សហរដ្ឋអាមេរិក និងប្រទេសចិនបានឯកភាពគ្នាចំពោះកិច្ចព្រមព្រៀងតូចមួយទាក់ទិននឹងសង្គ្រាមពាណិជ្ជកម្មដែលកំពុងតែរាលដាលឡើងរវាងប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានជួបជាមួយនឹងប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅក្រោយកិច្ចប្រជុំ G20 មក។
លោក Trump បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយ នៅពេលដែលលោកធ្វើដំណើរពីកិច្ចប្រជុំ G20 នៅប្រទេសអាហ្សង់ទីន មកកាន់សហរដ្ឋអាមេរិកវិញថា៖ «នេះគឺជាជំនួបដ៏អស្ចារ្យ និងទទួលបានលទ្ធផលជាផ្លែផ្កា ដែលផ្ដល់ឱកាសមិនកំណត់សម្រាប់សហរដ្ឋអាមេរិក និងប្រទេសចិន។ វាជាកិត្តិយសដ៏អស្ចារ្យសម្រាប់ខ្ញុំនៅក្នុងការធ្វើការជាមួយនឹងលោកប្រធានាធិបតី ស៊ី ជិនពីង»។
លោក Trump បានប្រាប់អ្នកកាសែតនៅពេលលោកជិះលើយន្តហោះ Air Force One យ៉ាងដូច្នេះថា៖ «វាជាកិច្ចព្រមព្រៀងដ៏អស្ចារ្យ។ អ្វីដែលខ្ញុំនឹងធ្វើ គឺផ្អាកការយកពន្ធគយ។ ប្រទេសចិននឹងបើកចំហទីផ្សារ។ ប្រទេសចិននឹងមិនជាប់ពាក់ព័ន្ធនឹងពន្ធគយទៀតទេ។ ប្រទេសចិននឹងទិញទំនិញជាច្រើនពី សហរដ្ឋអាមេរិក»។
លោក Trump បានឯកភាពថា លោកនឹងយកពន្ធគយក្នុងអត្រា ១០ ភាគរយប៉ុណ្ណោះលើទំនិញចិនដែលមានទឹកប្រាក់ ២ រយពាន់លានដុល្លារអាមេរិក។ លោកថា លោកនឹងមិនដំឡើងពន្ធគយនេះរហូតដល់ ២៥ ភាគរយ ដូចដែលលោកធ្លាប់បានគំរាមថានឹងធ្វើដូច្នេះនៅថ្ងៃទី ១ ខែមករា ឆ្នាំក្រោយនោះទេ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់សេតវិមានប្រធានាធិបតីអាមេរិក។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders និយាយថា៖ «ប្រទេសចិននឹងយល់ព្រមទិញទំនិញសហរដ្ឋអាមេរិកនានាដូចជា កសិកម្ម ថាមពល ឧស្សាហកម្ម និងទំនិញផ្សេងៗទៀត ក្នុងចំនួនដ៏ច្រើនមួយដែលមិនទាន់ឯកភាពគ្នានៅឡើយ ដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ហើយប្រទេសចិនបានយល់ព្រមចាប់ផ្ដើមទិញទំនិញកសិកម្មពីកសិករអាមេរិកភ្លាមៗតែម្ដង»៕