កាលពីថ្ងៃអាទិត្យម្សិលមិញ យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី Donald Trump បានច្រានចោលនូវសេចក្ដីរាយការណ៍ដែលថា អ្នកចូលរួមក្នុងការជួបជុំរបស់លោក Trump នៅក្នុងទីក្រុង Tulsa រដ្ឋ Oklahoma កាលពីល្ងាចថ្ងៃសៅរ៍ មានចំនួនមិនសូវច្រើនដូចការរំពឹងទុក។
យុទ្ធនាការនេះបានរិះគន់ការផ្សាយដែលថា ការភ័យខ្លាចឆ្លងជំងឺកូវីដ១៩ និងការណ៍ដែលអាចមានការតវ៉ា បានធ្វើឲ្យមនុស្សមិនហ៊ានមកចូលរួមនោះ គឺជា «ព័ត៌មានក្លែងក្លាយ»។
វេទិកាមជ្ឈមណ្ឌល BOK ដែលអាចដាក់មនុស្សបាន ១ ម៉ឺន ៩ ពាន់នាក់ និងជាកន្លែងជួបជុំឃោសនាបោះឆ្នោតរបស់លោក Trump នេះ មើលទៅមានអ្នកចូលរួមលើសពាក់កណ្ដាលបន្តិចតែប៉ុណ្ណោះ កាលពីយប់ថ្ងៃសៅរ៍ ទោះបីជាយុទ្ធនាការបោះឆ្នោតរបស់លោក Trump បានអះអាងកាលពីសប្ដាហ៍មុនថា មនុស្សចំនួន ១ លាននាក់ បានចុះឈ្មោះចូលរួមក៏ដោយ។ យុទ្ធនាការបោះឆ្នោតរបស់លោក Trump បានបញ្ជាក់ថា មនុស្សប្រហែល ១ ម៉ឺន ២ ពាន់នាក់ បានចូលរួម។
គម្រោងជួបជុំនយោបាយនៅខាងក្រៅមជ្ឈមណ្ឌល BOK នោះ ក្នុងករណីដែលមានអ្នកចូលរួមច្រើនជ្រុល ត្រូវបានលុបចោល ដោយសារតែមានមនុស្សតិចតួចប៉ុណ្ណោះបង្ហាញវត្តមាន។ ចំណែកឯកន្លែងអង្គុយនៅផ្នែកខាងលើនៃវេទិកាមជ្ឈមណ្ឌលនេះវិញ ភាគច្រើនគឺទំនេរ៕