បេក្ខជនប្រធានាធិបតីស.រ.អ. គណបក្សសាធារណរដ្ឋកំពុងធ្វើការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Nevada ដោយលោក Donald Trump មហាសេដ្ឋីអចលនទ្រព្យមានប្រាក់រាប់ពាន់លានដុល្លារនឹងឈ្នះក្នុងការប្រកួតប្រជែងលើកទីបីដើម្បីទទួលការតែងតាំងនៅក្នុងការបោះឆ្នោត របស់គណបក្សនៅថ្ងៃអង្គារលើគូប្រជែងធំៗរបស់លោកគឺលោក Marco Rubio សមាជិកព្រឹទ្ធសភាស.រ.អ.ប្រចាំរដ្ឋ Florida និងលោក Ted Cruz សមាជិកព្រឹទ្ធសភាស.រ.អ.ប្រចាំរដ្ឋតិចសាស់។
ការស្ទង់មតិនយោបាយកាលពីពេលថ្មីនេះបង្ហាញថាលោក Trump ដែលជាអ្នកអភិវឌ្ឍក្នុងបូរី ញូវយ៉កនិងធ្លាប់ជាម្ចាស់កន្លែងលេងល្បែងស៊ីសងមានការគាំទ្រច្រើននាំមុខគេនៅក្នុងរដ្ឋ Nevada រដ្ឋភាគខាងលិច ដែលជាមជ្ឈមណ្ឌលល្បែងស៊ីសងធំជាងគេក្នុងស.រ.អ.។
ការស្ទង់មតិរួមគ្នារវាង CNN និង ORC ដែលបានត្រូវធ្វើកាលពីដើមខែនេះបង្ហាញថាលោក Trump ឈ្នះដោយមានការគាំទ្រ ៤៥ភាគរយពីក្រុមអ្នកបោះឆ្នោតគណបក្សសាធារណរដ្ឋ ហើយលោក Rubio មានការគាំទ្រ ១៩ភាគរយ និងលោក Cruz ១៧ភាគរយ។
កាលពីសប្តាហ៍មុន លោកTrump បានឈ្នះនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សនៅក្នុងរដ្ឋ Carolina ខាងត្បូង ឯលោក Rubio មានការគាំទ្រលំដាប់ទីពីរ ហើយលោក Cruz មានការទ្រទ្រង់លំដាប់ទីបីនៅក្នុងរដ្ឋនេះដែលនៅជាប់ឆ្នេរមហាសមុទ្រអាត្លង់ទិក។
អ្នកវិភាគនយោបាយស.រ.អ.បានហៅលោក Trump ថាជាមេដឹកនាំដែលនឹងទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អ.ខាងគណបក្សសាធារណរដ្ឋ ទោះជាលោកមិនដែលជាប់ឆ្នោតដើម្បីកាន់តំណែងសាធារណៈក៏ដោយ៕