ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​ការ​បោះឆ្នោត​ Super Tuesday នាំ​ឲ្យ​ការ​ប្រកួត​ដណ្តើម​បេក្ខភាពគណបក្ស​ប្រជាធិបតេយ្យ​ជា​ការ​ប្រកួត​រវាង​លោក Biden និង​លោក Sanders


រូបឯកសារ៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក Bernie Sanders (ខាងឆ្វេង) និង​លោក Joe Biden។
រូបឯកសារ៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក Bernie Sanders (ខាងឆ្វេង) និង​លោក Joe Biden។

ការ​ប្រកួត​ដណ្តើម​យក​បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពី​គណបក្ស​ប្រជាធិបតេយ្យបាន​ប្រែក្លាយ​ពី​ការ​ប្រកួត​ដែលធ្លាប់​មាន​បេក្ខជន​យ៉ាង​ច្រើន​រហូត​ដល់​ជាង​២០​រូប មក​ជា​ការ​ប្រកួតជាក់ស្តែង​រវាង​បុរស​ពីរ​នាក់ ក្រោយ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោតព្រមៗ​គ្នា​នៅ​រដ្ឋចំនួន​១៤ បាន​ផ្តល់​លទ្ធផល​ដ៏​ល្អ​ដល់​ លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ និងលោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont។

នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​រដ្ឋ​ចំនួន​១៤ ឬ​ហៅថា Super Tuesday លោក Joe Biden បាន​ឈ្នះក្នុង​រដ្ឋ​ចំនួន​៩ រួម​ទាំង​ឈ្នះ​នៅ​រដ្ឋ​ Texas ដែល​មាន​ចំនួន​ប្រតិភូ​ច្រើន ហើយ​ដែល​ជា​ការ​ភ្ញាក់​ផ្អើល​មួយ ដោយ​ការ​ស្ទង់​មតិ​មុន​ការ​បោះឆ្នោត​បាន​បង្ហាញ​ថា​ លោក Bernie Sanders បាន​នាំ​មុខ​នៅ​រដ្ឋ​ Texas នេះ។ លោក Biden ក៏​បាន​ឈ្នះ​ខ្លាំង​នៅ​បណ្តារដ្ឋ​ភាគ​ខាង​ត្បូង សហរដ្ឋ​អាមេរិក រួម​មាន​រដ្ឋ Virginia North Carolina Alabama Okhlahoma Tennessee និង Arkansas ហើយ​ថែម​ទាំង​បាន​ឈ្នះ​នៅ​រដ្ឋ​ភាគ​ខាង​ជើង​ចំនួន​ពីរ​ទៀត គឺ​រដ្ឋ Minnesota និង Massachusetts។

លោក Sanders បាន​យក​ឈ្នះ​នៅ​ក្នុង​ដែល​មាន​ប្រតិភូ​ច្រើន​ជាង​គេ​គឺ​រដ្ឋ​ California (កាលីហ្វ័រញ៉ា) ក៏​ដូច​ជា​ឈ្នះ​នៅ​រដ្ឋ Colorado, Utah និង​រដ្ឋ Vermont ដែល​ជា​រដ្ឋ​កំណើត​របស់​លោក Sanders។

បេក្ខជន​ទាំង​ពីរ​នៅ​ប្រកិត​ប្រកៀក​គ្នា​នៅ​ឡើយ​នៅ​ក្នុង​រដ្ឋ Maine ភាគ​ឦសាន​ប្រទេស​ដែល​នៅ​ទី​នោះ​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​បង្ហាញ​ពី​លទ្ធផល​ប្រកៀក​គ្នា​ពេក​មិន​ទាន់​អាច​ប្រកាស​អ្នក​ឈ្នះ​បាន។

លោក Sanders បាន​សម្តែង​នូវភាព​ជឿទុក​ចិត្តនៅ​ក្នុង​ការ​ជួប​ប្រជុំ​ជាមួយ​អ្នក​គាំទ្រ​កាល​ពី​យប់​ថ្ងៃ​អង្គារ​នៅ​រដ្ឋ Vermont ដោយ​លោក​មិន​ត្រឹម​ជឿជាក់​ថា​លោក​នឹង​ក្លាយ​ជា​ បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​នឹង​យក​ឈ្នះ​លើ​លោក​ប្រធានាធិបតី Donald Trump ថែម​ទៀត។​

នៅ​មុន​ការ​ឈ្នះ​ដំបូង​ក្នុង​រដ្ឋ South Carolina កាល​ពី​ថ្ងៃ​សៅរ៍ យុទ្ធនាការ​ឃោសនា​របស់​លោក Biden បាន​ថម​ថយ​ចុះ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ក្រោយ​ពី​ការ​ឈ្នះ​នៅរដ្ឋ​ភាគ​ខាង​ត្បូង​នោះ លោក Biden ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​អតីត​គូរ​ប្រជែង សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Minnesota អ្នកស្រី Amy Klobuchar និង ​លោក Pete Buttigie ​អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indiana ។

លោក Biden ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា យប់​ថ្ងៃ​អង្គារ​ជា​យប់​ល្អ​សម្រាប់​លោក ហើយ​ក្រុម​យុទ្ធនាការ​របស់​លោក​ហាក់​កាន់​តែ​ទទួល​បាន​ជ័យ​ជម្នះ​ឡើង។

ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​មាន​ចំនួន​ប្រតិភូ​រហូត​ដល់​ចំនួន​ ១.៣៥៧ ដែលបេក្ខជន​អាច​ដណើ្តម​យក។ បេក្ខជន​និមួយៗ​ត្រូវ​ទទួល​ឲ្យ​បាន​ប្រតិភូ​ចំនួន​១.៩៩១ ដើម្បីអាច​ទទួល​បាន​ការ​តែងតាំងជា​បេក្ខភាព​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG