បេក្ខជនប្រធានាធិបតីអាមេរិកនាំមុខគឺលោក Donald Trump នៃគណបក្សសាធារណរដ្ឋ និងលោកស្រី Hillary Clinton នៃគណបក្សប្រជាធិបតេយ្យ កំពុងប្រើពាក្យបន្ទោសដាក់គ្នាជុំវិញបញ្ហាសន្តិសុខជាតិ ហើយនិងដើម្បីក្លាយខ្លួនជាអ្នកដឹកនាំប្រទេសបន្ទាប់។
លោក Trump បានប្រកាសនៅលើគេហទំព័រយុទ្ធនាការរបស់លោកកាលពីថ្ងៃពុធកន្លងទៅនេះ មុននឹងលោកថ្លែងសុន្ទរកថាដើម្បីលើកឡើងពីគម្រោងរបស់លោកក្នុងការបន្ថែមឃ្លាំងអាវុធសម្រាប់កងទ័ពជើងទឹក កងនាវា និងកងពលសម្រាប់ប្រយុទ្ធរបស់អាមេរិកនោះថា៖ «ខ្ញុំនឹងធ្វើឲ្យយោធារបស់យើងមានទំហំធំខ្លាំង មានអំណាចខ្លាំង រឹងមាំខ្លាំង ដែលគ្មាននរណាម្នាក់អាចប្រឆាំងនឹងយើងបាន»។
នៅក្នុងសុន្ទរកថានោះ លោក Trump បាននិយាយបន្តុះបង្អាប់លោកស្រី Clinton ដោយថ្លែងថា សកម្មភាពរបស់លោកស្រីធ្វើជារដ្ឋមន្ត្រីក្រសួងកាបរទេសអាមេរិកពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ បានបង្កឲ្យតំបន់មជ្ឈឹមបូព៌ាមានភាពច្របូកច្របល់ជាងពេលណាៗទាំងអស់»។ លោកថ្លែងថា ប្រសិនបើលោកក្លាយជាប្រធានាធិបតី លោកនឹងឲ្យមេបញ្ជាការយោធាអាមេរិករយៈពេល៣០ថ្ងៃ ដើម្បីរៀបចំគម្រោងដើម្បីប្រឆាំងនឹងក្រុមភេរកររដ្ឋឥស្លាមនៅក្នុងមជ្ឈឹមបូព៌ា។
លោក Trump បានបន្ថែមថា៖ «លោកស្រី Clinton ជាមនុស្សមិនប្រយ័ត្នប្រយែង» ហើយលោកបានថ្កោលទោសលោកស្រីដែលបានប្រើប្រាស់បណ្តាញអ៊ីម៉ែលឯកជន ក្នុងខណៈពេលដែលលោកស្រីធ្វើជាមន្ត្រីការទូតកំពូលរបស់ប្រទេស ជាជាងការប្រើប្រាស់ប្រព័ន្ធអ៊ីម៉ែលដែលមានសុវត្ថិភាពរបស់រដ្ឋាភិបាល។ ហើយលោកបានថ្លែងក្នុងសម្តីដើមថា៖ «លោកស្រី Clinton មិនសាកសមធ្វើជាមេដឹកនាំប្រទេសទាល់តែសោះ»។
ក្រុមស៊ើបអង្កេតរបស់អាមេរិកបានថ្លែងថា លោកស្រី Clinton មិនមានការប្រុងប្រយ័ត្នទាល់តែសោះ ក្នុងការការពារសន្តិសុខជាតិ។ លោកស្រីជាញឹកញាប់បានថ្លែងថា ការប្រើប្រាស់ប្រព័ន្ធអ៊ីម៉ែលឯកជនរបស់លោកស្រីគឺជាកំហុសមួយ ប៉ុន្តែតាមការស្ទង់មតិនយោបាយបានបង្ហាញថា ក្រុមអ្នកបោះឆ្នោតជាច្រើនមានមន្ទិលសង្ស័យជុំវិញការពន្យល់របស់លោកស្រីទៅលើរឿងនេះ ដោយពួកគេមានចម្ងល់ជុំវិញភាពស្មោះត្រង់របស់លោកស្រី៕