ដោយនៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនោះ បេក្ខជនទាំងពីរ កំពុងផ្តោតលើយុទ្ធនាការរកសំឡេងឆ្នោតរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ក្នុងរដ្ឋ Florida ដែលស្ថិតនៅភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក។
ក្នុងរាល់ការបោះឆ្នោត ចាប់តាំងពីឆ្នាំ ១៩៩៦ មកបេក្ខជនដែលឈ្នះរដ្ឋ Florida តែងតែបានក្លាយជាប្រធានាធិបតីអាមេរិក។ បេក្ខជនឈ្នះឆ្នោតក្នុងរដ្ឋនេះទទួលបានសំឡេងអង្គបោះឆ្នោត ២៩ នៃអង្គបោះឆ្នោតសរុប ២៧០ ដែលពួកគេត្រូវប្រមូលបាន ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក។
ប្រធានធិបតីអាមេរិកលោក Donald Trump ចាប់ផ្តើមធ្វើយុទ្ធនាការរបស់លោកជាមួយនឹងការជួបក្រុមអ្នកគាំទ្រក្នុងទីក្រុង Tampa មុនពេលលោកចាកចេញទៅកាន់រដ្ឋ North Carolina ដើម្បីជួបអ្នកគាំទ្រនៅទីនោះ នៅល្ងាចថ្ងៃព្រហត្បតិ៍ដែរ។
ចំណែកបេក្ខជនខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden វិញ កំពុងត្រៀមខ្លួនជួបជាមួយអ្នកគាំទ្ររបស់លោកក្នុងស្រុក Broward នៅពេលរសៀល ហើយបន្ទាប់មកលោកនឹងធ្វើដំណើរទៅកាន់ទីក្រុង Tampa នៅពេលល្ងាច ដើម្បីជួបអ្នកគាំទ្ររបស់លោកនៅទីនោះ។
ការស្ទង់មតិមួយបង្ហាញថា លោកត្រាំនៅពេលនេះមានប្រជាប្រិយភាពចាញ់លោក Biden ក្នុងរដ្ឋ Michigan, Pennsylvania និងរដ្ឋ Wisconsin ប៉ុន្តែបេក្ខជនទាំងពីរមានការគាំទ្រប្រហាក់ប្រហែលគ្នាក្នុងរដ្ឋ Florida និងរដ្ឋ North Carolina៕