ប្រធានាធិបតីអាមេរិកលោក Donald Trump មានបំណងចង់ធ្វើការផ្លាស់ប្ដូរចំពោះប្រព័ន្ធសុំសិទ្ធិជ្រកកោនរបស់សហរដ្ឋអាមេរិក ដែលក្នុងនោះមានទាំងសំណើរបស់លោកឲ្យមានការបង់ថ្លៃពាក្យសុំសិទ្ធិជ្រកកោនផងដែរ ស្របពេលដែលរដ្ឋបាលរបស់លោកព្យាយាមបញ្ឈប់ការកើនឡើងចំនួនជនអន្តោប្រវេសន៍ដែលព្យាយាមឆ្លងចូលសហរដ្ឋអាមេរិកតាមព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ិកស៊ិក។
លោក Trump បានផ្សព្វផ្សាយនូវសេចក្ដីប្រកាសមួយកាលពីថ្ងៃចន្ទម្សិលមិញ ដោយស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ ឲ្យបង្កើតក្បួនច្បាប់មួយចំនួន ដែលក្នុងនោះមានទាំងការតម្រូវឲ្យមានការយកថ្លៃលើពាក្យសុំសិទ្ធិជ្រកកោនមិនឲ្យលើសពីថ្លៃដែលត្រូវចំណាយសម្រាប់ការពិនិត្យពិច័យលើពាក្យសុំនីមួយៗផងដែរ។
លោក Trump ក៏ចង់ឲ្យជនចំណាកស្រុកបង់ថ្លៃសម្រាប់ការដាក់ពាក្យសុំប័ណ្ណការងារផងដែរ នៅពេលដែលពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេកំពុងត្រូវពិនិត្យពិច័យ។ លោក Trump ក៏ចង់ឲ្យមានការដកប័ណ្ណការងារមានសុពលភាពភ្លាមៗផងដែរ ប្រសិនបើពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេត្រូវបានបដិសេធ។
លោក Trump បានអំពាវនាវផងដែរថា អ្នកដែលចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ឬក៏ព្យាយាមចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ គឺគ្មានសិទ្ធិទទួលបានប័ណ្ណការងារទេ រហូតទាល់តែពាក្យសុំរបស់ពួកគេត្រូវបានយល់ព្រម។
លោក Trump ក៏បានជំរុញផងដែរឲ្យមានការសម្រេចលើពាក្យសុំសិទ្ធិជ្រកកោនទាំងអស់ក្នុងរយៈពេល ១៨០ ថ្ងៃ៕