វ៉ាស៊ីនតោន — ពលករចំណាកស្រុកជាច្រើនម៉ឺននាក់ដែលបានវិលត្រឡប់ចូលក្នុងប្រទេសកម្ពុជានិងអ្នកដែលកំពុងរស់នៅក្នុងប្រទេសថៃ នឹងប្រឈមការលំបាកផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយវីរុសកូរ៉ូណា ប្រសិនបើស្ថានភាពមិនបានល្អប្រសើរក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទេ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញពលករចំណាកស្រុក។
មានពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃជាង ៥០.០០០នាក់ បានវិលត្រឡប់មកប្រទេសវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្របពេលដែលប្រទេសថៃរងផលប៉ះពាល់ដោយទណ្ឌកម្មសេដ្ឋកិច្ចមួយផ្នែកតូចពីសហរដ្ឋអាមេរិក និងការរាតត្បាតពីជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី។ ដំណើរមាតុភូមិនិវត្តន៍យ៉ាងតក់ក្រហល់នេះ បណ្តាលឱ្យពួកគេប្រឈមនឹងការបាត់បង់ការងារ និងហានិភ័យសុខភាពផងដែរ។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (ហៅកាត់ថាសង់ត្រាល់) បានបញ្ជាក់ប្រាប់វីអូអេថា ថៅកែរោងចក្រមួយចំនួនបានព្រមានពលករដែលចង់ធ្វើដំណើរមកប្រទេសកំណើតវិញថា រោងចក្រនឹងមិនធានាផ្តល់ការងារដល់ពួកគេធ្វើទេ នៅពេលវិលត្រឡប់ទៅវិញ ហើយបើទោះបីទទួលយកធ្វើការវិញ ក៏ពួកគេត្រូវនៅដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃដែរ ដោយសារតែព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ ក្នុងពេលធ្វើដំណើរនិងស្នាក់នៅប្រទេសកំណើត។ ពួកគេក៏ប្រឈមនឹងការបាត់បង់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងអតីតភាពការងារផងដែរ។
សម្រាប់ពលករស្របច្បាប់ដែលសម្រេចចិត្តបន្តស្នាក់នៅថៃ គឺអ្នកខ្លះអាចទទួលបានផលប្រយោជន៍ខ្លះពីថៅកែ ដោយនៅបន្តទទួលបានប្រាក់ឧបត្ថម្ភពាក់កណ្តាល បើសិនជារោងចក្រផ្អាកដំណើរការ។ ប៉ុន្តែផលប៉ះពាល់នឹងមានខ្លាំងលើពលករ ដែលមិនមានច្បាប់ត្រឹមត្រូវ ដែលធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះផ្នែកសេដ្ឋកិច្ចខ្លាំងជាងគេ។ នេះបើតាមការបញ្ជាក់របស់លោក មឿន តុលា។
លោក មឿន តុលា បានបន្ថែមថា៖
«ក៏ប៉ុន្តែដោយឡែកពលករដែលអត់មានឯកសារ គឺពលករដែលខុសច្បាប់ហ្នឹងគាត់អត់មានបណ្ណធានារ៉ាប់រងសង្គមគឺគាត់អត់ទទួលបានអត្ថប្រយោជន៍ហ្នឹងទេ។ អីចឹងអ្វីដែលរដ្ឋត្រូវពិចារណាហ្នឹងគឺជីវភាពរបស់ពួកគាត់ហ្នឹង ព្រោះពួកគាត់ពេលហ្នឹងអត់មានចំណូលហើយត្រូវចំណាយច្រើនរួមទាំងចំណាយលើផ្ទះជួលនិងលើម្ហូបអាហារជាដើម»។
