ប្រធានាធិបតីស.រ.អា. លោក Donald Trump បានបរិហាររិះគន់ពួកជនស្បែកសដែលគិតថាខ្លួនឯងអស្ចារ្យជាងគេដែលនៅពីក្រោយការប្រមូលផ្តុំដ៏ប្រល័យកាលពីថ្ងៃសៅរ៍ក្នុងក្រុង Charlottesville រដ្ឋ Virginia ដោយនិយាយថា «ការរើសអើងពូជសាសន៍របស់ពួកគេជាអំពើអាក្រក់គ្មានសីលធម៌»។
ជាលើកដំបូងហើយចាប់តាំងពីមានអំពើហិង្សានេះមកដែលប្រធានាធិបតី Trump បាននិយាយយោងដល់ឈ្មោះពួក Nazis បែបថ្មី ពួក Ku Klux Klan និងពួកជនស្បែកសដែលគិតថាខ្លួនឯងអស្ចារ្យជាងគេថាជា «ពួកឧក្រិដ្ឋជន និងពួកជនប្រព្រឹត្តអំពើឧក្រិដ្ឋជាមុខរបរដែលស្អប់ខ្ពើមអ្វីៗទាំងអស់ដែលប្រជារាស្ត្រអាមេរិកាំងយល់ថាមានសារៈសំខាន់»។
ប្រធានាធិបតីអាមេរិកាំងរូបនេះប្តេជ្ញាថាជនទាំងឡាយណាដែលបានប្រព្រឹត្ត «អំពើហិង្សារើសអើងពូជសាសន៍» នៅក្នុងក្រុង Charlottesville នឹងត្រូវទទួលខុសត្រូវហើយគាត់បាននិយាយថាអ្វីដែលបានកើតឡើងនៅក្នុងក្រុងនេះជា «ការបង្ហាញជាក់ស្តែងនូវភាពស្អប់ខ្ពើម ការប្រកាន់ថាខ្លួនត្រូវនិងគ្រាន់បើជាងគេ និងអំពើហិង្សា»។
អត្ថាធិប្បាយរបស់ប្រធានាធិបតី Trump ធ្វើឡើងក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋាននយោបាយជាច្រើនថាក្នុងពេលពីរថ្ងៃគាត់មិនបានប្រើពាក្យពួកជនស្បែកសដែលគិតថាខ្លួនឯងអស្ចារ្យជាងគេនិងពួក Nazis ថ្មីក្នុងការថ្កោលទោសអំពើហិង្សានោះទេ។
លោក Kristen Clarke ធ្វើការជាមួយគណៈកម្មាធិការមេធាវីសម្រាប់សិទ្ធិមនុស្សនៅក្រោមច្បាប់ដែលជាអង្គការរកកម្រៃ។ លោកបានមានប្រសាសន៍ថា «វាមិនគួរអស់ពេលពីរថ្ងៃ និងសោកនាដកម្មជាតិមួយសម្រាប់ឱ្យប្រធានាធិបតីចាត់វិធានការ និងមិនទទួលស្គាល់ពួកជនស្បែកសដែលគិតថាខ្លួនឯងអស្ចារ្យជាងគេ។ នៅពេលដែលមានការទាក់ទិនជាមួយសុវត្ថិភាព និងសន្តិសុខនៃសហគមន៍របស់យើង ដែលនៅពេលនេះសហគមន៍ជាច្រើនមានអារម្មណ៍ថាពួកគេជាទីដៅនៃពួកបាតុករត្រូវជំរុញចិត្តដោយភាពស្អប់ខ្ពើម រយៈពេលពីរថ្ងៃជាការយឺតយូរណាស់»៕