របាយការណ៍ព័ត៌មានចេញពីប្រទេសមីយ៉ាន់ម៉ាបានបញ្ជាក់ថា ពួកអាជ្ញាធរ បានធ្វើការចោទប្រកាន់រឿងពុករលួយថ្មីប្រឆាំងលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំស៊ីវិលដែលត្រូវបានគេទម្លាក់ចេញពីតំណែង។
កាសែតរដ្ឋ Global New Light of Myanmar បានរាយការណ៍នៅថ្ងៃព្រហស្បត៍នេះថា គណៈកម្មការប្រឆាំងអំពើពុករលួយបានរកឃើញភស្តតាងថា លោកស្រី ស៊ូជី ដែលមានអាយុ៧៥ឆ្នាំ «បានប្រព្រឹត្តអំពើពុករលួយដោយប្រើតួនាទីរបស់លោកស្រី» ទាក់ទិនទៅនឹងការចោទប្រកាន់កាលពីពេលមុនថា លោកស្រីបានទទួលប្រាក់ និងមាសខុសច្បាប់ ដែលមានតម្លៃ៦សែនដុល្លារ និងការចោទប្រកាន់ថ្មីទាក់ទិននឹងការប្រើប្រាស់ដីធ្លីមិនត្រឹមត្រូវសម្រាប់មូលនិធិសប្បុរសធម៌របស់លោកស្រី។
សេចក្តីរាយការណ៍នោះបានបន្តទៀតថា លោកស្រី ស៊ូជី បានរងការចោទប្រកាន់តាមមាត្រាទី៥៥ នៃច្បាប់ប្រឆាំងអំពើពុករលួយដែលអាចជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ប្រសិនបើរកឃើញថា មានទោស។
លោកស្រី ស៊ូជី បានត្រូវគេឃុំឃាំងចាប់តាំងពីពួកយោធា បានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីកាលពីថ្ងៃទី១ ខែកុម្ភៈ។ លោកស្រី ក៏កំពុងប្រឈមការចោទប្រកាន់ជាច្រើនដែលរួមមានការមានវិទ្យុទាក់ទង Walkie-talkies ខុសច្បាប់ ការរំលោភវិធានការរឹតត្បិតទប់ស្កាត់ជំងឺកូវីដ១៩ ការរំលោភច្បាប់គមនាគមន៍ និងការញុះញង់ឲ្យមានចលាចលសាធារណៈ។
ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ មានកំណត់ពេលឡើងតុលាការលើបទចោទប្រកាន់២ នៃបទចោទប្រកាន់នានា នៅថ្ងៃចន្ទសប្តាហ៍ក្រោយ នៅរដ្ឋធានីណៃពិដោ៕