ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មន្រ្តី​ជាន់​ខ្ពស់​របស់​ក្រសួង​ការពារ​ប្រទេស​ថា​ ក្រុមហ៊ុន Google បាន​ដោះ​ស្រាយ​បញ្ហា «គ្រោះថ្នាក់​លើ​ក្រម​សីលធម៌»


ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន Google ត្រូវ​បាន​ថត​អំឡុង​កិច្ច​ប្រជុំ​បច្ចេកវិទ្យា​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាលពី​ថ្ងៃទី​២៥ ឧសភា ឆ្នាំ ២០១៨។
ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន Google ត្រូវ​បាន​ថត​អំឡុង​កិច្ច​ប្រជុំ​បច្ចេកវិទ្យា​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាលពី​ថ្ងៃទី​២៥ ឧសភា ឆ្នាំ ២០១៨។

ក្រុមហ៊ុន Google បាន​ប្រកាស​កាល​ពី​ដើម​ខែ​មិថុនា​នេះ​ថា ខ្លួន​នឹង​មិន​បន្ត​កិច្ចសន្យា​លើ​គម្រោង Maven ទេ បន្ទាប់ពី​បុគ្គលិក​របស់​ខ្លួន​ចំនួន​១៣នាក់​ បាន​លា​ឈប់​ និង​បុគ្គលិក​ចំនួន​ ៤៦០០នាក់​ទៀត​ បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​ ប្រឆាំង​ទៅ​នឹង​ការ​យក​សមិទ្ធផល​ការងារ​របស់​ពួកគេ​ទៅ​ប្រើ​នៅ​ក្នុង​កិច្ចការ​សង្រ្គាម។

អតីត​មន្រ្តី​ជាន់ខ្ពស់​ម្នាក់​របស់​ការិយាល័យ​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក​ ចោទ​សួរ​អំពី​ក្រម​សីលធម៌​នៃ​សេចក្តី​សម្រេច​របស់​ក្រុមហ៊ុន​ Google ដែល​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមរិក។

អតីត​អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ប្រទេស​ លោក Bob Work បាន​និយាយ​ក្នុង​សម្តី​ដើម​កាល​ពី​ថ្ងៃ​អង្គារ​ ទី២៦​ ខែ​មិថុនា​ថា៖

«ខ្ញុំ​ជឿជាក់​ថា បុគ្គលិក​របស់​ក្រុមហ៊ុន​ Google បាន​បង្កើត​គ្រោះ​ថ្នាក់​សីលធម៌ លើ​ខ្លួន​ឯង»។

ក្រុមហ៊ុន Google បាន​ប្រកាស​កាល​ពី​ដើម​ខែ​មិថុនា​នេះ​ថា ខ្លួន​នឹង​មិន​បន្ត​កិច្ចសន្យា​លើ​គម្រោង Maven ទេ បន្ទាប់ពី​បុគ្គលិក​របស់​ខ្លួន​ចំនួន​១៣នាក់​ បាន​លា​ឈប់​ និង​បុគ្គលិក​ចំនួន​ ៤៦០០នាក់​ទៀត​ បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​ ប្រឆាំង​ទៅ​នឹង​ការ​យក​សមិទ្ធផល​ការងារ​របស់​ពួកគេ​ទៅ​ប្រើ​នៅ​ក្នុង​កិច្ចការ​សង្រ្គាម។

គម្រោង Maven បាន​ព្យាយាម​ប្រើ​ប្រាស់​បញ្ញា​និម្មិត​ ដែល​ជា​ភាសារ​អង់គ្លេស​ថា​ Artificial Intelligence ដើម្បី​រុករក​ និង​កំណត់​អត្តសញ្ញាណ​របស់​រូបភាព​ ដែល​បាន​ថត​ដោយ​ប្រើប្រាស់​ Drone។

បុគ្គលិក​ក្រុមហ៊ុន​ Google ជា​ច្រើន​នាក់​ ដែល​ប្រឆាំង​ទៅ​នឹង​គម្រោង​នេះ បាន​លើក​ឡើង​ពី​គោលការណ៍​ការពារ​ផលិតផល​របស់​ក្រុមហ៊ុន​ខ្លួន ពី​ការ​ប្រើប្រាស់​ដោយ​មិន​បង្ក​គ្រោះភ័យ។ ប៉ុន្តែ​លោក Bob Work ដែល​ជា​អតីត​អនុ​រដ្ឋមន្រ្តី​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក​ ដែល​បាន​បំពេញ​ការងារ​ពី​ចន្លោះ​ឆ្នាំ​២០១៤ ដល់​ខែ​កក្កដា​ឆ្នាំ​២០១៧ បាន​រៀបរាប់​ថា​ ក្រុមហ៊ុន​ Google មិន​បាន​គិត​ឲ្យ​វែង​ឆ្ងាយ​ទេ។ លោក​បាន​ប្រាប់​ទៅ​អ្នក​ចូលរួម​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​កិច្ចការពារ​ជាតិ​ និង​បច្ចេកវិទ្យា Defence One Tech Summit នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា៖

