ភ្នំពេញ — ក្នុងរយៈពេល១០ថ្ងៃនៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបង លោក អែល ម៉ាត់លី មិនមានសេរីភាពដើរហើរនោះទេ។ លោកត្រូវបានដាក់ក្នុងបន្ទប់កញ្ចក់ដែលអាចមើលឃើញពីខាងក្រៅ ដើម្បីសម្រាកព្យាបាលជំងឺកូវីដ១៩។
ជារៀងរាល់ថ្ងៃ លោកទាក់ទងជាមួយគ្រូពេទ្យតាមទូរស័ព្ទ ដែលប្រាប់ឲ្យលោកវាស់កម្តៅ វាស់ចង្វាក់បេះដូង និងវាស់កម្រិតឈាមជាដើម។
លោក ម៉ាត់លី អាយុ៤១ឆ្នាំ ត្រូវបានគ្រូពេទ្យបញ្ជាក់ថា លោកបានជាសះស្បើយ លែងមានវីរុសកូរ៉ូណាតទៅទៀតហើយ។ លោកត្រូវបានអនុញ្ញាតឲ្យទៅផ្ទះវិញក្នុងភូមិសំភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីថ្ងៃទី២៤ ខែមីនា ប៉ុន្តែលោកត្រូវធ្វើតេស្តម្តងទៀតនៅខែក្រោយនេះ។
លោក ម៉ាត់លី ជាមនុស្សម្នាក់ក្នុងចំណោមពលរដ្ឋកម្ពុជា៧៩នាក់ ដែលបានទៅចូលរួមពិធីសាសនាមួយនៅប្រទេសម៉ាឡេស៊ី កាលពីចុងខែកុម្ភៈ។ លោកបានឆ្លងវីរុសកូរ៉ូណានេះ។
លោកបានត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ កាលពីថ្ងៃទី៣ ខែមីនា ហើយជាងមួយសប្តាហ៍ក្រោយមក លោកត្រូវបានស្វែងរកដោយអាជ្ញាធរ និងត្រូវបានធ្វើតេស្ត ហើយក៏រកឃើញថា មានផ្ទុកវីរុសនោះ កាលពីថ្ងៃទី១៤ ខែមីនា។
អស់រយៈពេល១០ថ្ងៃ លោកបានសម្រាកនៅមន្ទីរពេទ្យ ហើយភរិយានិងកូនរបស់លោកពីរនាក់ ដែលមិនឆ្លងវីរុសនេះ សម្រាកនៅផ្ទះ។ លោកមានប្រសាសន៍ថា លោកបច្ចុប្បន្ននេះកំពុងស្នាក់នៅផ្ទះរបស់លោក ក្រោយលោកត្រូវបានបញ្ជាក់ពីគ្រូពេទ្យថា លែងមានវីរុសកូរ៉ូណាតទៅទៀត។
លោកបានថ្លែងប្រាប់ VOA តាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ការពិនិត្យហ្នឹងគឺឃើញអវិជ្ជមានពីរដង។ គេតេស្តកំហាករបស់យើង។ ហើយក្នុងរយៈពេលពីរបីថ្ងៃ គេចេញលទ្ធផលអវិជ្ជមាន។ ហើយក្រោយមកគេពិនិត្យម្តងទៀត ក្នុងរយៈពេលពីរបីថ្ងៃ គេពិនិត្យឃើញអវិជ្ជមានទៀត»។
បើតាមលោក ម៉ាត់លី ដែលជាអ្នករកស៊ីលក់ដូរទូរស័ព្ទដៃ ស្ថានភាពសុខភាពរបស់លោកបានប្រែប្រួល ដោយសារពីមុនមកលោកផ្តាសាយធំ ហើយអស់កម្លាំងរាល់ពេល។
លោកបន្តថា៖ «សំខាន់ដូចពេលហ្នឹង ខ្ញុំរាងដូចស្រស់ស្រាយ។ សុខភាពរាងល្អ ដោយសារពីមុនហ្នឹង ខ្ញុំចូលលក្ខណៈដូចផ្តាសាយធំ ដល់ពេលឥឡូវហ្នឹង វាដូចជាអត់ មានស្អីទាំងអស់។ សុខភាពយើងធម្មតាវិញ»។
លោករៀបរាប់ទៀតថា ការយកសំណាកទៅធ្វើតេស្តម្តងៗគឺជារឿងលំបាកមួយសម្រាប់រូបលោក ដែលធ្វើឲ្យលោកពិបាកទ្រាំ។
លោកមានប្រសាសន៍ថា៖ «គេយកសំឡីរាងវែងបន្តិចទៅ។ គេរុកចូលអាច្រមុះស្តាំយើងទៅ រុកឲ្យផុត ចូលក្នុងរហូតដល់យើងដង្ហក់។ ព្រោះអាហ្នឹង គេមើលដល់ក្នុង។ ហើយកំហាកក៏ដោយ គេរុកបុកដល់ក្នុងហ្នឹងដែរ ដល់ពេលយើងឡើងឈ្លក់»។
