ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មានគោលបំណងចាប់ផ្ដើមការជួបជុំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកឡើងវិញ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ ទោះបីជាលោកកំពុងពិនិត្យមើលលើទីតាំងដែលត្រូវធ្វើ និងលើការប្រុងប្រយ័ត្នជាមុន ទាក់ទិននឹងបញ្ហាជំងឺកូវីដ១៩ ក៏ដោយ។
គម្រោងជួបជុំនយោបាយរបស់លោក Trump ត្រូវបានបង្អាក់ភ្លាមៗកាលពី ៣ ខែមុន នៅពេលដែលបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានបង្អាក់ដល់ដំណើរការភាគច្រើនរបស់ប្រទេស។ ប៉ុន្តែ លោកចង់ចាប់ផ្ដើមការជួបជុំយុទ្ធនាការនេះឡើងវិញ។
ការចង់ចាប់ផ្ដើមធ្វើការជួបជុំនយោបាយនេះឡើងវិញរបស់លោក Trump បានកើតឡើង ចំពេលដែលការស្ទង់មតិផ្ទៃក្នុង និងការស្ទង់មតិសាធារណៈបង្ហាញថា យុទ្ធនាការស្វែងរកសំឡេងឆ្នោតសម្រាប់អាណត្តិទីពីររបស់លោកដើម្បីប្រជែងនឹងលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ គឺមានការលំបាក។
ការពិចារណាលើការរៀបចំឡើងវិញនូវយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់លោកនេះធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិកព្យាយាមសម្របទៅតាមដំណើរការធម្មតាបែបថ្មី នៅពេលដែលកំពុងទប់ទល់ជាមួយនឹងវិបត្តិជំងឺកូវីដ១៩ ដំណើរសេដ្ឋកិច្ចធ្លាក់ចុះ និងការតវ៉ារាប់សប្ដាហ៍នៅទូទាំងប្រទេស ប្រឆាំងនឹងភាពអយុត្តិធម៌ជាតិសាសន៍៕