ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​សោកស្តាយ​ ប៉ុន្តែ​ការពារ​វិធានការ​របស់​លោក ត្រាំ


រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ លោក​ John Kelly ស្តាប់​សំណួរ​ នៅ​ពេល​ដែល​លោក​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។
រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ លោក​ John Kelly ស្តាប់​សំណួរ​ នៅ​ពេល​ដែល​លោក​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។

បទបញ្ជា​អង្គ​នីតិប្រតិបត្តិ​ដ៏​ចម្រូងចម្រាស​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដែល​ហាមឃាត់​ការធ្វើ​ដំណើរ​បណ្តោះ​អាសន្ន​របស់​ពលរដ្ឋ​មក​ពី​ប្រទេស​ចំនួន​៧​ ដែល​មាន​ពលរដ្ឋ​ភាគច្រើន​កាន់​សាសនា​ឥស្លាម​គឺ​ជា​បញ្ហា​បណ្តាល​ឲ្យ​​មាន​ការ​ដេញដោល​គ្នា​ច្រើន​ នៅ​ពេល​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ លោក​ John Kelly ចូល​ទៅ​សភា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។ ​លោក Kelly ​បានខិត​ខំ​ប្រឹងប្រែង​ធានា​អះអាង​អំពី​បម្រាម​​នេះ​នៅ​ក្នុង​ការដេញដោល​នៅ​សភា​នេះ។​

វា​គ្រោះថា្នក់​ណាស់។ វា​មិនមែន​ជា​បញ្ហា​សាសនា​ទេ។ ​នេះ​ជា​អ្វី​ដែល​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ លោក John Kelly បាន​អះអាង​នៅ​ក្នុង​សភា​អំពី​គោល​បំណង​របស់​បទបញ្ជា​ប្រធានាធិបតី​ ដែល​ពោរពេញ​ដោយ​ភាព​ចម្រូង​ចម្រាស។​

«ការ​ចេញ​បទ​បញ្ជា​នេះ​មិនមែន​ដោយ​សារ​តែ​ប្រទេស​ទាំង​នោះ​ជា​ប្រទេស​កាន់​សាសនា​ឥស្លាម​នោះ​ទេ។ ​បទបញ្ជា​នេះ​ធ្វើ​ឡើង​គឺ​ដោយ​សារ​តែ​យើង​មិន​ទុកចិត្ត​លើ​ព័ត៌មាន​របស់​ពួកគេ​ទេ»។​

លោក​ Kelly ​ថ្លែង​ថា​ ​ការ​ចេញ​បទបញ្ជា​យ៉ាង​ឆាប់​រហ័ស​ ដែល​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ​នៅ​តាម​បណ្តាព្រលាន​យន្តហោះ​នៅ​ទូទាំង​ប្រទេស​ និង​បង្ក​ឲ្យ​ផ្ទុះ​បាតុកម្ម​នេះ​ តាម​ពិត​អាច​ចៀស​មិន​ឲ្យ​មាន​បាតុភាព​ទាំង​នេះ​កើត​ឡើង​បាន​ ប្រសិន​បើ​មាន​ការ ​ជជែក​គ្នា​នៅក្នុង​សភា​ដោយ​សម្រួល​នោះ។​

«បើ​គិត​ត្រឡប់​ទៅ​វិញ​ គឺ​ខ្ញុំ​ខុស។ ​ខ្ញុំ​គួរ​តែ​បកស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស»។​

ការ​ទទួល​កំហុស​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ស្ងប់​ចិត្ត​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ហើយ​ពួកគេ​ឲ្យ​លោក ​Kelly​ ពិចារណា​អំពី​ការ​បែកបាក់ក្រុម​គ្រួសារ​របស់​ជន​ទាំង​នោះ​ ដោយ​សារ​តែ​បម្រាមនេះ។​

ការ​ប្រកាន់​គណបក្ស​បង្ហាញ​យ៉ាង​ច្បាស់​ ពេល​ក្រុម​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ឆ្លើយតប​ត្រឡប់​មក​វិញ​ថា​ បទបញ្ជា​នេះ​ការពារ​អាយុ​ជីវិត​ពលរដ្ឋ​អាមេរិកាំង។ ​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​លោក​ Scott Perry ​បាន​និយាយ​ថា៖​

