ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃសុក្រ បានដកលោក Michael Atkinson ដែលជាអគ្គអធិការកិច្ចសហគមន៍ស៊ើបការណ៍សម្ងាត់ ចេញពីតំណែង។ លោក ត្រាំ បានហៅលោក Atkinson ថាជា «ភាពអាម៉ាស់មួយ»។
លោក ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ថា លោក Atkinson មិនគួរប្រាប់រដ្ឋសភាអំពីការបញ្ចេញព័ត៌មានសម្ងាត់ ដែលឈានឲ្យមានការប្ដឹងចោទប្រកាន់ដកលោកចេញពីតំណែងកាលពីដើមឆ្នាំនេះនោះទេ។
លោកប្រធានាធិបតី ត្រាំ បានថ្លែងយ៉ាងដូច្នេះថា៖ «លោក Atkinson បានយករបាយការណ៍ក្លែងក្លាយមួយទៅឲ្យរដ្ឋសភា»។
លោក Adam Schiff ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន MSNBC របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ថា លោក ត្រាំ «កំពុងតែធ្វើឲ្យថ្នាក់ដឹកនាំសហគមន៍ស៊ើបការណ៍សម្ងាត់ថមថយសមត្ថភាព ខណៈពេលដែលមានវិបត្តិជាតិ»។ លោក Schiff ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យបាននិយាយទៀតថា៖ «សកម្មភាពរបស់លោកប្រធានាធិបតីជ្រុលហួសហេតុពេកហើយ»។
លោកស្រី Susan Collins ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ និងជាសមាជិកម្នាក់នៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា បានមានប្រសាសន៍ថា៖ ការដកលោក Atkinson ចេញពីតំណែង«គឺជារឿងមិនសមហេតុផលនោះទេ»។
លោក ត្រាំ បានជូនដំណឹងជាផ្លូវការដល់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភាកាលពីថ្ងៃសុក្រថា ការដកលោកAtkinson ចេញពីតំណែង នឹងចូលជាធរមាននៅ ៣០ ថ្ងៃខាងមុខ។
លោក ត្រាំ បានថ្លែងក្នុងលិខិតមួយច្បាប់ថា លោកលែងមានការជឿជាក់ពេញលេញទៅលើលោក Atkinson ទៀតហើយ។ លោក ត្រាំ និយាយថា លោកនឹងតែងតាំងមន្ត្រីម្នាក់មកជំនួសលោក Atkinson «នៅពេលក្រោយ»៕