លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានថ្លែងថា លោកកំពុងពិចារណាទៅលើ បទបញ្ជាថ្មីមួយទាក់ទិននឹងច្បាប់អន្តោប្រវេសន៍ បន្ទាប់ពីតុលាការសាលាឧទ្ធរណ៍បានសម្រេចជាឯកច្ឆន្ទប្រឆាំងនឹងបទបញ្ជាប្រធានាធិបតីរបស់លោក ដែលហាមឃាត់ជនភៀសខ្លួននិងពលរដ្ឋមកពីប្រទេសចំនួន ៧ ដែលមានពលរដ្ឋភាគច្រើនកាន់សាសនាឥស្លាម មិនឲ្យចូលមកក្នុងសហរដ្ឋអាមេរិក។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះប្រធានាធិបតី Air Force One របស់លោកកាលពីថ្ងៃសុក្រថា លោកអាចនឹងចេញបទបញ្ជាថ្មីមួយនៅថ្ងៃចន្ទ ឬថ្ងៃអង្គារខាងមុខនេះ ប្រសិនបើរដ្ឋបាលរបស់លោកសម្រេចបន្តវិធានការនេះ។
លោកបានថ្លែងថា វិធានការនេះប្រហែលជាឆាប់រហ័សជាងការពាររឿងក្តីនាពេលបច្ចុប្បន្ននៅក្នុងតុលាការ។ លោកបានពន្យល់ក្នុងសម្តីដើមថា៖ «យើងត្រូវរួសរាន់សម្រចកិច្ចការនេះ ដោយសារតែមូលហេតុសន្តិសុខ»៕