លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបដិសេធកាលពីថ្ងៃសុក្រថា លោកមិនបានផ្លាស់ប្តូរគំនិតរបស់លោក អំពីការបិទព្រំដែនរវាងសហរដ្ឋអាមេរិកនិងម៉ិចស៊ិកទេ។
ការបដិសេធនេះមានឡើងមួយថ្ងៃ ក្រោយពីមានការដកថយមួយជំហានអំពីការបញ្ឈប់ការគំរាមបិទព្រំដែន ប្រសិនបើម៉ិចស៊ិកមិនបញ្ឈប់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ និងថ្នាំញៀន កុំឲ្យចូលក្នុងសហរដ្ឋអាមេរិកទេនោះ។
លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មាន មុនពេលចាកចេញពីសេតវិមាន ដើម្បីធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក និងម៉ិចស៊ិកថា៖ «ខ្ញុំមិនដែលផ្លាស់ប្តូរគំនិតរបស់ខ្ញុំទាល់តែសោះ។ ខ្ញុំអាចបិទព្រំដែននៅពេលណាមួយ»។
បន្ទាប់ពីការគំរាមកំហែងអស់រយៈពេលប៉ុន្មានថ្ងៃមក លោក ត្រាំ នឹងទៅបំពេញទស្សនកិច្ចនៅស្ថានីយ៍យាមល្បាតព្រំដែនសហរដ្ឋអាមេរិកនៅក្រុង Calexico ដែលជាចំណុចឆ្លងកាត់រវាងសហរដ្ឋអាមេរិកនិងម៉ិចស៊ិក។
លោកនឹងចូលរួមការពិភាក្សាតុមូលស្តីពីជនអន្តោប្រវេសន៍ និងសន្តិសុខព្រំដែន មុនពេលធ្វើដំណើរទៅកាន់ផ្នែកមួយដែលទើបសាងសង់របង ដែលរដ្ឋបាលរបស់លោកបានសរសើរថា ជាផ្នែកនៃរបងព្រំដែនដែលទើបបានសាងសង់បញ្ចប់។
រដ្ឋបាលលោក ត្រាំ មិនបានបញ្ចប់ផ្នែកថ្មីណាមួយនៃរបងព្រំដែនទេ។ របងនៅក្រុងCalexico ដែលត្រូវបានគ្រោងធ្វើឡើងចាប់តាំងពីឆ្នាំ ២០០៩ ហើយបានបញ្ចប់កាលពីឆ្នាំទៅ ដើម្បីជំនួសរបងទ្រុតទ្រោមដែលបានស្ថាបនា កាលពីប៉ុន្មានទសវត្សរ៍មុន៕