ក្រុមមន្ត្រីពីគណបក្សសាធារណរដ្ឋដែលជាក្រុមភាគច្រើននៅក្នុងគណៈកម្មាធិការស៊ើបអង្កេតមួយរបស់សភាស.រ.អា.បានបន្ទោសពួកយោធាអាមេរិកាំងថា គ្មានជោគជ័យក្នុងការការពារការិយាល័យការទូតមួយនៅក្នុងក្រុង Benghazi ក្នុងប្រទេសលីប៊ីដើម្បីបញ្ចៀសការវាយប្រហារភេរវកម្មមួយកាលពីឆ្នាំ២០១២ ដែលបានបណ្តាលឱ្យជនជាតិអាមេរិកាំងបួននាក់ស្លាប់។
ប្រធានគណៈកម្មាធិការនេះគឺលោក Trey Gowdy សមាជិកសភាតំណាងរាស្ត្រអាមេរិកាំងបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា៖ «គ្មានការបញ្ជូនគ្រឿងឧបករណ៍យោធាស.រ.អា.ទៅកាន់ក្រុង Benghazi ទេ» ទោះណាជាមានបញ្ជាពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងលោក Leon Panetta ដែលកាលនោះបានកាន់តំណែងជារដ្ឋមន្ត្រីការពារប្រទេសរបស់ស.រ.អា.ក៏ដោយ។
លោក Gowdy បាននិយាយនៅពេលចេញផ្សាយសេចក្តីរាយការណ៍នេះដែលមាន៨០០ទំព័រអំពីការវាយប្រហារនេះនៅក្រោយការស៊ើបអង្កេតពីរឆ្នាំអស់ប្រាក់៧លានដុលា្លរ។ លោកថ្លែងថា៖ «គ្មានការបញ្ជូនអ្វីទៅកាន់ប្រទេសលីប៊ីទេនៅពេលដែលជនជាតិអាមេរិកាំងពីរនាក់ចុងក្រោយបានត្រូវសម្លាប់ក្នុងរយៈពេលជិត៨ម៉ោងក្រោយការវាយប្រហារនោះបានចាប់ផ្តើម»។
ពួកមេដឹកនាំយោធាបាននិយាយច្រើនដងថា ពួកគេគ្មានព័ត៌មានពីការស៊ើបការណរ៍សម្ងាត់អំពីអ្វីដែលបានកើតមានឡើងនៅក្នុងប្រទេសលីប៊ីទេ ហើយក៏គ្មានមធ្យោបាយដើម្បីឆ្លើយតបឡើយ។
របាយការណ៍នេះមិនបានបង្ហាញការចោទប្រកាន់ថ្មីៗអំពីសកម្មភាពលោកស្រី Hillary Clinton ដែលកាលពេលនោះលោកស្រីបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស.រ.អា. នៅពេលមានឧប្បត្តិហេតុនោះទេ។ ក៏ប៉ុន្តែសមាជិកពីររូបនៃគណៈកម្មាធិការនេះដែលជាពួកសាធារណរដ្ឋបាននិយាយហួសពីការសន្មតសរុបរបស់គណៈកម្មាធិការនេះអំពីការវាយប្រហារកាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១២ ដោយលោកទាំងពីរបានបន្ទោសលោកស្រីបានថាធ្វើឱ្យសាធារណជនអាមេរិកាំងយល់ខុសអំពីការវាយប្រហារនោះនៅពេលវាកំពុងកើតមានឡើង៕