លោកជឿថា លោកមានវីរុសកូរ៉ូណានេះ តែលោកថា ដោយសារលោកមានអង់ទីករខ្លាំងដូច្នេះហើយទើបលោកអាចជាសះស្បើយបានលឿន ហើយវីរុសនេះប្រហែលស្ថិតនៅក្នុងខ្លួនរបស់លោក តាំងពីថ្ងៃទី៣ ខែមីនា ពេលលោកត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ។
នៅក្នុងបន្ទប់កញ្ចក់ លោកស្នាក់នៅក្បែរអ្នកជំងឺម្នាក់ទៀត តែកន្លែងគេងរបស់ពួកគេស្ថិតនៅចម្ងាយ១ម៉ែត្រកន្លះពីគ្នា។ នេះបើតាមលោក ម៉ាត់លី។ អ្នកជំងឺនៅក្បែរនោះមិនទាន់ជាជាសះស្បើយពីជំងឺកូវីដ១៩នៅឡើយទេ។
លោក ម៉ាត់លី មានប្រសាសន៍ថា ការប្រាស្រ័យទាក់ទងជាមួយគ្រូពេទ្យដែលចាំព្យាបាលត្រូវធ្វើឡើងតាមទូរស័ព្ទ ដោយសារកុំឲ្យមានការឆ្លងទៅពេទ្យ។ ក្នុងមួយថ្ងៃ គ្រូពេទ្យបានហៅទូរស័ព្ទមកលោកពីរបីដង ហើយលោកត្រូវបង្ហាញការវាស់កម្តៅ បេះដូង កម្រិតឈាម ទៅពេទ្យតាមកញ្ចក់។ លោកត្រូវបានបង្រៀនឲ្យចេះប្រើប្រាស់ឧបករណ៍នៅក្នុងបន្ទប់ដែលលោកសម្រាកព្យាបាលនោះ។
លោកបន្តថា លោកត្រូវបានណែនាំឲ្យលេបថ្នាំឲ្យបានទៀងទាត់ និងហូបទឹកឲ្យបានច្រើនផងដែរ។
លោកមានប្រសាសន៍ថា៖ «ដូចជាអ្នកផ្តាសាយ គាត់ឲ្យ[ថ្នាំ]ផ្តាសាយទៅ។ ដូចជារោគក្រពេះ គេឲ្យថ្នាំក្រពះ។ គេឲ្យយើងព្យាយាមលេបឲ្យទៀងទាត់ និងញាំទឹកឲ្យបានច្រើន»។
ក្រៅពីថ្វាយបង្គំព្រះមួយថ្ងៃ៥ដង ដែលមួយដងមានរយៈពេលពី៥ទៅ១០នាទី លោក ម៉ាត់លី មានប្រសាសន៍ថា លោកមានភាពអផ្សុកក្នុងពេលសម្រាកព្យាបាល តែលោកបានប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុក ដើម្បីបំបាត់ការគិតច្រើនអំពីវីរុសនេះ។
លោកមានប្រសាសន៍ថា៖ «ភាគច្រើនខ្ញុំមើលរឿងកំប្លែងៗ ធ្វើឲ្យសប្បាយៗ ដូចជាអាពែកមី អីកំប្លែងៗ ដូចជាបញ្ចូលរឿងអាក្លូអី កំប្លែងៗ។ ចេះតែមើលសប្បាយក្នុងអារម្មណ៍ កុំឲ្យយើងគិត»។
រស់នៅចម្ងាយប្រមាណ១គីឡូម៉ែត្រពីផ្ទះរបស់លោក ម៉ាត់លី លោក ហ៊ុន ស្លេម៉ាន ដែលជាអ្នកជាសះស្បើយម្នាក់ទៀត បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា លោកផ្តាសាយ ពេលមកពីប្រទេសម៉ាឡេស៊ី តែឥឡូវនេះ វាបានបាត់ទៅហើយ។
លោក ស្លេម៉ាន អាយុ៤២ឆ្នាំ មានប្រសាសន៍ថា៖ «ខ្ញុំមិនទាន់ព្យាបាលសុខភាពខ្ញុំ។ វារាងអន់ដែរ ដូចជាផ្តាសាយ ឈឺក្បាល តឹងច្រមុះអីតិចដែរ ដល់ពេលឥឡូវ វាបាត់អស់ហើយ»។
លោក ស្លេម៉ាន បច្ចុប្បន្ននេះ ស្នាក់នៅផ្ទះម្នាក់ឯង ហើយកូនៗរបស់លោក៤នាក់ ស្នាក់នៅជាមួយតាយាយដែលផ្ទះនៅក្បែរនោះ។ ចំណែកភរិយារបស់លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារអ្នកស្រីឆ្លងវីរុសកូរ៉ូណានេះដែរ ហើយមិនទាន់ជាសះស្បើយនៅឡើយ។
