កាលពីថ្ងៃសៅរ៍ ស.រ.អា.និងពួកតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយគួរកត់សម្គាល់ជាប្រវត្តិសាស្ត្រនៅក្នុងក្រុងដូហា នៃប្រទេសកាតា ដោយរៀបចំសម្រាប់ការបញ្ចប់សង្គ្រាមជិត១៩ឆ្នាំមកហើយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងនាំមកផ្ទះវិញនូវក្រុមទាហានអាមេរិកាំងរាប់ពាន់នាក់ដែលបានត្រូវបញ្ជូនទៅកាន់ទីនោះ។
លោក Zalmay Khalizad ប្រធានពួកអ្នកធ្វើការចរចាស.រ.អា.និងលោក Mullah Abdul Ghani Baradar អនុប្រធានខាងកិច្ចការនយោបាយរបស់ពួកតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងពិធីមួយនៅឯសណ្ឋាគារមួយកន្លែងក្នុងរដ្ឋធានីនៃប្រទេសកាតា ដែលនៅទីនោះលោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo និងពួករដ្ឋមន្ត្រីការបរទេសនៃប្រទេសមួយចំនួនបានចូលរួមដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយត្រូវចេញផ្សាយនៅក្រោយកិច្ចព្រមព្រៀងជាមួយពួកតាលីបង់បានត្រូវចុះហត្ថលេខា សេតវិមានបានកត់សម្គាល់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើតាមការសន្យារបស់លោកថានឹងយកពួកទាហានស.រ.អា.មកផ្ទះវិញពីសង្គ្រាមនៅឯក្រៅប្រទេសដោយធ្វើការឆ្ពោះទៅកាន់សន្តិភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍នេះចែងថា «កិច្ចព្រមព្រៀងមួយបានត្រូវសម្រេចជាមួយពួកតាលីបង់ដែលធានារ៉ាប់រងការប្តេជ្ញាសំខាន់ៗជាចាំបាច់ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នៅពេលមានកិច្ចការឯទៀតៗត្រូវធ្វើការជឿនលឿននេះផ្តល់ឱកាសជាប្រវត្តិសាស្ត្រមួយសម្រាប់ឱ្យមានសន្តិភាព»។
តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងពួកសម្ព័ន្ធមិត្តរបស់ស.រ.អា.សន្យាថានឹងចាប់ផ្តើមដកជាបន្ទាន់នូវកងកម្លាំងយោធាទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល១៤ខែពីមូលដ្ឋានប្រាំនៅក្នុងប្រទេសនោះជាថ្នូរនឹងការធានារ៉ាប់រងថាដែនដីអាហ្វហ្គានីស្ថាន នឹងមិនទទួលពួកភេរវជនជាតិសាសន៍ផ្សេងៗឱ្យស្នាក់អាស្រ័យនៅទីនោះឡើយ។
នៅក្នុងរយៈពេល១៣៥ថ្ងៃដំបូង ចំនួននៃក្រុមទាហានអាមេរិកាំងនឹងត្រូវកាត់បន្ថយឱ្យមកនៅត្រឹម៨,៦០០នាក់ពីចំនួនបច្ចុប្បន្ន១៣,០០០នាក់ដែលកំពុងតាំងទីនៅក្នុងប្រទេសនេះ។
ពួកតាលីបង់ក៏បានសន្យាដែរថានឹងធ្វើការចរចាសន្តិភាពជាមួយភាគីទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អំពីកិច្ចឈប់បាញ់គ្នាជាអចិន្ត្រៃយ៍និងការបែងចែកអំណាចនៅពេលក្រោយសង្គ្រាមក្នុងប្រទេសនេះ។ កិច្ចចរចាគ្នារវាងភាគីអាហ្វហ្គានីស្ថានទាំងអស់មានកំណត់នឹងចាប់ផ្តើមធ្វើក្នុងពេល១០ថ្ងៃទៀត។ នៅក្នុងពេលប៉ុន្មានថ្ងៃមុនមានកិច្ចចរចាទាំងនេះ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ត្រូវដោះលែងអ្នកទោសតាលីបង់៥ពាន់នាក់ ចំណែកឯពួកបះបោរនេះត្រូវដោះលែងអ្នកចាប់ឃុំឃាំង១ពាន់នាក់ដែរ។
លោក Pompeo បាននិយាយប្រាប់ពួកអ្នកចូលរួមក្នុងពីធីចុះហត្ថលេខានេះនៅក្រុងដូហា ថា «កិច្ចព្រមព្រៀងនេះនឹងគ្មានន័យទេហើយអារម្មណ៍ល្អនៅថ្ងៃនេះក៏នឹងមិនមានទៀតដែរប្រសិនបើយើងមិនធ្វើសកម្មភាពជាក់ច្បាស់អំពីការប្តេជ្ញានិងការសន្យាដែលយើងបានធ្វើ»៕