នាវាទេសចរណ៍មួយគ្រឿងរបស់ក្រុមហ៊ុន Norwegian បានផ្អាកដំណើរទេសចរណ៍របស់ខ្លួន និងបានធ្វើការសូមអភ័យទោសកាលពីថ្ងៃចន្ទ ចំពោះកំហុសឆ្គង បន្ទាប់ពីមានការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ នៅលើនាវាមួយគ្រឿង ដែលមានអ្នកដំណើរយ៉ាងហោចណាស់ចំនួន ៤ នាក់ និងក្រុមការងារនៅលើនោះចំនួន ៣៦ នាក់បានឆ្លងជំងឺកូវីដ១៩។
អ្នកទាំង ៤០ នាក់នៅលើនាវាឈ្មោះ MS Roald Amundsenដែលបានធ្វើតេស្តរកឃើញថាមានវីរុសកូរ៉ូណា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ North Norway នៅក្នុងក្រុង Tromsoe ទីដែលនាវានោះកំពុងចត។ ក្រុមហ៊ុន Hurtigruten ដែលប្រតិបត្តិការនាវានោះ បានឱ្យដឹងថា ខ្លួនកំពុងផ្អាកដំណើរការនាវារបស់ខ្លួនទាំងបីគ្រឿង។
អាជ្ញាធរព្រួយបារម្ភថា វីរុសនេះប្រហែលជាឆ្លងរាតត្បាតកាន់តែខ្លាំងជាងនេះ ដោយសារតែនាវានេះមានតួនាទីដូចជាសាឡាងដូច្នេះដែរ ដោយដឹកជញ្ជូនមនុស្សនិងយានយន្ដពីកំពង់ផែមួយទៅកំពង់ផែមួយនៅតាមបណ្ដោយឆ្នេរសមុទ្រប្រទេសន័រវែស។
ក្រុមការងារទាំង ១៥៨ នាក់នៅលើនាវា MS Roald Amundsen នេះបានធ្វើតេស្តរកជំងឺកូវីដ១៩ ហើយក្នុងនោះ ១២២ នាក់រកឃើញអវិជ្ជមាន។ មានអ្នកដំណើរចំនួន ២០៩ នាក់នៅក្នុងដំណើរទីមួយ និងមានអ្នកដំណើរចំនួន ១៧៨ នាក់នៅក្នុងដំណើរទីពីរ។
ប៉ុន្តែចាប់តាំងពីនាវាទេសចរណ៍ទាំងនេះដើរតួនាទីដូចជាសាឡាងមក ដែលធ្វើដំណើរពីកំពង់ផែមួយទៅកំពង់ផែនៅតាមបណ្ដោយឆ្នេរប៉ែកខាងលិចប្រទេសន័រវែស វីរុសកូរ៉ូណាថ្មីនេះប្រហែលជាមិនជាប់នៅលើនាវានោះទេ។ អ្នកដំណើរខ្លះបានចាកចេញពីនាវានៅតាមផ្លូវ ហើយប្រហែលជាបានចម្លងវីរុសនេះទៅដល់សហគមន៍ក្នុងមូលដ្ឋានរបស់ពួកគេ៕