អ្នកនាំពាក្យរដ្ឋសភាបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្នបានទៅដល់រដ្ឋសភានៅល្ងាចថ្ងៃសុក្រនេះ ខណៈប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញស្ទាក់ស្ទើរក្នុងការបញ្ចេញយោបល់ និងអ្នកខ្លះយល់ថា ច្បាប់នេះមិនចាំបាច់សម្រាប់ស្ថានភាពបច្ចុប្បន្ន។
លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់ VOA ថា នៅម៉ោងជាង៥ល្ងាចថ្ងៃសុក្រនេះ រដ្ឋសភា ទើបទទួលបានសេចក្តីព្រាងច្បាប់នេះពីទីស្តីការគណៈរដ្ឋមន្រ្តី។ លោកបន្តថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវឆ្លងការពិនិត្យតាមនីតិវិធី និងថា រាល់ការសម្រេចថាអាចនឹងមានការកែប្រែ ឬយ៉ាងណា គឺស្រេចតែលើអង្គប្រជុំ។
«រាជរដ្ឋាភិបាលលោកស្នើធ្វើសេចក្តីព្រាងច្បាប់មក ហើយយើងមានគណៈកម្មាធិការជំនាញយើងសិក្សា ហើយយើងដាក់ជូនអង្គសភា ដើម្បីពិភាក្សា និងអនុម័ត។ អាហ្នឹងស្រេចតែអង្គសភាពិភាក្សា និងអនុម័តទេ ខ្ញុំមិនអាចនិយាយជំនួសបានទេ»។
សេចក្ដីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្នត្រូវបានអនុម័តជាប្រញាប់ដោយគណៈរដ្ឋមន្រ្តី បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសចង់ឲ្យចេញបានឆាប់ៗ ដោយមិនដាក់ឲ្យមានការពិភាក្សាចូលរួមផ្តល់យោបល់ក្នុងចំណោមអង្គការសង្គមស៊ីវិល និងសាធារណជននោះទេ។ សេចក្តីព្រាងច្បាប់នេះនឹងត្រូវឆ្លងកាត់ដំណាក់កាលពិនិត្យ និងអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
បើតាមសេចក្តីព្រាងច្បាប់នេះ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រទេសប្រឈមមុខនឹងគ្រោះថ្នាក់ ជាអាទិ៍គ្រោះថ្នាក់ដែលបង្កឡើងដោយសង្រ្គាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។
ការរៀបចំសេចក្តីព្រាងច្បាប់ថ្មីជាបន្ទាន់នេះកើតឡើង នៅចំពេលដែលកម្ពុជា និងប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងប្រឈមនឹងការឆ្លងរាលដាលវីរុសកូរ៉ូណា ហើយលោក ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលរបស់លោកខ្វះឧបករណ៍ផ្លូវច្បាប់ ដើម្បីអនុវត្តមាត្រា ២២នៃរដ្ឋធម្មនុញ្ញស្ដីពីការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ក្នុងករណីដែលមានព្រឹត្តិការណ៍ធ្ងន់ធ្ងរណាមួយ។
សេចក្តីព្រាងច្បាប់នេះនឹងអាចផ្ដល់អំណាចពេញទីឲ្យរដ្ឋាភិបាលប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដោយរបបអាជ្ញាសឹក ក្នុងករណីចាំបាច់ ព្រមទាំងអនុញ្ញាតឲ្យមានការដាក់ទោសធ្ងន់ទៅដល់ ១០ឆ្នាំចំពោះជនណាដែលរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន កាលបើអំពើនេះនាំឲ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ។
បើតាមសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលអាចហាមឃាត់ ឬដាក់កំហិតទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាន ដូចជាការដើរហើរ ការជួបជុំការប្រមូលផ្ដុំ ការប្រកបមុខរបរ ការចែកចាយព័ត៌មានដែលបង្ក«ចលាចលឬដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិ»និងបើកសិទ្ធិអំណាចឱ្យរដ្ឋាភិបាលតាមដានឃ្លាំមើល «ប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព»។
