ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានស្នើឲ្យមានការធ្វើកំណែទម្រង់ជាច្រើន ដែលលោកនិយាយថា អាចធ្វើឲ្យអង្គការសហប្រជាជាតិអាចក្លាយជាកម្លាំងដ៏អស្ចារ្យជាងមុនសម្រាប់សន្តិភាព។
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អង្គការសហប្រជាជាតិចាប់តាំងពីចូលកាន់តំណែងកាលពី៨ខែមុនមក មេដឹកនាំអាមេរិករូបនេះបានមានប្រសាសន៍ថា ការិយាធិបតេយ្យនៃអង្គការដែលមានប្រទេសចំនួន១៩៣ជាសមាជិកនេះ បានធ្វើឲ្យអង្គការនេះមិនអាចដំណើរការឲ្យល្អប្រសើរបាន ហើយថា ទីភ្នាក់ងារនេះមិនត្រូវបន្តធ្វើការរបៀបនេះតទៅទៀតទេ។
លោក ត្រាំ បានមានប្រសាសន៍ថា «យើងចង់ឃើញអង្គការសហប្រជាជាតិទទួលបានការជឿជាក់ពីមនុស្សនៅជុំវិញពិភពលោកឡើងវិញ។ ដើម្បីសម្រេចបានគោលបំណងនេះ អង្គការសហប្រជាជាតិត្រូវតែទទួលខុសត្រូវលើការគ្រប់គ្រងនូវគ្រប់កម្រិត ការពារអ្នកបញ្ចេញព័ត៌មានសម្ងាត់ និងផ្តោតទៅលើលទ្ធផលជាជាងដំណើរការ។
លោក ត្រាំ បានកោតសរសើរលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ «ចំពោះការលើកឡើងនូវទស្សនវិស័យសម្រាប់ធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ ដើម្បីឲ្យអង្គការនេះអាចបម្រើដល់ប្រជាជនទាំងអស់បាន»។ លោកបានថ្លែងទៀតថា «យើងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកក្នុងការពិនិត្យមើលទៅលើប្រព័ន្ធទាំងមូល និងដើម្បីស្វែងរកមធ្យោបាយដើម្បីឲ្យអង្គការសហប្រជាជាតិប្រសើរជាងមុនបានទៅលើការអភិវឌ្ឍ ការគ្រប់គ្រង សន្តិភាព និងសន្តិសុខ»៕