ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោក បានគិតឡើងវិញចំពោះការដំឡើងពន្ធគយទៅវិញទៅមករបស់លោកជាមួយចិន ក៏ប៉ុន្តែ សេតវិមាន បានធ្វើការបញ្ជាក់ភ្លាមៗថា លោកប្រធានាធិបតីចង់និយាយថា លោកស្តាយណាស់ ដែលមិនបានដំឡើងពន្ធគយឲ្យខ្ពស់ជាងអ្វីដែលលោកប្រធានាធិបតីបានដំឡើងនោះទេ។
កាលពីសប្តាហ៍មុន មុនពេលធ្វើដំណើរទៅកាន់ប្រទេសបារាំងដើម្បីចូលរួមសន្និសីទកំពូលរបស់មេដឹកនាំក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេទាំង៧ហៅកាត់ថា G7 លោកប្រធានាធិបតីត្រាំ បានដំឡើងពន្ធគយលើទំនិញរបស់ចិនដែលមានតម្លៃ៥រយ៥០ពាន់លានដុល្លារដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង និយាយថា ខ្លួននឹងដំឡើងពន្ធគយលើទំនិញនាំចេញរបស់សហរដ្ឋអាមេរិកដែលមានតម្លៃ៧៥ពាន់លានដុល្លារទៅកាន់ប្រទេសចិន ដែលជាការសងសឹករបស់ចិននៅក្នុងការយកពន្ធគយដ៏ខ្ពស់កាលពីដំបូងរបស់ប្រធានាធិបតីត្រាំ។
កាលពីថ្ងៃអាទិត្យ នៅពេលដែលលោកប្រធានាធិបតីត្រាំ ទទួលទានអាហារពេលព្រឹកជាមួយលោក Boris Johnson នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស អ្នកយកព័ត៌មានម្នាក់ បានសួរប្រធានាធិបតីត្រាំថា តើលោក មានការស្តាយក្រោយអំពីសង្គ្រាមពាណិជ្ជកម្មយកពន្ធគយទៅវិញទៅមកជាមួយចិនដែរឬទេ។ លោកប្រធានាធិបតីត្រាំ បានឆ្លើយថា «បាទ! អាចមានការស្តាយក្រោយ»។ លោកប្រធានាធិបតីត្រាំ បាននិយាយទៀតថា «ខ្ញុំបានគិតឡើងវិញពីអ្វីៗគ្រប់យ៉ាង»។
នៅពេលដែលគេសួរថាតើលោក នឹងប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដើម្បីរារាំងក្រុមហ៊ុនសហរដ្ឋអាមេរិកកុំឲ្យទិញទំនិញរបស់ចិនដែរ ឬយ៉ាងណា។ ប្រធានាធិបតីត្រាំ បានឆ្លើយថា «ខ្ញុំ មានសិទ្ធិ ប្រសិនបើខ្ញុំចង់ធ្វើ»។
ក៏ប៉ុន្តែ បន្ទាប់មក ប្រធានាធិបតីត្រាំ បានអះអាងថា ការចរចាពាណិជ្ជកម្មមានដំណើរការយ៉ាងល្អជាមួយចិន ហើយថា លោកមានគម្រោងលុបចោលការគំរាមកំហែងកាលពីពេលថ្មីៗនេះរបស់លោក ដូចជាការស្វះស្វែងបង្ខំឲ្យក្រុមហ៊ុនសហរដ្ឋអាមេរិកចាកចេញពីប្រទេសចិន។
ព័ត៌មានមកពីទីកន្លែងសន្និសីទកំពូលនៅក្នុងប្រទេសបារាំង បានធ្វើឲ្យមានការបកស្រាយភ្លាមៗថា ការគិតឡើងវិញរបស់លោកប្រធានាធិបតីត្រាំ មានន័យថា លោកសោកស្តាយចំពោះការដំឡើងពន្ធគយលើការនាំចេញទំនិញរបស់ចិនមកកាន់សហរដ្ឋអាមេរិក៕