សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានដាក់ទណ្ឌកម្មភ្នាក់ងារ៤នាក់ដែលជាប់ទាក់ទិននឹងរុស្ស៊ីដោយបានចោទប្រកាន់ពួកគេពីការព្យាយាមជ្រៀតជ្រែកការបោះឆ្នោតសហរដ្ឋអាមេរិកនៅពេលខាងមុខនេះ។
បុគ្គលដែលរងការដាក់ទណ្ឌកម្មនោះមានលោក Andrii Derkach សមាជិកសភាអ៊ុយក្រែនដែលមានចំណងទាក់ទងជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី និងភ្នាក់ងារ៣នាក់ទៀតដែលមានទីតាំងក្នុងប្រទេសរុស្ស៊ីដែលជាប់ទាក់ទិននឹងទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិតរុស្ស៊ី ដែលមានទីតាំងក្នុងទីក្រុង St. Petersburg។
ការដាក់ទណ្ឌកម្មនេះកើតមានឡើង នៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីស៊ើបការណ៍សម្ងាត់កំពូលៗផ្សេងទៀតរបស់សហរដ្ឋអាមេរិកបានទទូចថា គឺប្រទេសចិនទេដែលធ្វើការគំរាមកំហែងយ៉ាងខ្លាំងបំផុតនៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ មិនមែនប្រទេសរុស្ស៊ីនោះទេ។
លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃព្រហស្សតិ៍ថា៖ «លោក Derkach និងភ្នាក់ងាររុស្ស៊ីឯទៀត ប្រើប្រាស់ការបំភ័ន្តដើម្បីព្យាយាមជះឥទ្ធិពលលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។ លោកបន្តថា សហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់វិធានការណ៍ដែលខ្លួនមានទាំងអស់ដើម្បីតបតនឹងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងដើម្បីពង្រឹងការជឿទុកចិត្តលើប្រព័ន្ធបោះឆ្នោតរបស់យើង។
ទណ្ឌកម្មរបស់អាមេរិកធ្វើឡើងតាមរយៈការបង្កកហិរញ្ញវត្ថុ និង ទ្រព្ធសម្បត្តិរបស់បុគ្គលទាំង៤នាក់នោះ ហើយហាមឃាត់មិនឲ្យពលរដ្ឋអាមេរិកាំងធ្វើជំនួញជាមួយពួកគេ៕