លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានស្នើឲ្យបញ្ជូនខ្លួនត្រឡប់ទៅវិញជាបន្ទាន់នូវជនអន្តោប្រវេសន៍ខុសច្បាប់ដែលចូលមកក្នុងសហរដ្ឋអាមេរិកដោយគ្មានពាក្យបណ្តឹងតុលាការ។
នៅក្នុងអត្ថាធិប្បាយជាច្រើនបន្តបន្ទាប់លើបណ្តាញសង្គម Twitter លោក ត្រាំ បានប្រកាសថា «យើងមិនអាចអនុញ្ញាតឲ្យអ្នកទាំងនេះឈ្លានពានប្រទេសយើងនោះទេ» ហើយលោកក៏អះអាងថា «ប្រព័ន្ធរបស់យើងគឺជាការចំអកដល់គោលនយោបាយអន្តោប្រវេសន៍ដ៏ល្អ ច្បាប់ និងសណ្តាប់ធ្នាប់សង្គម»។
មេដឹកនាំអាមេរិករូបនេះបានអះអាងថា ច្បាប់អន្តោប្រវេសន៍អាមេរិក «ត្រូវបានគេសើចចំអកពេញទូទាំងពិភពលោក ហើយវាមិនយុត្តិធម៌ដល់អ្នកដែលឆ្លងកាត់ប្រព័ន្ធច្បាប់និងរង់ចាំតាមនីតិវិធីច្បាប់អស់រយៈពេលរាប់ឆ្នាំនោះទេ»។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ សហរដ្ឋអាមេរិកបានបើកសវនាការករណីជនអន្តោប្រវេសន៍ដែលរត់ភៀសខ្លួនពីប្រទេសម៉ិកស៊ិកនិងបណ្តាប្រទេសនៅអាមេរិកកណ្តាល និងកន្លែងផ្សេងទៀត ដែលចង់មករស់នៅក្នុងសហរដ្ឋអាមេរិកដើម្បីទទួលបានអត្ថប្រយោជន៍ប្រសើរជាងមុនខាងសេដ្ឋកិច្ច។
ការទាមទារដ៏ខ្លាំងក្លារបស់លោក ត្រាំ ដើម្បីបញ្ចប់ដំណើរការផ្លូវច្បាប់នឹងត្រូវប្រឈមនឹងការប្រឆាំងនៅក្នុងសភា ដែលជាប់គាំងទៅលើការផ្លាស់ប្ដូរគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិកនិងមិនអាចចេញច្បាប់អន្តោប្រវេសន៍ថ្មីបាន៕