ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកដ៏យូរបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកនាពេលបច្ចុប្បន្ននេះ បានចូលដល់ថ្ងៃទី ២៣ ហើយ នៅថ្ងៃអាទិត្យនេះ។
កាលពីថ្ងៃសៅរ៍ម្សិលមិញ លោកប្រធានាធិបតី Donald Trump បានសរសេរនៅលើ Twitter អំពីគណបក្សប្រជាធិបតេយ្យ និងក្រុមមេដឹកនាំសភារបស់គណបក្សប្រជាធិបតេយ្យ។
ដោយនិយាយសំដៅទៅលើលោកស្រី Nancy Pelosi ប្រធានរដ្ឋសភា និងលោក Chuck Schumer មេដឹកនាំព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ លោក Trump បានសរសេរនៅលើ Twitter កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញថា៖ «ខ្ញុំនៅសេតវិមានរង់ចាំលោក Chuck និងលោកស្រី Nancy ដែលឡាំប៉ា ឲ្យចូលមកពិភាក្សា ដូច្នេះយើងអាចចាប់ផ្ដើមជួយប្រទេសរបស់យើងទាំងនៅព្រំដែន និងទាំងនៅក្នុងប្រទេស»។
កាលពីព្រឹកថ្ងៃសៅរ៍ លោក Trump បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា៖ «យើងមានវិបត្តិមនុស្សធម៌ដ៏ធំបំផុតនៅឯព្រំដែនភាគខាងត្បូងរបស់យើង។ យើងនឹងបិទរដ្ឋាភិបាលយូរទៀត រហូតទាល់តែសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យត្រឡប់មកពី «ការឈប់សម្រាក» និងចូលធ្វើការវិញ។ ខ្ញុំនៅសេតវិមានត្រៀមខ្លួនរួចរាល់ដើម្បីចុះហត្ថលេខា! ទាំងរដ្ឋសភា និងព្រឹទ្ធសភា សុទ្ធតែបានផ្អាកការងារកាលពីរសៀលថ្ងៃសុក្រ ហើយនឹងត្រឡប់មកកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញនៅថ្ងៃច័ន្ទ»។
ការបិទរដ្ឋាភិបាលនេះបានកើតឡើង ដោយសារលោក Trump បានទាមទារថវិការាប់ពាន់លានដុល្លារដើម្បីសាងសង់ជញ្ជាំងព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក។ ការទាមទារនេះត្រូវបានរដ្ឋសភាបដិសេធ។ កន្លងមក លោក Trump បាននិយាយថា ជញ្ជាំងព្រំដែននេះគឺត្រូវការដើម្បីរារាំងពួកជនចំណាកស្រុកខុសច្បាប់ដែលព្យាយាមចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក៕