កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ីប៉ាស៊ីហ្វិកតាមអនឡាញបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងសមភាគីចិនរបស់លោកគឺលោក Xi Jinping ចូលរួមដើម្បីពិភាក្សាអំពីវិបត្ដិជំងឺរាតត្បាតកូវីដ១៩ និងការស្តារសេដ្ឋកិច្ចពិភពលោក ចំពេលដែលនៅតែមានទំនាស់ខាងពាណិជ្ជកម្ម។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានReuters។
លោកទាំងពីរបានចូលរួមកិច្ចប្រជុំមេដឹកនាំនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC ដែលមាន ២១ ប្រទេសរៀបចំ ដោយប្រទេសម៉ាឡេស៊ី តែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក Trump ត្រូវបានព្យាការណ៍ថា បានបរាជ័យក្នុងការបោះឆ្នោតធ្វើជាប្រធានាធិបតីអាមេរិកអាណត្តិទី ២។
មេដឹកនាំអាស៊ីប៉ាស៊ីហ្វិកបានអំពាវនាវឱ្យមានពាណិជ្ជកម្មបើកចំហនិងពហុភាគីកាន់តែច្រើន ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងព្រមានប្រឆាំងនឹងគោលនយោបាយពាណិជ្ជកម្មគាំពារនិយម ហើយលោក Xi Jinping បាននិយាយថា ឯកតោភាគីនិយមបានបន្ថែមហានិភ័យដល់សេដ្ឋកិច្ចពិភពលោក។
នៅក្នុងកិច្ចប្រជុំកំពូល APEC ចុងក្រោយ ក្នុងឆ្នាំ ២០១៨ ប្រទេសជាសមាជិកមិនបានឯកភាពលើសេចក្តីថ្លែងការណ៍រួមជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្ររបស់ប្លុកនេះ នៅពេលសហរដ្ឋអាមេរិកនិងចិនមិនយល់ស្របគ្នាលើពាណិជ្ជកម្ម និងការវិនិយោគ។
លោក Trump បានដាក់ពន្ធគយលើផលិតផលចិនតម្លៃរាប់ពាន់លានដុល្លារ ដែលបាននាំឲ្យមានសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរ នៅលើពិភពលោកនេះ។
នៅក្នុងសុន្ទរកថាបើកនៅក្នុងកិច្ចប្រជុំមេដឹកនាំនេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បាននិយាយថា អាទិភាពកំពូលរបស់ប្លុកនេះ គឺបញ្ជាក់ការគាំទ្រនិងការប្តេជ្ញាចិត្តរបស់ខ្លួនសម្រាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់។
មេដឹកនាំអាស៊ីប៉ាស៊ីហ្វិកមួយចំនួនបានសម្តែងក្តីសង្ឃឹមថា រដ្ឋបាលអាមេរិកថ្មីរបស់លោក Joe Biden នឹងចូលរួមកាន់តែសកម្មនិងគាំទ្រដល់ពាណិជ្ជកម្មពហុភាគី។
លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ TPP។ សហរដ្ឋអាមេរិកក៏មិនបានចូលរួមប្លុកពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក គឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហៅកាត់ថា RCEP ដែលជាកិច្ចព្រមព្រៀង ១៥ ប្រទេសគាំទ្រដោយប្រទេសចិន ដែលត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុន។
លោក Trump ក៏បានខកខានចូលរួមការប្រជុំរបស់មេដឹកនាំអាស៊ីតាមអនឡាញចំនួន ២ កាលពីសប្តាហ៍មុន គឺកិច្ចប្រជុំកំពូលអាស៊ានដែលមានសមាជិក ១០ ប្រទេស និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit)។
លោក Muhyiddin បានមានប្រសាសន៍ថា៖ «នេះគឺចាំបាច់សម្រាប់ពាណិជ្ជកម្មរបស់យើង ព្រោះស្ថិរភាពទីផ្សារនិងការអាចព្យាករណ៍បាន គឺជាសសរគ្រឹះដែលធានាថា ពាណិជ្ជកម្មនិងការវិនិយោគនៅតែបន្ត ទោះបីក្នុងពេលមានវិបត្តិក៏ដោយ»។
មេដឹកនាំផ្សេងទៀតដែលបានចូលរួមក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិតនេះដែរ រួមមាននាយករដ្ឋមន្រ្តីនូវែលសេឡង់អ្នកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ប្រធានាធិបតីរុស្ស៊ីលោក Vladamir Putin និងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau៕