SM
MD
LG