«យើង​នឹង​អាច​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​វា​អាច​ជួយ​សង្គ្រោះ​មនុស្ស​ជា​ច្រើន​នាក់​បាន»។

លោក Work ក៏​បាន​ពិពណ៌នា​ក្រុមហ៊ុន​ Google​ថា លាក់ពុត​ ដោយ​លើក​ឧទាហរណ៍​ពី​កិច្ចការ​របស់​ក្រុមហ៊ុន​នេះ ជាមួយ​នឹង​ប្រទេស​ផ្សេងៗ​ទៀត​ ដូចជា​ ប្រទេស​ចិន​ជាដើម។

លោក​បាន​ថ្លែង​ថា៖

«ក្រុមហ៊ុន Google បាន​បើក​មជ្ឈមណ្ឌល បញ្ញា​និម្មិត​នៅ​ក្នុង​ប្រទេស​ចិន។ អ្វីៗ​គ្រប់​យ៉ាង​ដែល​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ឯ​មជ្ឈមណ្ឌល​ បញ្ញា​និម្មិត​ក្នុង​ប្រទេស​ចិន គឺ​នឹង​ត្រូវ​បាន​ទៅ​លើ​រដ្ឋាភិបាល​របស់​ប្រទេស​ចិន​ ហើយ​នៅ​ទី​បញ្ចប់​ វា​នឹង​ធ្លាក់​ទៅ​លើ​ដៃ​របស់​យោធា​ចិន»។

គម្រោង Maven របស់​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ត្រូវ​បាន​អនុម័ត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​លោក Work នៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​មាន​ថវិកា​ជា​ដំបូង​ឡើយ​ប្រមាណ​ជា​ ៧០​លាន​ដុល្លា​សហរដ្ឋ​អាមេរិក។ មន្រ្តី​ក្រុមហ៊ុន​ Google បាន​ប្រាប់​ទៅ​កាន់​បុគ្គលិក​របស់​ក្រុមហ៊ុន​របស់​ខ្លួន​ថា​ ក្រុមហ៊ុន​នេះ​រក​ចំណូល​បាន​មិន​ដល់​១០​លាន​ដុល្លា​អាមេរិក​ផង​ ប៉ុន្តែ​គម្រោង​នេះ​អាច​ផ្តល់​ការងារ​បន្ថែម​ដល់​ពួកគេ។

មន្រ្តី​យោធា​របស់​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ ទៅ​លើ​ការ​សម្រេច​របស់​ក្រុមហ៊ុន Google ស្តី​ពី​ការ​មិន​បន្ត​កិច្ចសន្យា​គម្រោង​នេះ​ ដោយ​ពន្យល់​ថា ក្រុមហ៊ុន​បច្ចេក​វិទ្យា​មួយ​នេះ មិនមែន​ជា​អ្នកម៉ៅការ​ចម្បង​ឡើយ។

លោកស្រី Audricia Harris អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការពារ​ប្រទេស បាន​ប្រាប់ VOA តាម​រយៈ​សារ​អេឡិចត្រូនិច​ថា៖

«វា​មិន​សមរម្យ​ទេ​សម្រាប់​ក្រសួង​ការពារ​ប្រទេស ក្នុង​ការ​ប្រាប់​អំពី​ទំនាក់​ទំនង​រវាង​ ភាគី​កិច្ច​សន្យា​ចំបង​ និង​ភាគី​កិច្ចសន្យា​បន្ទាប់​បន្សំ»។

លោកស្រី​បាន​បន្ថែម​ថា៖

«យើង​ឲ្យ​តម្លៃ​ទៅ​លើ​ទំនាក់​ទំនង​របស់​ពួកយើង​ជាមួយ​នឹង​ស្ថាប័ន​សិក្សា​ធិការ​ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំង​អស់​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​គម្រោង​ Maven។ ការ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ នឹង​ជួយ​រក្សា​ការ​ឈាន​មុខ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​វិស័យ​បញ្ញា​និម្មិត»។

VOA បាន​សួរ​ទៅ​ក្រុមហ៊ុន​ Google ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ទេ។

នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​នៃ​ការ​បង្កើត​ថ្មី​សម្រាប់​កិច្ច​ការពារជាតិ លោក Josh Marcuseបាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​ណា​មួយ​ អំពី​ក្រុមហ៊ុន​ Google និង គម្រោងMavenទេ ប៉ុន្តែ លោក​បាន​ថ្លែង​ថា លោក​សង្ឃឹម​ថា ការ​ពិចារណា​ផ្នែក​ក្រមសីលធម៌ នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ធ្វើ​ការ​ជាមួយ​នឹង​យោធា។

លោក Josh Marcuse បាន​និយាយ​ថា៖

«បញ្ញា​និម្មិត​ គឺ​មាន​គ្រោះ​ថ្នាក់​ខ្លាំង។ យើង​ចង់​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន​ទាំងនេះ និង​វិស្វករ​របស់​ពួក​គេ»។

លោក Josh Marcuse បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​បច្ចេកវិទ្យា​សម្រាប់​វិស័យ​ការពារ​ជាតិ​ថា៖

«យើង​ត្រូវ​តែ​ការពារ​ប្រជាធិបតេយ្យ​ ប្រឆាំង​ទៅ​នឹង​សត្រូវ​ ឬក៏​អ្នក​ប្រកួត​ប្រជែង​ ដែល​មាន​ទស្សនៈ​ផ្សេង។ ខ្ញុំ​មិន​ចង់​បង្ហាញ​ពី​អាវុធ​ដ៏​ល្ងង់ខ្លៅ​នៅ​លើ​ទីលាន​ប្រយុទ្ធ​បច្ចេកវិទ្យា​ឆ្លាត​វ័យ​នេះ​ទេ។

ប៉ុន្តែ​អ្នក​ជំនាញ​បាន​និយាយ​ថា​ សំណួរ​ជា​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​លទ្ធភាព​ជោគជ័យ​នៃ​ការ​ធ្វើ​ជំនួញ​ប្រកប​ដោយ​ក្រម​សីលធម៌​ គឺ​ទំនង​ជា​នឹង​បន្ត​ចោទ​សួរ​ទៅ​ក្រុមហ៊ុន​ Google និង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំៗ​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើការ​ជាមួយ​នឹង​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក។

លោកស្រី Heather Roff ដែល​ធ្វើ​ការ​នៅ​ មជ្ឈមណ្ឌលLeverhulme សម្រាប់​អនាគត​នៃ​បញ្ញានិម្មិត​ នៅ​សាកលវិទ្យាល័យ​ Cambridge បាន​និយាយ​ថា៖ «អតិថិជន​របស់​ពួក​គេ​ មិន​ត្រឹម​តែ​មាន​ទីតាំង​នៅ​សហរដ្ឋអាមរិក​នោះ​ទេ។ ការជួយ​វិស័យ​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក​ អាច​នាំ​ឲ្យ​មាន​ការ​រាំងស្ទះ​ ភាព​ជោគជ័យ​ ឬ​ក៍​លទ្ធភាព​ជោគជ័យ​របស់​បណ្តា​ប្រទេស​ផ្សេងៗ។

លោក Paul Scharre អតីត​មន្រ្តី​របស់​ក្រសួង​ការពារ​ប្រទេស ទទួល​បន្ទុក​រឿង​បច្ចេកវិទ្យា​ថ្មីៗ លើក​ឡើង​ថា លោក​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​ក្រុមហ៊ុន Google។

លោក Scharre ដែល​បច្ចុប្បន្ន​នេះ​កំពុង​បម្រើការ​នៅ​ឯ​មជ្ឈមណ្ឌល​សម្រាប់​សន្តិសុខ​របស់​អាមេរិកកាំង​ជំនាន់​ថ្មី​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«មាន​ក្រុមហ៊ុន​ផលិត​អាវុធ​ជា​ច្រើន​ដែល​កំពុង​តែ​ផលិត​អាវុធ។ ដូច្នេះ ខ្ញុំ​អាច​យល់​បាន​ថា ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន Google មិន​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​វិស័យ​នេះ»។

លោក​បាន​ថ្លែង​ទៀត​ថា លោក​មិន​គិត​ថា គម្រោងMaven នឹង​បង្ក​គ្រោះ​ថ្នាក់​នោះ​ទេ។ ច្បាស់​ណាស់​វា​មិនមែន​ជា​អាវុធ​បច្ចេក​វិទ្យា​នោះ​ទេ។ វា​នឹង​ជួយ​មនុស្ស​ឲ្យ​មាន ការយល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​អំពី​ការ​ប្រកួត​ប្រជែង​ផ្នែក​បច្ចេកវិទ្យា៕

ប្រែសម្រួលដោយ យូ សុធារី

XS
SM
MD
LG