រដ្ឋបាល Trump កំពុងពិចារណាអំពីការផ្តើមគំនិតធ្វើសកម្មភាពមួយដែលអាចនាំឱ្យស.រ.អា.ដាក់កំហិតពន្ធដារ និងការរិតត្បិតឯទៀតៗខាងពាណិជ្ជកម្មលើទំនិញចិនដឹកជញ្ជូនមកលក់ក្នុងប្រទេសអាមេរិក។
បណ្តាញផ្សាយព័ត៌មានរបស់ស.រ.អា.និយាយថា ប្រធានាធិបតី Donald Trump នឹងបញ្ជាដល់លោក Robert Lighthizer អ្នកតំណាងពាណិជ្ជកម្មស.រ.អា.ឱ្យចាប់ផ្តើមធ្វើការស៊ើបអង្កេតអំពីការធ្វើពាណិជ្ជកម្មរបស់ចិនតាមរយៈមាត្រាមួយនៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤។ មាត្រានេះមានគោលដៅការពារឧស្សាហកម្មស.រ.អា.ពីការធ្វើពាណិជ្ជកម្មមិនយុត្តិធម៌ដោយប្រទេសក្រៅ។
ពួកមន្ត្រីរដ្ឋបាលអាមេរិកាំងនិយាយថាសេចក្តីប្រកាសជាផ្លូវការមួយអាចត្រូវធ្វើក្នុងរយៈពេលបីបួនថ្ងៃខាងមុខនេះ។
ប្រធានាធិបតី Trump និងពួកសមាជិកក្រុមសេដ្ឋកិច្ចរបស់គាត់បានចោទប្រកាន់ប្រទេសចិនជាយូរយារមកហើយថាបានធ្វើពាណិជ្ជកម្មនាំឱ្យខូចផលប្រយោជន៍ខាងជំនួញរបស់អាមេរិកគឺមានតាំងពីការដឹកជញ្ជូនដែកថែបច្រើនពេកមកលក់ប្រទេសអាមេរិករហូតដល់ការលួចកម្មសិទ្ធខាងបញ្ញា។ នៅក្នុងអត្ថបទបញ្ចេញមតិមួយបោះពុម្ពផ្សាយកាលពីថ្ងៃអង្គារនៅក្នុងកាសែត Wall
Street Journal លោករដ្ឋមន្ត្រីពាណិជ្ជកម្មស.រ.អា. Wilbur Ross បានចោទប្រកាន់ប្រទេសចិននិងទ្វីបអឺរ៉ុបថាបានផ្តល់ប្រាក់ជំនួយបន្ថែមដល់ការដឹកជញ្ជូនទំនិញពួកគេទៅលក់ឯប្រទេសក្រៅតាមរយៈមធ្យោបាយនានាដូចជា
«ការផ្តល់ប្រាក់ជំនួយ ប្រាក់កម្ចីមានសោហ៊ុយទាប ប្រាក់ជំនួយបន្ថែមខាងថាមពល ការប្រគល់ប្រាក់ពន្ធដារពិសេសឱ្យមកវិញ» និងវិធីឯទៀតៗ៕