កម្ពុជាមិនទាន់មានករណីស្លាប់ដោយសារវីរុសនេះនៅឡើយទេ រហូតមកដល់ថ្ងៃនេះ។ ជំងឺនេះភាគច្រើនកើតឡើងលើមនុស្សវ័យចំណាស់ ដែលមានសុខភាពខ្សោយ និងមានជំងឺផ្សេងៗ។
ក្នុងចំណោមអ្នកឆ្លង ៩៦ករណីនៅកម្ពុជា បុរសខ្មែរដំបូងវ័យ៣៨ឆ្នាំម្នាក់ នៅខេត្តសៀមរាប ត្រូវបានរកឃើញថា មានឆ្លងវីរុសកូរ៉ូណា កាលពីថ្ងៃទី៧ ខែមីនា។ ប៉ុន្តែលោកមិនទាន់ជាសះស្បើយនៅឡើយទេ។
ក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តដែលនឹងចេញទៅជួយព្យាបាលអ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃពុធថា អ្នកជាសះស្បើយហើយត្រូវឲ្យពួកគេនៅផ្ទះ។ កុំទាន់ដើរទៅណាដោយសេរី។ លោកបន្តថា បុរសខ្មែរដែលឆ្លងដំបូងគេនៅខេត្តសៀមរាប ហើយមិនទាន់ជាសះស្បើយ ដោយសារអ្នកជំងឺនោះមានបញ្ហារលាកថ្លើម។
លោកមានប្រសាសន៍ថា៖ «អ្នកនៅសៀមរាប ដូចជាយូរជាងគេបន្តិច!រលាកថ្លើម។ អ៊ីចឹងក្រៅពីអាឆ្លងហ្នឹង គាត់មានជំងឺថ្លើមស្រាប់»។
ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា មនុស្សសរុប១០នាក់ បានជះស្បើយពីវីរុសកូរ៉ូណា ក្រោយត្រូវបានសម្រាកព្យាបាលមួយរយៈ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីយប់ថ្ងៃពុធ ករណីជាសះស្បើយចុងក្រោយគឺជាបុរស៣នាក់ អាយុ៧១ឆ្នាំ អាយុ៣៨ឆ្នាំ និងអាយុ៣៣ឆ្នាំ ដែលបានសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ ពួកគេទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន២លើក។ ចំណែកនៅខេត្តត្បូងឃ្មុំ បុរសម្នាក់ អាយុ៥២ឆ្នាំ បានជាសះស្បើយ ហើយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន២លើកដែរ។
នៅពេលទៅដល់សហគមន៍វិញ កាលពីថ្ងៃទី២៤ ខែមីនា នៅវេលាម៉ោងជិត៥ល្ងាច លោក ម៉ាត់លី មានប្រសាសន៍ថា អភិបាលខេត្តបាត់ដំបងបានហៅប្រជាជនមួយចំនួនក្នុងភូមិឲ្យចូលរួមពិធីមួយ ដោយប្រាប់ពលរដ្ឋថា លោក ម៉ាត់លី និងលោក ស្លេម៉ាន បានជាសះស្បើយ និងអំពាវនាវកុំឲ្យមានការរើសអើងពួកគេ។
ពួកគេទាំងពីរនាក់ត្រូវបានណែនាំឲ្យនៅតែផ្ទះ និងព្យាយាមនៅឆ្ងាយពីភរិយានិងកូនៗរបស់ពួកគេ។ ពួកគេនឹងត្រូវធ្វើតេស្តរកវីរុសកូរ៉ូណាម្តងទៀត នៅថ្ងៃទី៦ ខែមេសាដើម្បីធានាថា ពួកគេគ្មានវីរុសនេះទេ។
ទោះជាយ៉ាងណា លោក ម៉ាត់លី មិនទាន់ដឹងថា លោកអាចមានសេរីភាពពេញលេញនៅពេលណាទេ។ ប៉ុន្តែលោកថា លោកត្រូវរក្សាអនាម័យឲ្យបានស្អាតគ្រប់ពេលវេលា ដើម្បីកុំឲ្យឆ្លង ឬកើតវីរុសនោះម្តងទៀត។
លោកមានប្រសាសន៍ថា៖«យើងការពារតែរហូតហ្នឹងហើយបងអើយ។ ការពារតែរហូតហ្នឹង។ បើយើងធ្វេសប្រហែសនូវចំណុចណាមួយ វាអាចឆ្លង ប៉ះពាល់ទៅមុខទៀត»៕