ក្រុមមេដឹកនាំពិភពលោកនានាកំពុងរៀបចំចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រនេះនៅក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាទីហ្សង់ទីន។ កិច្ចប្រជុំកំពូលដែលមានរយៈពេល២ថ្ងៃនេះនឹងវត្តមានរបស់មេដឹកនាំប្រទេសនានាមកជួបជុំគ្នាតំណាងឲ្យ២ភាគ៣នៃចំនួនប្រជាជនក្នុងពិភពលោក និង៨៥ភាគរយនៃសេដ្ឋកិច្ចសកលលោក។ កិច្ចប្រជុំកំពូលនេះត្រូវបានគេធ្វើឡើងប្រឆាំងនឹងភាពចម្រូងចម្រាសនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដែលបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសកលលោក បញ្ហាភូមិសាស្ត្រនយោបាយចាប់ពីប្រទេសអ៊ុយក្រែនទៅតំបន់មជ្ឈិមបូព៌ាឆ្ពោះទៅសមុទ្រចិនខាងត្បូង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមដំឡើងពន្ធគយពី ១០ភាគរយដល់២៥ភាគរយលើទំនិញនាំចូលពីប្រទេសចិនតម្លៃ២០០ពាន់លានដុល្លារ និងបានព្រមានដាក់ទណ្ឌកម្មផ្សេងៗទៀត ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយជាមួយរដ្ឋាភិបាលក្រុងប៉េកាំងជុំវិញអតុល្យភាពពាណិជ្ជកម្មនិងកម្មសិទ្ធិបញ្ញា។សេតវិមានជឿថានឹងមានលទ្ធភាពឈានដល់កិច្ចព្រមព្រៀងជាមួយចិន។
លោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចប្រចាំសេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា « អ្នកតាមដានភាគច្រើនជឿថាសេដ្ឋកិច្ចរបស់ចិននឹងធ្លាក់ចុះ ស្របពេលដែលសេដ្ឋកិច្ចអាមេរិកនៅតែមានភាពរឹងមាំ ដែលនឹងក្លាយជាជំហររឹងមាំនៅក្នុងកិច្ចប្រជុំកំពូលនេះ»។
លោក Cui Tiankai ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកបានព្រមានអំពីផលវិបាកធ្ងន់ធ្ងរនានានឹងកើតឡើងប្រសិនបើសង្គ្រាមពាណិជ្ជកម្មកើនឡើងកាន់តែខ្លាំង។ លោកឯកអគ្គរដ្ឋទូត Tiankaiកាលពីថ្ងៃពុធបានថ្លែងថា «កាលពីសតវត្សមុន យើងមានសង្គ្រាមលោកកើតឡើងពីរដង ហើយមានផលវិបាកនានាបានកើតឡើងនៅចន្លោះពេលនោះ។ ខ្ញុំគិតថាគ្មាននណាម្នាក់ចង់ឲ្យប្រវត្តិសាស្រ្តកើតឡើងម្តងទៀតទេ»៕