ក្រោយការប្រកាសដំណើរការបង្កើតសេចក្តីព្រាងច្បាប់ទាំងនេះយ៉ាងប្រញាប់ប្រញាល់ប្រជាពលរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញ ដែល VOA បានសាកសួរ មិនហ៊ានបញ្ចេញយោបល់ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះទេ។ អ្នកខ្លះយល់ថា ច្បាប់នេះមិនគួរកើតមាននៅពេលនេះ និងខ្លះយល់ឃើញថាសេចក្តីព្រាងច្បាប់នេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងជីវភាពរបស់ពួកគេ។
លោក ហេង នីអ្នករត់ម៉ូតូកង់បី នៅរាជធានីភ្នំពេញ លើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្នហាក់មិនមានភាពចាំបាច់ណាមួយក្នុងការបង្កើតច្បាប់នេះទេ។ អ្នករត់កង់បីវ័យ ៣៤ឆ្នាំរូបនេះ ដែលមានកូនពីរនាក់ក្នុងបន្ទុក បានបន្ថែមថា ច្បាប់នេះអាចនឹងធ្វើឲ្យប៉ះពាល់សេរីភាព និងជីវភាពលោកដែលជាអ្នករត់ម៉ូតូកង់បី ប្រសិនបើរដ្ឋាភិបាលមិនកំណត់អំពីការផ្តល់ការគាំទ្រជីវភាពនៅពេលហាមប្រជាពលរដ្ឋមិនឲ្យធ្វើដំណើរចេញទៅក្រៅនោះ។
«រាល់ថ្ងៃចេញក្រៅរកលុយដើម្បីគ្រួសារ រកលុយចិញ្ចឹមប្រពន្ធ ចិញ្ចឹមកូន។ ដល់ពេលយើងនៅក្នុងផ្ទះអ៊ីចឹងយើងមានពេលវេលាឯណារកលុយរកកាក់?បើយើងគ្មានប្រាក់ខែ ប្រាក់អីដូចអ្នកធ្វើការ មន្រ្តីរាជការ។ គាត់មានប្រាក់ប្រចាំខែ ប្រចាំអាទិត្យរបស់គាត់។ ប៉ុន្តែយើងអ្នករកស៊ីដូចខ្ញុំ មានឯណា? មានតែដាច់ពោះ»។
ស្រដៀងគ្នានេះ កញ្ញា សួស ស្រីនិត្យ ស្ថាបត្យករនៅក្រុមហ៊ុនឯកជនមួយ លើកឡើងថាកញ្ញាមិនដឹងថា តើការសម្រេចបង្កើតច្បាប់នេះ ធ្វើឡើងសម្រាប់បិទប្រទេសក្នុងអំឡុងការរីករាលដាលមេរោគកូរ៉ូណា ឬយ៉ាងណានោះទេ ប៉ុន្តែកញ្ញាថា ការសម្រេចនេះលឿនពេកសម្រាប់ពលរដ្ឋ ដើម្បីត្រៀមខ្លួន។ កញ្ញាបន្ថែមថា រដ្ឋាភិបាលគួរមានការសិក្សាឲ្យបានលម្អិតបន្ថែមអំពីស្ថានភាពប្រជាពលរដ្ឋ និងគោលការណ៍ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលមានស្ថានភាពលំបាក មុននឹងសម្រេចអនុម័តច្បាប់នេះ។
«គ្រាន់តែពេលមានអាសន្នភ្លាម អីៗឡើងថ្លៃភ្លាម ហើយធ្វើឲ្យប្រជាជនយើងពិបាករកស៊ី ពិបាកចេញទៅណាទៅណី។ អ៊ីចឹង ចេះតែគិតថាខ្លាចអញ្ចេះ ខ្លាចអីអញ្ចុះ។ ហើយបើឲ្យយើងភ្លាមៗអ៊ីចឹងមានអារម្មណ៍ថា លឿនខ្លាំង ហើយពិបាក។ អ្នកខ្លះត្រូវធ្វើការងារផង ហើយបើអត់ការងារ អត់មានចំណូលចូល។ ហើយយើងត្រូវនៅក្នុងផ្ទះរហូតទៀត អត់មានចំណូលចូល ហើយអត់មានអីញ៉ាំ។ ហើយបើសិនជាគេអត់ឲ្យចេញក្រៅ ឬចេញក្រៅត្រូវមានទោស អ៊ីចឹងយើងមានតែនៅក្នុងផ្ទះ អត់មានអីញ៉ាំរហូតអ៊ីចឹងទៅ»។
នៅសប្តាហ៍នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Amnesty International និងអង្គការ Human Rights Watch បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះ ដោយពួកគេថាច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់សិទ្ធិមនុស្ស។ ពួកគេក៏បានលើកឡើងថា ច្បាប់នេះនឹងផ្តល់អំណាចដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាន់តែរឹតបន្តឹងសិទ្ធិស៊ីវិល សិទ្ធិនយោបាយ និងដាក់គោលដៅបង្រ្កាបលើក្រុមសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សាយ។
អង្គការ Human Rights Watch ក៏បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះមានការប្រើប្រាស់ពាក្យពេចន៍ដែលងាយស្រួលនឹងបកស្រាយ ហើយគាបសង្កត់ទៅលើសិទ្ធិសេរីភាព។
ប៉ុន្តែលោក ផៃ ស៊ីផាន កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងការពារសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន ដោយលើកឡើងថា រដ្ឋាភិបាលនឹងប្រើច្បាប់នេះតែក្នុងកាលៈទេសៈគ្មានជម្រើសតែប៉ុណ្ណោះ ហើយថាការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នមិនអាចចៀសផុតនោះទេ៕