ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Biden ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​រដ្ឋ Florida កាលពី​ថ្ងៃ ព្រហស្បតិ៍


រូបផ្គុំ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងអតីតអនុប្រធានាធិបតី Joe Biden ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Florida ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។
រូបផ្គុំ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងអតីតអនុប្រធានាធិបតី Joe Biden ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Florida ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

ខណៈដែល​ថ្ងៃបោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កាន់តែ​ខិត​ជិត​ដល់ បេក្ខជន​ប្រធានាធិបតីទាំងពីររូប​គឺលោកប្រធានាធិបតី Donald Trump បេក្ខជនខាងគណបក្សសាធារណរដ្ឋ និងអតីតអនុប្រធានាធិបតីលោក Joe Biden បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ បាន​ផ្តោត​ការឃោសនា​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ Florida កាល​ពីថ្ងៃ​ព្រហស្បតិ៍ ។

​អតីត​អនុ​ប្រធានាធិបតីលោក Joe Biden បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ ប្រាប់​អ្នក​ចូលរួម​ក្នុង​ការ​ជួប​ប្រជុំគ្នា​ដោយ​អង្គុយ​ក្នុង​រថយន្ត​នៅ​ខាង​ក្រៅ​មហាវិទ្យាល័យ Broward ថា៖ «ប្រសិនបើ រដ្ឋ Florida ក្លាយ​ទៅជា​ពណ៌​ខៀវ គឺ​ចប់​ហើយ»។ លោក Biden និយាយ​សំដៅ​ពណ៌​ខៀវ​ដែលជា​ពណ៌​គណបក្ស​ប្រជាធិបតេយ្យ។

លោក Biden បាន​រិៈគន់​លោកប្រធានាធិបតី​ Donald Trump ចំពោះ​ការធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​ប្រមូល​ផ្តុំ​មនុស្ស​ជាច្រើន ​នៅពេលមាន​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា​ដែល​អ្នក​ចូលរួម​ភាគ​ច្រើន​មិន​ពាក់​ម៉ាស។ លោក Biden បាន​ហៅ​យុទ្ធនាការ​នោះ​ថា «មហា​ព្រឹត្តិការណ៍​សាប​ព្រោះ​ជំងឺ​កូវីដ​១៩»។

លោក Biden បាន​និយាយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​អ្នកចូលរួម​អង្គុយ​ក្នុង​រថយន្ត​លើក​ទី២ ​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ ​នៅ​ក្នុង​ទីក្រុង Tampa ដែល​ត្រូវ​បាន​បង្រួញ​ឲ្យ​ខ្លី​ដោយសារ​ភ្លៀង​ថា លោក​ប្រធានាធិបតី​ «មិន​ត្រឹមតែ​ធ្វើឲ្យ​វីរុស​កូរ៉ូណា​រាលដាល​ទេ។ លោក​កំពុងធ្វើ​ឲ្យការបែងចែក​និង​ការមិន​ស្រុះស្រួល​គ្នារីករាលដាល​ផងដែរ»។

ចំណែក​លោក​ប្រធានាធិបតី Trump វិញ បាន​ធ្វើ​សុន្ទរកថា​ទៅកាន់​ក្រុមអ្នកគាំទ្រ​ដ៏ធំ​មួយនៅ​ក្នុង​កន្លែងចត​រថយន្ត​នៅ​ពហុ​កីឡាដ្ឋានក្នុង​ទីក្រុង Tampa ដោយ​បាន​ទស្សន៍ទាយ​ម្តង​ទៀត​ថា ​អ្នក​បោះឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋ​យ៉ាង​ច្រើន ​នឹង​ចេញ​បោះឆ្នោត​ នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា។

លោក​ប្រធានាធិបតី បានថ្លែងថា៖ «យើង​នឹង​ឈ្នះ​ការបោះឆ្នោត​នេះ​យ៉ាងខ្លាំងក្លា។​ ចាំមើលទៅ»។

គ្រប់​រាល់​ការបោះឆ្នោត​ ចាប់តាំង​ពី​ឆ្នាំ​ ១៩៩៦ ​មក អ្នក​ឈ្នះ​នៅ​រដ្ឋ Florida បាន​កាន់​តំណែង​ជា​ប្រធានាធិបតី។ អ្នក​ឈ្នះ​នៅ​រដ្ឋ Florida នឹង​ទទួល​បាន​អង្គបោះឆ្នោត​ចំនួន​ ២៩។ បេក្ខជន​ប្រធានាធិបតី​ត្រូវ​ទទួលបាន​អង្គបោះឆ្នោតទាំងអស់​ចំនួន​ ២៧០ ដើម្បី​ឈ្នះ៕

XS
SM
MD
LG