«បទបញ្ជា​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​មួយ​ចំនួន​ ដែល​ត្រូវ​បាន​ជាប់​នៅ​ក្នុង​ព្រលាន​យន្តហោះ។ ​តែ​យើង​គួរ​គិត​ពី​ក្រុម​គ្រួសារ​អាមេរិកាំង​ ដូចជា​ ម្តាយ​ ឪពុក​ បង​ប្អូន​ប្រុស​ ស្រី​ និង​ក្មេងៗដែល​មិន​បាន​ឃើញ​មុខ​ឪពុក ​ម្តាយ​របស់​គេ​ត្រឡប់​មក​ពី​ធ្វើ​សង្គ្រាម​ ឬ​មក​ពី​កន្លែង​ណា​ផ្សេង​ទៀត​ ដែល​រង​ការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​របស់​ជន​អន្តោប្រវេសន៍​ទាំង​នេះ»។​

សង្ខីកម្ម​របស់​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ថ្មីបាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​សំខាន់។​ ខណៈ​តុលាការ​កំពុង​ថ្លឹង​ថ្លែង​ពី​ភាព​ស្រប​ច្បាប់​នៃ​បម្រាមនេះ​ ​ លោក​ប្រធានាធិបតី​ត្រាំ ​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ លោក​មាន​ទំនុក​ចិត្ត​ថា​ បទបញ្ជា​នេះ​នឹង​ឈ្នះ។​

«ខ្ញុំ​មាន​ទំនោរ​ទៅ​អ្វី​ដែល​ជា​ច្បាប់។ ​រឿង​មួយ​ចំនួន​ផ្សេង​ទៀត​គឺ​ជា​រឿង​មាន​ការ​វិនិច្ឆ័យ​ល្អ»។​

ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយ​ថា​ សារ​របស់​លោក​ត្រាំ ​នៅ​ក្នុង​ Tweeter ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌។​ ហើយ​លោក​បាន​ដាក់​លោក​ Kelly​ ក្នុង​ស្ថានភាព​តានតឹង​ ក្នុង​ការ​ឆ្លើយ​ទៅ​កាន់​ក្រុម​ប្រជាធិបតេយ្យអំពី​ការ​ទទួល​ខុសត្រូវ​របស់​ក្រសួង​របស់​លោក។​

«យើង​ពិតជា​មិនដឹង​អំពី​ក្តី​បារម្ភ​របស់​លោក​ប្រធានាធិបតី​ អំពី​អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ចំណាត់ការ​ ដើម្បី​បន្ត​ធ្វើ​យ៉ាង​ប្រុង​ប្រយ័ត្ន​នោះ»។​

លោក​ Kelly ​ហាក់​ដូចជា​បាន​បង្ហាញ​ថា​ លោក​នៅ​ខាង​លោក​ត្រាំ ​ដោយ​លោក​បាន​ក្រើន​រំឭក​អំពី​ចៅក្រម​ដែល​ជា​អ្នក​ចេញ​សេចក្តី​សម្រេច​មិន​ឲ្យ​អនុវត្តបទបញ្ជា​ប្រធានាធិបតី។

«នៅ​ពេល​មាន​ការ​ជជែក​គ្នា​អំពី​បញ្ហា​ទាំងនេះ​នៅ​ក្នុង​សវនាការ ​គឺ​មាន​ខ្ញុំ​ជា​អ្នក​ការពារ​ពួកគេ។​ ហើយ​ប្រសិន​បើ​មាន​បញ្ហា​អាក្រក់​កើត​ឡើង​ដោយ​សារ​តែ​អនុញ្ញាត​ឲ្យ​មនុស្ស​ទាំង​នោះ​ធ្វើ​ដំណើរ​ចូល​មក​ គឺ​ពួកគេ​មិន​ទៅ​សួរ​ចៅក្រម​ដែល​ជា​អ្នក​អនុម័ត​នោះ​ទេ​គឺ​ពួកគេ​នឹង​សួរ​ខ្ញុំ»។

សារ​ឆ្លើយឆ្លង​មិន​ប្រក្រតី​រវាង​អង្គ​នីមួយៗ​ក្នុង​រដ្ឋាភិបាល​គឺ​ជា​ការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ខ្លាំងក្លាទាក់ទិន​នឹង​វិធានការ​របស់​លោក​ត្រាំ ដែល​ហាម​ឃាត់​ការ​ធ្វើដំណើរ​ចូល​ក្នុង​ទឹកដី​អាមេរិក៕​

ប្រែសម្រួល​ដោយ​ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG