លោក John Kelly រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិស.រ.អា.បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្នុងពេលឆាប់ៗនេះលោកប្រធានាធិបតី Donald Trump នឹងចេញបទបញ្ជាប្រធានាធិបតីមួយ «ដែលមានប្រសិទ្ធិភាពជាងមុន» ក្នុងការហាមប្រាមអន្តោប្រវេសន៍មកពីប្រទេសជាតិ៧កាន់សាសនាឥស្លាម ក៏ប៉ុន្តែវានឹងត្រូវអនុវត្តបានល្អប្រសើរជាងមុន និងបញ្ចៀសមិនឱ្យមានភាពច្របូកច្របល់ដែលបានបណ្តាលមកពីការប៉ុនប៉ងមួយកាលពីពេលមុននេះក្នុងការរឹតត្បិតពួកអ្នកធ្វើដំណើរបរទេសដែលបានមកដល់ស.រ.អា.។
ថ្លែងនៅក្នុងសន្និសីទខាងសន្តិសុខប្រចាំឆ្នាំនៅក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅក្នុងការពិភាក្សាគ្នាមួយក្នុងគណៈកម្មាធិការមួយស្តីពីការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម លោក Kelly បាននិយាយថា អត្ថបទថ្មីនៃបទបញ្ជានេះនឹងមិនរារាំងជនជាតិបរទេសដែលមានទិដ្ឋាការធ្វើការងារ ឬ «ប័ណ្ណបៃតង» ជាអ្នកទទួលការអនុញ្ញាតឱ្យរស់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសអាមេរិក មិនឱ្យចូលក្នុងស.រ.អា.ជាថ្មីទេ។ លោកបានថ្លែងបន្ថែមថា បទបញ្ជាថ្មីនេះក៏នឹងគ្មានផលប៉ះពាល់ដល់ពួកអ្នកដំណើរបរទេសដែលធ្វើដំណើរមកកាន់កន្លែងចូលក្នុងប្រទេសអាមេរិកនៅពេលបទបញ្ជានេះចូលជាធរមានទេ។
លោក Kelly បានពោលថា លោក Trump នឹង «ធ្វើឱ្យប្រាកដប្រជាថាគ្មាននរណាម្នាក់ត្រូវចាប់ខ្លួននៅក្នុងប្រព័ន្ធនៃការធ្វើចលនាពីប្រទេសក្រៅមកកាន់ចំណតយន្តហោះយើងទេ» នៅពេលមានការហាមប្រាមការធ្វើដំណើរនេះ។
របាយការណ៍ព័ត៌មានស.រ.អា.និយាយថា បទបញ្ជាថ្មីខាងអន្តោប្រវេសន៍នេះនឹងមាននៅថ្ងៃអង្គារ ហើយលោក Trump បាននិយាយថា វានឹងត្រូវចេញឱ្យអនុវត្តនៅក្នុងសប្តាហ៍ខាងមុខនេះ។
ការហាមប្រាមដំបូងមិនឱ្យធ្វើដំណើរដែលនៅពេលនេះបានត្រូវផ្អាកដោយតុលាការស.រ.អា.បានត្រូវចេញកាលពីថ្ងៃទី២៧ ខែមករា។ ពួកមន្ត្រីសេតវិមានបាននិយាយថា វាជាវិធានការមួយខាងសន្តិសុខដើម្បីបញ្ចៀសកុំឱ្យមានការវាយប្រហារដោយពួកជនសកម្មប្រយុទ្ធឥស្លាម៕