មេដឹកនាំអាស៊ីអាគ្នេយ៍ចាប់ផ្តើមប្រជុំនៅថ្ងៃព្រហស្បតិ៍ ដែលត្រូវបានគេរំពឹងថា នឹងនាំឱ្យទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រកបដោយមហិច្ឆតាមួយ ដែលគាំទ្រដោយប្រទេសចិន នៅពេលដែលលទ្ធផលនៃការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក នៅតែមិនប្រាកដប្រជា ដែលនាំឱ្យមានចម្ងល់អំពីការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ នេះបើតាមទីភ្នាក់ាងារព័ត៌មាន Reuters។
មេដឹកនាំនៃសមាគមអាស៊ាន ដែលមានសមាជិក ១០ ប្រទេស និងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់ គ្រោងនឹងបញ្ចប់ការពិភាក្សាស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហៅកាត់ថា RCEP នៅថ្ងៃអាទិត្យនេះ។
កិច្ចព្រមព្រៀងដែលត្រូវបានគេរំពឹងថា នឹងត្រូវចុះហត្ថលេខានៅថ្ងៃអាទិត្យ នៅខាងក្រៅនៃកិច្ចប្រជុំកំពូលអាស៊ានតាមអនឡាញ ដែលមានរយៈពេលបួនថ្ងៃ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនោះ នឹងចំណាយពេលច្រើនឆ្នាំទៀត ដើម្បីបញ្ចប់ ប៉ុន្តែនឹងបន្ថយពន្ធជាបន្តបន្ទាប់ នៅតាមតំបន់ជាច្រើន ហើយអាចក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។
ប្រទេសទាំង ១៥ ដែលបានចូលរួម គឺមានចំនួនប្រជាជនជិតមួយភាគបីនៃប្រជាជនពិភពលោក ហើយស្មើនឹង ២៩% នៃផលិតផលក្នុងស្រុកសរុបរបស់សាកល។ ប្រទេសចិន គឺជាប្រភពធំបំផុតនៃការនាំចូលនិងគោលដៅសម្រាប់ការនាំចេញរបស់សមាជិកកិច្ចព្រមព្រៀង RCEP នេះ។
លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសវៀតណាម ដែលជាប្រធាននៃកិច្ចប្រជុំអាស៊ាននៅឆ្នាំនេះ បានមានប្រសាសន៍ថា៖ «ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នឹងផ្តល់កម្លាំងចលករសម្រាប់ពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសរវាងប្រទេសហត្ថលេខី»។
កិច្ចប្រជុំកំពូលនេះកើតឡើង ស្របពេលដែលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ទោះបីជាលោក Joe Biden បេក្ខជនគណបក្សប្រជាធិបតេយ្យត្រូវបានព្យាករណ៍ថា ទទួលបានសំឡេងអង្គបោះឆ្នោតលើស ២៧០ ដែលត្រូវការសម្រាប់ការទទួលជ័យជម្នះក៏ដោយ។
លោក Biden ដែលជាអនុប្រធានាធិបតីក្នុងអំឡុងពេលមានគោលនយោបាយ «ងាកទៅរកអាស៊ី» (Pivot to Asia) របស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នោះ ត្រូវបានគេរំពឹងថា នឹងងាកចេញពីរបៀបវារៈ «អាមេរិកជាអាទិភាព» (America First) របស់លោក Trump ហើយនឹងចូលរួមម្តងទៀតយ៉ាងសកម្មនៅក្នុងតំបន់នេះ៕