ចៅក្រមតុលាការសហព័ន្ធសហរដ្ឋអាមេរិកម្នាក់ នៅថ្ងៃអង្គារ បានរាំងខ្ទប់ការដំឡើងថ្លៃសេវាកម្មអន្តោប្រវេសន៍ ដែលគ្រោងនឹងត្រូវចាប់ផ្តើមអនុវត្តនៅសប្តាហ៍នេះ។
ថ្លៃបង់សេវានេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ដែលមានការកើនឡើងប្រមាណ ២០% អាស្រ័យទៅលើប្រភេទនៃករណីនីមួយៗ។
ការផ្អាកនូវតម្លៃដែលឡើងខ្ពស់នោះ រួមមានការដាក់ពាក្យសុំជ្រកកោន ដែលមានតម្លៃ ៥០ ដុល្លារអាមេរិក។ នេះជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិកតម្រូវឲ្យបង់ថ្លៃនេះ។ តម្លៃនៃការដាក់ពាក្យសុំចូលសញ្ជាតិ គ្រោងនឹងបង្កើនពីចំនួន ៦៤០ ដុល្លារដល់ ១១៧០ ដុល្លារ។
ក្នុងច្បាប់ចាស់អ្នកដាក់ពាក្យមកពីគ្រួសារ ដែលមានប្រាក់ចំណូលតិច អាចស្នើសុំឲ្យមានការលើកលែងការយកថ្លៃសេវានោះ ប៉ុន្តែគោលការណ៍ថ្មីដែលបម្រុងនឹងចូលជាធរមាននោះ បានលុបចោលនូវការស្នើសុំឲ្យមានការលើកលែងយកថ្លៃមួយចំនួន ដូចជាការបង្ហាញឯកសារថា ខ្លួនជួបប្រទះបញ្ហាថវិកាយ៉ាងខ្លាំងនោះ។ អ្នកដាក់ពាក្យដទៃមួយចំនួន លែងមានសិទ្ធិក្នុងការស្នើសុំឲ្យលុបចោលការយកតម្លៃសេវានោះ នៅក្រោមការកំណត់ប្រាក់ចំណូលតឹងរ៉ឹងជាងមុន។
ចៅក្រមតុលាការសហព័ន្ធសហរដ្ឋអាមេរិក លោក Jeffrey White បានសម្រេចដោយផ្អែកលើកកត្តាមួយចំនួន។ លោកលើកឡើងថា រដ្ឋបាលលោក ត្រាំ មិនបានអនុវត្តតាមដំណើរការឲ្យបានគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវគោលការណ៍ថ្មីនោះទេ ដែលក្នុងរួមមានការមិនបានពិចារណាពីការប៉ះពាល់ដោយសារការដំឡើងតម្លៃនេះ ទៅលើអ្នកដាក់ពាក្យសុំដែលមានប្រាក់ចំណូលទាបជាដើម៕