រដ្ឋបាលលោកប្រធានាធិបតី Donald Trump បានឲ្យដឹងនៅល្ងាចថ្ងៃពុធថា ខ្លួនចង់កាត់បន្ថយចំនួនជនភៀសខ្លួន ចូលមកសហរដ្ឋអាមេរិកឲ្យមកនៅត្រឹម ១៥.០០០ នាក់ប៉ុណ្ណោះ សម្រាប់ឆ្នាំសារពើពន្ធ២០២១ ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី១ ខែតុលានេះ។
នេះជាតួលេខចុងក្រោយបង្អស់នៃការកាត់បន្ថយប្រចាំឆ្នាំ ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ឡើងកាន់តំណែងក្នុងឆ្នាំ ២០១៧ មក។
ក្នុងឆ្នាំ ២០២០ រដ្ឋបាលលោក បានដាក់កំហិតទទួលជនភៀសខ្លួនចំនួន មិនឲ្យលើសពី ១៨.០០០ នាក់ហើយសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យជនភៀសខ្លួន ១០.៨៩២ នាក់ចូលប្រទេស មុននឹងផ្អាកកម្មវិធីនេះ ដោយសារការរាតត្បាតជំងឺកូវីដ១៩។
នេះជាចំនួនតិចបំផុតចាប់តាំងពីសភាសហរដ្ឋអាមេរិកអនុម័តកម្មវិធីទទួលជនភៀសខ្លួននេះ កាលពីឆ្នាំ ១៩៨០។ នៅក្រោមរដ្ឋបាលលោក អូបាម៉ា សហរដ្ឋអាមេរិកទទួលជនភៀសខ្លួនរវាង ៧០.០០០ ដល់ ៨៥.០០០ នាក់ ក្នុងមួយឆ្នាំ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា សំណើរបស់លោក Trump សម្រាប់ឆ្នាំ ២០២១ «បញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីជួយអ្នកងាយរងគ្រោះជាទីបំផុតរបស់ពិភពលោក ស្របពេលដែលយើងបំពេញតួនាទីទី១របស់យើង គឺដើម្បីការពារ និងបម្រើពលរដ្ឋអាមេរិកាំង»។
អ្នកស្រី Krish Vignarajah ប្រធានអង្គការ Lutheran Immigration and Refugee Service ដែលជាអង្គការទទួលមូលនិធិពីរដ្ឋាភិបាលសហព័ន្ធអាមេរិក ដើម្បីសម្របសម្រួលកិច្ចការជួយជនភៀសខ្លួនតាំងទីលំនៅជាថ្មី នៅសហរដ្ឋអាមេរិក និយាយថា ការសម្រេចបន្ថយចំនួនជនភៀសខ្លួនដែលសហរដ្ឋអាមេរិកទទួលយក «ជាការលះបង់ចោលទាំងស្រុងនូវករណីកិច្ចខាងសីលធម៌របស់យើង និងនិមិត្តរូបដែលប្រជាជាតិតំណាងឲ្យ»៕