ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា ក្នុងពេលឆាប់ៗនេះ លោកនឹងចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយស្ដីពីអន្តោប្រវេសន៍ ដែលរួមមានទាំងការបើកផ្លូវទៅកាន់ការទទួលបានសញ្ជាតិអាមេរិកាំងសម្រាប់ជនអន្តោប្រវេសន៍វ័យក្មេងដែលបានមកដល់សហរដ្ឋអាមេរិកដោយខុសច្បាប់នៅពេលពួកគេជាកុមារ។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ Telemundo លោក Trump បានថ្លែងថា «កម្មវិធី DACA នឹងគ្មានបញ្ហាទេ»។ កម្មវិធី DACA នេះសំដៅដល់កម្មវិធីសកម្មភាពផ្អាកការបញ្ជូនចេញពីសហរដ្ឋអាមេរិកនូវជនអន្តោប្រវេសន៍ដែលចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់តាំងពីនៅកុមារ ដែលនៅក្រោមកម្មវិធីនេះ ជនចំណាកស្រុកវ័យក្មេងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងសហរដ្ឋអាមេរិកបណ្ដោះអាសន្ន។
លោកបាននិយាយថា៖ «យើងនឹងមានផ្លូវមួយសម្រាប់ពួកគេក្នុងការទទួលបានសញ្ជាតិអាមេរិកាំង»។
កាលពីពេលមុន រដ្ឋបាលរបស់លោក Trump បានព្យាយាមបញ្ចប់កម្មវិធី DACA នេះ។ កម្មវិធីនេះជាកម្មវិធីដែលបានបង្កើតឡើងក្នុងសម័យលោក Obama Obama ធ្វើជាប្រធានាធិបតី និងជាកម្មវិធីដែលការពារជនអន្តោប្រវេសន៍ជាង ៧ សែននាក់។
លោក Trump មិនបានផ្តល់សេចក្តីលំអិតអំពីបទបញ្ជានីតិប្រតិបត្តិនេះទេ ដោយគ្រាន់តែថ្លែងថា៖ «វានឹងក្លាយជាសេចក្តីព្រាងច្បាប់ដ៏ធំ និងល្អបំផុតមួយដែលផ្អែកលើគុណសម្បត្តិ»។
លោកប្រធានាធិបតីបាននិយាយថាបទបញ្ជានេះ «នឹងមានបញ្ចូលនូវកម្មវិធី DACA ផងដែរ ហើយខ្ញុំគិតថា មនុស្សជាច្រើននាក់នឹងសប្បាយចិត្តជាទីបំផុត»។
នៅពេលសួរថាតើវិធានការនេះជាបទបញ្ជានីតិប្រតិបត្តិ ដែលផ្ទុយពីសេចក្តីព្រាងច្បាប់របស់សភា ឬក៏យ៉ាងណានោះ លោក Trump បាននិយាយថា តុលាការកំពូលបានប្រគល់ឱ្យលោកនូវ «អំណាចដ៏មហិមា» ដើម្បីចេញបទបញ្ជានីតិប្រតិបត្តិ នៅពេលដែលតុលាការនេះបានសម្រេចអំពីកម្មវិធី DACA កាលពីខែមុន។
តុលាការកំពូលបានសម្រេចកាលពីខែមុនថា រដ្ឋបាលរបស់លោក Trump បានផ្តល់នូវហេតុផលមិនគ្រប់គ្រាន់នៅក្នុងការចង់លុបចោលនូវកម្មវិធី DACA។ ប៉ុន្តែតុលាការកំពូលមិនបានសម្រេចអំពីថាតើអ្នកដែលទទួលបានប្រយោជន៍ពីកម្មវិធី DACA នេះ មានសិទ្ធិអចិន្ត្រៃយ៍ដើម្បីរស់នៅក្នុងសហរដ្ឋអាមេរិក ឬក៏យ៉ាងណានោះទេ ហើយសេចក្តីសម្រេចនេះក៏មិនបានរារាំងលោក Trump មិនឱ្យព្យាយាមម្ដងទៀតនៅក្នុងការបញ្ឈប់កម្មវិធីនេះឡើយ។
លោក Trump បាននិយាយថា លោកគ្រោងនឹងចេញបទបញ្ជាអំពីរឿងអន្តោប្រវេសន៍នេះក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ។
លោក Judd Deere អ្នកនាំពាក្យប្រធានាធិបតី បាននិយាយថា លោក Trump «កំពុងរៀបចំបទបញ្ជានីតិបញ្ញត្តិមួយដើម្បីបង្កើតឱ្យមានប្រព័ន្ធអន្តោប្រវេសន៍មួយផ្អែកលើគុណសម្បត្តិ ដើម្បីការពារអ្នក ធ្វើការអាមេរិកាំង»។
អ្នកនាំពាក្យប្រធានាធិបតីរូបនេះបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយថា លោក Trump ចង់ធ្វើការជាមួយសភាដើម្បីស្វែងរកដំណោះស្រាយផ្លូវច្បាប់តាមរយៈការចរចាសម្រាប់កម្មវិធី DACA ដែលដំណោះស្រាយនោះមានដូចជាវិធីទទួលបានសញ្ជាតិអាមេរិកាំង សន្តិសុខរឹងមាំតាមព្រំដែន និងកំណែទម្រង់ជាអចិន្ត្រៃយ៍ផ្អែកលើគុណសម្បត្តិជាដើម»។
លោក Ted Cruz ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ បានរិះគន់ការលើកឡើងរបស់លោក Trump ដោយបញ្ជាក់នៅលើ Twitter ថា៖ «វានឹងក្លាយជាកំហុសដ៏ធំមួយ ប្រសិនបើលោក Trump ព្យាយាមពង្រីកដោយខុសច្បាប់នូវការលើកលែងទោស»។
លោក Cruz បានសរសេរដូច្នេះថា៖ «គ្មានអំណាចតាមរដ្ឋធម្មនុញ្ញណាមួយ ដែលអនុញ្ញាតឲ្យប្រធានាធិបតីបង្កើតនូវ «វិថីឆ្ពោះទៅកាន់ការទទួលបានសញ្ជាតិអាមេរិកាំង» ដោយបទបញ្ជានីតិប្រតិបត្តិនោះទេ។
ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ សមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនបានព្យាយាមជាច្រើនដងនៅក្នុងការអនុម័តលើកំណែទម្រង់អន្តោប្រវេសន៍ដ៏ទូលំទូលាយមួយ ក៏ប៉ុន្តែបានបរាជ័យ ដោយសារមានភាពផ្ទុយគ្នាខ្លាំងរវាងសំណើច្បាប់របស់គណបក្សសាធារណរដ្ឋ និងសំណើច្បាប់របស់គណបក្សប្រជាធិបតេយ្យ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