លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បន្តព្យាយាមស្តីបន្ទោសពួកគណបក្សប្រជាធិបតេយ្យដែលជាគូប្រជែងខាងនយោបាយរបស់លោកចំពោះសកម្មភាពដែលបំបែកកូនក្មេងចេញពីឪពុកម្តាយនៅពេលដែលក្រុមគ្រួសារបានត្រូវចាប់ខ្លួនដោយការឆ្លងព្រំដែនម៉ិចស៊ិខុសច្បាប់។
លោកប្រធានាធិបតី ត្រាំ បានប្រាប់ពួកអ្នកយកព័ត៌មានម្តងទៀតកាលពីថ្ងៃសុក្រថា «កូនក្មេងទាំងនោះបានត្រូវបានថែទាំយ៉ាងឆាប់រហ័សនិងជាបន្ទាន់។គណបក្សប្រជាធិបតេយ្យបានបង្ខំច្បាប់នោះមកគៀបសង្កត់ប្រទេសយើង។ ខ្ញុំស្អប់ណាស់។ ខ្ញុំមិនចង់ឃើញឪពុកម្តាយបែកពីកូនចៅទេ»។
ពួកគណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើនទាំងនៅក្នុងសភាតំណាងរាស្ត្រនិងព្រឹទ្ធសភា ហើយមិនមានច្បាប់ដែលតម្រូវឲ្យបំបែកឪពុកម្តាយពីកូនទេ។ វាជាគោល នយោបាយមួយដែលបង្កើតឡើងដោយរដ្ឋបាលត្រាំ។ កាលពីខែមេសា លោកJeff Sessions រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានប្រកាសគោលនយោបាយមិនអត់ឱនដល់ការឆ្លងកាត់ព្រំដែនខុសច្បាប់ចូលក្នុងសហរដ្ឋអាមេរិក។ អត្ថាធិប្បាយរបស់ប្រធានាធិបតីត្រាំបានកើតមានឡើងនៅពេលសេចក្តីព្រាងច្បាប់សម្របសម្រួលមួយនៅសភាតំណាងរាស្រ្តបានលេចធ្លាយទៅកាន់សាធារណជន។
សេចក្តីព្រាងច្បាប់ដែលបានធ្វើឡើងដោយលោក Paul Ryan ប្រធានសភាតំណាងរាស្រ្តចែងថា កូនក្មេងដែលឆ្លងកាត់ព្រំដែនជាមួយឪពុកម្តាយអាចត្រូវបានដោះលែងឲ្យជួបឪពុកម្តាយវិញ។ ចំពោះមនុស្សពេញវ័យដែលឆ្លងកាត់ព្រំដែនខុសច្បាប់នឹងត្រូវចោទប្រកាន់ពីការរំលោភច្បាប់ព្រហ្មទណ្ឌដែលមានន័យថា ត្រូវដាក់ក្រុមគ្រួសារក្នុងមជ្ឈមណ្ឌលឃុំឃាំងជាមួយគ្នា៕