ក្រុមសកម្មជនសិទ្ធិពលករបានវាយតម្លៃថា មានពលករខ្មែរចំនួន ២លាននាក់ ដែលធ្វើការនៅប្រទេសថៃទាំងស្របច្បាប់និងមិនស្របច្បាប់ ហើយពួកគេនឹងងាយរងគ្រោះខ្លាំង ក្នុងគ្រាមានវិបត្តិសុខភាពសាកលដែលកំពុងតែរាតត្បាតនៅប្រទេសថៃ។
លោក មឿន តុលា បានសង្កត់ធ្ងន់លើផលប៉ះពាល់សេដ្ឋកិច្ចរបស់ពលករទាំងនោះ ដែលរដ្ឋាភិបាលកម្ពុជាគួរតែជួយគិតគូរដោះស្រាយ។
«ខ្ញុំជឿថាអាចនឹងមានផលប៉ះពាល់លើចំណូល ជាពិសេសនោះ គឺយើងដឹងហើយថា ពលករដែលទៅធ្វើការនៅក្រៅនោះសុទ្ធតែស្ពាយបំណុលជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។ល។និង។ល។»
ប្រទេសថៃបានបិទច្រកប៉ោយប៉ែតតាំងពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី៥ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា។ ប៉ុន្តែលទ្ធភាពនៃការបើកឡើងវិញពិតប្រាកដនៅមិនទាន់ជាក់លាក់នៅឡើយទេ ដោយសារតែប្រទេសថៃបានឆ្លងវីរុសដ៏ប្រល័យនេះកាន់តែច្រើន។ រហូតមកដល់ថ្ងៃព្រហស្បតិ៍ ប្រទេសថៃមានអ្នកឆ្លងរហូតដល់ជិត១.៩០០ករណី។
គណបក្សប្រឆាំងក៏បានរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះការយឺតយ៉ាវ ក្នុងការចាត់វិធានការជាមុនជាមួយនឹងរដ្ឋាភិបាលថៃ ដើម្បីបញ្ចៀសការធ្វើមាតុភូមិនិវត្តន៍យ៉ាងតក់ក្រហល់ និងការបរាជ័យក្នុងការចាត់វិធានការសុខាភិបាល ដើម្បីពិនិត្យសុខភាពពលករទាំងនោះ នៅពេលដែលពួកគេឆ្លងចូលក្នុងប្រទេសវិញដើម្បីបង្ការការឆ្លងទៅក្នុងស្រុក ឬរងការរើសអើងខ្លាចរអារពីពលរដ្ឋនៅក្នុងប្រទេស។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់វីអូអេថា៖ «បើសិនជាយកសិទ្ធិពលករចំណាកស្រុកជាធំរឿងនេះ ក្រសួងការងារនិងក្រសួងការបរទេសត្រូវគិតទុកមុនថា ច្បាស់ហើយថា បើប្រទេសថៃមិនបញ្ជូនមក ក៏យើងត្រូវនិយាយជាមួយរាជរដ្ឋាភិបាលថៃ ឱ្យគេរក្សាការពារ ជាពិសេសសុខភាពពលករចំណាកស្រុករបស់យើងនៅប្រទេសថៃ ឱ្យទទួលយកពលករយើង ដូចជាប្រទេសថៃដែរ។ នេះបើបានជជែកគ្នារាប់ខែមុន»។
ពលករកម្ពុជាដែលបានវិលត្រឡប់មកប្រទេសវិញមិនត្រូវបានពិនិត្យសុខភាពរកវីរុសកូរ៉ូណាទេ ហើយរដ្ឋាភិបាលកម្ពុជាក៏មិនបានដាក់ឱ្យពលករទាំងនោះនៅដាច់ពីគេដែរ ដោយគ្រាន់តែលើកទឹកចិត្តពួកគេឱ្យនៅដាច់ដោយឡែកពីគេមួយរយៈពេលខ្លីតែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីដើមសប្តាហ៍នេះការពារចំណាត់ការរបស់រដ្ឋាភិបាលលោកថា៖ «យើងមិនអាចប្រមូលផ្តុំបងប្អូនទាំង ៥ម៉ឺននាក់នេះទៅទុកនៅកន្លែងដាក់ដោយឡែកអស់បានទេ ប៉ុន្តែយើងត្រូវពិនិត្យគ្រប់គ្រងគោលដៅទាំងអស់ ភូមិទាំងអស់ដែលមានបងប្អូនមកពីប្រទេសថៃឬមកពីប្រទេសក្រៅ»។
ប្រទេសកម្ពុជាមានអ្នកឆ្លងវីរុសកូរ៉ូណាជាង ១០០នាក់ ដែលកើតឡើងភាគច្រើនលើជនបរទេស។ ប៉ុន្តែគ្រប់ករណីទាំងអស់ពាក់ព័ន្ធនឹងការធ្វើដំណើរមកពីក្រៅប្រទេស ដោយមិនទាន់មានការឆ្លងនៅកម្រិតសហគមន៍នៅឡើយទេ។ នេះបើតាមការអះអាងរបស់ក្រសួងសុខាភិបាល។
មានមេដឹកនាំពិភពលោកជាច្រើននាក់បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ដោយឡែក កម្ពុជាមិនទាន់ប្រកាសស្ថានភាពនេះនៅឡើយទេ។ ប៉ុន្តែវិបត្តិសុខភាពពិភពលោកនេះបានផ្តល់អំណាចបន្ថែមទៀតដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» កាលពីថ្ងៃអង្គារ។ មន្ត្រីនានាអះអាងថា វាជាស្ថានការណ៍មួយដែលជៀសមិនរួច បើសិនជាត្រូវទប់ស្កាត់ការឆ្លងរាលដាល។
គណបក្សសង្គ្រោះជាតិបានរិះគន់ចំណាត់ការយឺតយ៉ាវ និងបានអំពាវនាវឱ្យប្រកាសអាសន្នលើបញ្ហាសុខភាព ដោយហាមការជួបជុំមនុស្សជាច្រើនរយនាក់បិទរោងចក្រកាត់ដេរ និងផ្សារជាដើម ក៏ប៉ុន្តែក៏បានសម្តែងការព្រួយបារម្ភពីការប្រើប្រាស់ជ្រុលរហូតដល់មានការបិទការបញ្ចេញមតិរបស់ពលរដ្ឋ។
នៅមុនសេចក្តីព្រាងច្បាប់នេះត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សកម្ពុជាដ៏ល្បីល្បាញម្នាក់ គឺលោក អុំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ដោយសារតែបានចោទប្រកាន់ថា លោកបានការពារអ្នកលក់ដូរតាមអនឡាញដែលលក់ផលិតផលមិនត្រឹមត្រូវ ហើយបំប្លែងថាជាការបញ្ចេញមតិតាមបណ្តាញសង្គម។
បើទោះបីជាបានដាក់ចេញវិធានការតឹងរ៉ឹងមួយចំនួន ក្នុងនោះមានការរៀបចំច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបដិសេធមិនបិទរោងចក្រនៅឡើយទេ។ ការណ៍នេះដោយសារតែលោកមើលឃើញថា ស្ថានភាពវិបត្តិសុខភាពពិភពលោកនឹងជៀសមិនរួចពីមានផលប៉ះពាល់ដល់វិស័យកាត់ដេរទេ។ លោក ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេលនេះមានរោងចក្រចំនួន៥០នៅកម្ពុជាបានបិទដោយសារតែខ្វះវត្ថុធាតុដើម និង៧ទៀតបានបិទដោយសារតែខ្វះអ្នកបញ្ជាទិញ។
លោក ហ៊ុន សែន បានបន្ថែមថា៖ «អីចឹងមានហានិភ័យនៃបញ្ហាឧស្សាហកម្មវាយនភណ្ឌ។មិនថាកម្ពុជាមិនថាវៀតណាម មិនថាថៃបង់ក្លាដែស ឥណ្ឌា ភូមា ឡាវទេ វាស៊ីសងលើប្រាក់ចំណូលនៅអាមេរិកប្រាក់ចំណូលនៅ អឺរ៉ុប វាធ្លាក់ចុះ។ វាមិនខុសពីវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ទេ។ ពេលនោះយើងក៏បិទរោងចក្ររាប់សិបរោងចក្រដែរ»។
វិស័យឧស្សាហកម្មកាត់ដេរកម្ពុជាផ្តល់ការងារដល់ពលរដ្ឋកម្ពុជាជាង ៧៥០.០០០នាក់។ ភាគច្រើនគឺជាស្ត្រីវ័យក្មេងដែលមកពីជនបទ។ សមាគមកាត់ដេរកម្ពុជាបានអំពាវនាវ កាលពីថ្ងៃព្រហស្បតិ៍ដល់ក្រុមហ៊ុនបញ្ជាទិញ ឱ្យគោរពតាមកិច្ចសន្យាទទួលយកទំនិញ ដែលផលិតហើយនិងទូទាត់ថវិកា ដើម្បីជួយដល់កម្មករទាំងនោះ។
ក្រុមហ៊ុនធំៗដែលលក់សម្លៀកបំពាក់ នៅសហរដ្ឋអាមេរិក បានផ្អាកការងារបុគ្គលិកជាង ៦០០.០០០នាក់ដោយសារតែវីរុសកូរ៉ូណា។ អ្នកសេដ្ឋកិច្ចព្យាករណ៍ថា ពលរដ្ឋចំនួនរហូតដល់ ៤០លាននាក់ អាចនឹងបាត់បង់ការងារ។
ប្រទេសថៃនិងកម្ពុជានឹងធ្វើបុណ្យចូលឆ្នាំថ្មី នៅពាក់កណ្តាលខែមេសា ដែលជាការព្រួយបារម្ភថានឹងធ្វើឱ្យកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំង ដោយសារតែពលរដ្ឋដែលទៅធ្វើការនៅតាមទីក្រុងនានាត្រូវវិលត្រឡប់ទៅផ្ទះវិញ ដែលនឹងជំរុញឱ្យមានការឆ្លងកម្រិតសហគមន៍កាន់តែច្រើន ដោយសារបទពិសោធន៍នេះបានកើតមានឡើងនៅក្នុងប្រទេសចិន។
សកម្មជនសហជីពបន្តអំពាវនាវឱ្យយកចិត្តទុកដាក់លើសុខភាពរបស់កម្មករកម្មការិនីរោងចក្រនិងគិតគូរដល់ស្ថានភាពសេដ្ឋកិច្ច ដែលនឹងប៉ះពាល់លើពួកគេ នៅពេលដែលមានការបិទរោងចក្រ។
លោក អាត់ ធន ប្រធានសហព័ន្ធការងារកម្ពុជាបានបន្ថែមថា៖ «ខ្ញុំគិតថាប្រសិនបើគាត់បាត់បង់ប្រាក់ចំណូលគាត់អាចនឹងមានបញ្ហាប្រឈមនឹងបញ្ហាប្រចាំថ្ងៃនិងការបង់ទៅលើការស្នាក់នៅ ឬក៏ការរៀនសូត្ររបស់កូនចៅឬក៏អាចឈានទៅដល់ការបង់ទៅធនាគារដែលគេមានការខ្ចីប្រាក់ពីធនាគារច្រើន»។
លោក សុខ ឈុនអឿង អនុប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបញ្ជាក់ថាផលប៉ះពាល់បានកើតមានឡើងលើអ្នកប្រកបអាជីវកម្មតូចតាចជាច្រើន និងអំពាវនាវឱ្យមានអន្តរាគមន៍ពីរដ្ឋាភិបាលទៅផ្នែកធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីពន្យារពេលសងបំណុល។
ការអំពាវនាវរបស់ពួកគេត្រូវបានគណបក្សសង្គ្រោះជាតិយល់ស្រប។
អ្នកស្រី មូរ សុខហួរ នៃគណបក្សសង្គ្រោះជាតិបានបន្ថែមថា រដ្ឋត្រូវតែបញ្ចេញថវិកាជួយ បើសិនជាប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន។
«បើសិនជាប្រកាសអាសន្នហើយគឺថវិកាត្រូវតែយកមកផ្ទុក។ ដំបូងបំផុតត្រូវតែធានាពលរដ្ឋយើងឱ្យមានថវិកាចំណូលប្រចាំថ្ងៃ។ បំណាច់បិទរោងចក្រហើយតើឱ្យកម្មករយើងរស់នៅ ដោយរបៀបណារួមទាំងក្មួយៗពលករដែលបានអញ្ជើញមកផ្ទះសម្បែងហើយ តើគាត់រស់ដល់ពេលណាពីព្រោះគាត់សង្ឃឹមថាវិលត្រឡប់ទៅ ប្រទេសថៃវិញតើឱ្យគាត់រស់ដោយរបៀបណា?»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលកម្ពុជាគ្រោងនឹងជួយស្តារសហគ្រាសខ្នាតតូចនិងធនាគារ ដោយត្រៀមថវិកាចំនួនរហូតដល់ចំនួន ៦០០លានដុល្លារ សម្រាប់វិស័យធនាគារដើម្បីជួយសម្រួលដល់អ្នកខ្ចីប្រាក់ និងបន្ថយការប្រាក់។ ប៉ុន្តែលោកមិនទាន់បង្ហាញផែនការណា ដើម្បីជួយអន្តរាគមន៍ដោយផ្ទាល់លើជីវភាពកម្មកររោងចក្រទាំងអស់ និងពលករនៅឡើយទេ៕