ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Tulsa រដ្ឋ Oklahoma កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ។ នេះគឺជាយុទ្ធនាការលើកដំបូងរបស់លោក តាំងពីពេលចាប់ផ្ដើមមានការឆ្លងរាលដាលជំងឺកូវីដ១៩ មក។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងជាការបង្ហាញនូវកម្លាំងនយោបាយមួយដើម្បីជំរុញកម្លាំងចិត្តអ្នកគាំទ្ររបស់លោកឡើងវិញ មុនការបោះឆ្នោតចូលមកដល់នៅខែវិច្ឆិកាខាងមុខ ប៉ុន្តែត្រូវបានគ្របដណ្ដប់ដោយការភ័យខ្លាចឆ្លងជំងឺកូវីដ១៩ និងវត្តមានអ្នកចូលរួមតិចជាងការរំពឹងទុក។
ដោយប្រកាសថា «ក្រុមអ្នកគាំទ្រភាគច្រើនដែលមិនបញ្ចេញមតិគឺខ្លាំងជាងពេលណាៗទាំងអស់» លោក Trump បានហៅក្រុមអ្នកគាំទ្ររបស់លោកថាជា «អ្នកចម្បាំង» និងបានផ្ដោតលើប្រធានបទឃោសនាស្រដៀងនឹងលើកមុនដែរ ដូចជាការជំរុញឲ្យមានចៅក្រមតែងតាំងដែលមានគំនិតអភិរក្សនិយម ពន្ធទាប ការរីកចម្រើននៃទីផ្សារភាគហ៊ុន ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិកស៊ិក និងការបង្កើនថវិកាយោធាជាដើម។
សុន្ទរកថារយៈពេល ១ ម៉ោង ៤០ នាទីរបស់លោក គឺពោរពេញដោយពាក្យសម្ដីវាយប្រហារលើលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ។ ពាក្យវាយប្រហារទាំងនោះមានដូចជា «ឆ្វេងនិយមជ្រុល» និង «ព័ត៌មានក្លែងក្លាយ» ជាដើម៕