លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសចក្តីព្រាងច្បាប់មួយសម្រាប់បញ្ចេញប្រាក់៨,៣០០លានដុល្លារដើម្បីចំណាយគ្រាមានអាសន្នប្រយុទ្ធប្រឆាំងនឹងការរាលដាលមេរោគវីរុសកូរ៉ូណា មួយថ្ងៃក្រោយពីមានការបញ្ជាក់ថា មេរោគនេះបានរាលដាលដល់តំបន់ជាយក្រុងមួយដែលបើកឡានតែប៉ុន្មាននាទីពីសេតវិមាន។
វិធានការនេះផ្តល់ប្រាក់កាសសម្រាប់លទ្ធភាពនៃការព្យាបាលនិងការអភិវឌ្ឍថ្នាំវ៉ាក់សាំងដើម្បីជួយរដ្ឋាភិបាលរដ្ឋនិងរដ្ឋាភិបាលមូលដ្ឋានឆ្លើយតបនឹងការគំរាមកំហែងនេះ។
រដ្ឋាភិបាលមូលដ្ឋានមួយគឺស្រុក Montgomery រដ្ឋ Maryland ដែលជាតំបន់ជាយក្រុងមួយនៅខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន ដែលបានបញ្ជាក់អំពីករណីអ្នកមានជំងឺនេះដំបូងរបស់ផងខ្លួនកាលពីថ្ងៃព្រហស្បតិ៍។ លោក Larry Hogan អភិបាលរដ្ឋ Maryland បានប្រកាសភាពមានអាសន្ននៅក្រោយអ្នកស្រុកបីនាក់នៃស្រុកនោះបានត្រូវរកឃើញថាមានជំងឺនេះនៅក្រោយវិលត្រឡប់មកពីប្រទេសក្រៅដែលគេមិនប្រាប់ឱ្យដឹង។
ទឹកប្រាក់នេះមានរួមបញ្ចូល៣ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍថ្នាំវ៉ាក់សាំង, ប្រដាប់ធ្វើតេស្ត និងការព្យាបាលនិង១,២៥០លានដុល្លារសម្រាប់វិធានការទប់មិនឱ្យរាលដាលសាកល។
ការផ្តល់ប្រាក់កាសនេះមានឡើងនៅពេលពួកមន្ត្រីស.រ.អា.បាននិយាយកាលពីថ្ងៃសុក្រថា មានករណីមនុស្សផ្ទុកមេរោគនេះ២៣៣នាក់ហើយ មានស្លាប់១៤នាក់ដែលបានត្រូវរាយការណ៍រហូតមកដល់ពេលនេះ។ កាលពីថ្ងៃសុក្រ នៅទូទាំងពិភពលោកមានមនុស្សផ្ទុកមេរោគនេះឡើងដល់១សែននាក់ហើយ ហើយចំនួនអ្នកជំងឺស្លាប់កើនដល់៣,៤០០នាក់៕