ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហជីព​បារម្ភ​ពី​ការបន្ត​គំរាម​​កំហែង​សេរីភាព​នៃ​ការបង្កើត​សហជីព​ឯករាជ្យ


រូបឯកសារ៖ លោក​ ប៉ាវ​ ស៊ីណា​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្មករ​និយាយ​​ជាមួយ​អ្នកកាសែត កាលពីថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៧ អំពីការព្យួរការងារ​ក្រុមសហជីពនៅ​រោងចក្រ​ Southland។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក​ ប៉ាវ​ ស៊ីណា​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្មករ​និយាយ​​ជាមួយ​អ្នកកាសែត កាលពីថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៧ អំពីការព្យួរការងារ​ក្រុមសហជីពនៅ​រោងចក្រ​ Southland។ (ហ៊ុល រស្មី/វីអូអេ)

ប្រធាន​សហជីព​មួយ​ចំនួនលើក​ឡើង​ថា​ សិទ្ធិ​បង្កើត​សហ​ជីព​មាន​ចែង​យ៉ាង​ល្អក្នុង​ច្បាប់ ប៉ុន្តែ​ការ​អនុវត្ត​បែរ​ជាផ្ទុយ ​ដោយ​ហេតុ​ថា សហ​ជីព​ឯក​រាជ្យ​ដែល​មិន​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​ក្រុម​ហ៊ុន​ត្រូវ​បានរង​គ្រោះ​ក្រោម​រូប​ភាព​គំរាម​កំហែង ​ធ្វើ​ទុក្ខបុក​ម្នេញ ការ​ឃ្លាំ​មើល ​និង​បញ្ឈប់​ពី​ការងារ​ជា​ដើម។​

នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន នៅ​ថ្ងៃទី​១៦​ ខែ​កុម្ភៈ​នេះ​ នៅ​ទីស្នាក់​ការ​សហជីព​លោក​ ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​កម្ពុជា ​ថ្លែង​ថា​ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ​សហ​ជីព​ឯក​រាជ្យដែល​បង្កើត​ឡើង​ក្នុងរោង​ចក្រ​ចំនួន​៣​ទី​តាំង ​ដែល​មិនស្ថិត​ក្រោម​អំណាច​ឥទ្ធិ​ពល​របស់ថៅ​កែ​រោងចក្រ ​បាន​រង​នូវ​ការ​គំរាម​កំហែង ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​និង​បញ្ឈប់​ពី​ការ​ងារ ​ដែល​លោក​ថា ​ប៉ះ​ពាល់​សិទ្ធិ​បង្កើត​សហ​ជីព​ ដែល​មាន​ចែង ​និង​ធានាក្នុងច្បាប់​សហ​ជីព​ និង​ច្បាប់​ពាក់​ព័ន្ធ​នានា។ លោកចាត់​ទុក​ថា នេះជា​ស្ថាន​ភាព​អាក្រក់​មួយ ​ព្រោះ​ច្បាប់​បាន​ធានាទាក់ទងការ​បង្កើត​សហ​ជីព​ ប៉ុន្តែ​សហ​ជីព​ឯក​រាជ្យបែរ​ជារង​គ្រោះដោយ​សារ​តែ​ច្បាប់​ទៅ​វិញ។​

លោក​ ប៉ាវ ស៊ីណា ថ្លែង​ថា៖ ​«ខ្ញុំ​យល់​ថា ​ប្រសិន​បើ​យើង​មាន​ច្បាប់​ដែល​ល្អ​ ប៉ុន្តែ​មិន​បាន​ចូល​រួម​ពេញ​លេញ ​អ៊ីចឹង​មាន​ន័យថា ​ច្បាប់​នោះ​គ្រាន់​ជា​ក្រដាស​មួយ​សន្លឹក​ដែល​វា​គ្មាន​ន័យ។​ ហើយ​អ្វី​ដែល​សំខាន់​ដូច​ ខ្ញុំ​ឃើញ​ថា ​កម្មករ​ និយោជិត​ គាត់​ប្រើ​ប្រាស់​សិទ្ធិ​ដែល​ធានា​ដោយ​ច្បាប់ ​ប៉ុន្តែ​គាត់​បាន​រង​គ្រោះ​ដោយ​សារ​តែ​ច្បាប់។ ​ដូច្នេះ​ច្បាប់​មិន​ត្រូវ​ផ្តល់​ការ​គាំទ្រ​ដល់​ភាគី​អ្នក​វិនិយោគ​ ហើយ​ដាក់​បន្ទុក ​ឬ​ដាក់​ទណ្ឌកម្ម​លើ​កម្មករ​ទេ ​ព្រោះ​ច្បាប់​តម្រូវ​ឱ្យ​ភាគី​ទាំង​អស់​អនុវត្ត​ច្បាប់​ស្មើ​ភាព​គ្នា»។​

លោក​បញ្ជាក់​បន្ថែម​ថា​ មន្រ្តី​សហ​ជីព​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​រោងចក្រទាំង​៣​នោះ​មិន​មាន​ប្រព្រឹត្ត​កំហុស​អ្វី​ទាល់តែ​សោះ​ គ្រាន់​តែ​ប្រើ​ប្រាស់​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព ​ប៉ុន្តែត្រូវ​បាន​ថៅ​កែបញ្ឈប់​ ដោយ​លើក​ហេតុ​ផល​ថា ​ក្រុម​ហ៊ុនមិន​ត្រូវ​ការ​សហ​ជីព​ពី​ខាង​ក្រៅ ​ដែល​មិន​មែន​ជា​សហ​ជីព​របស់ក្រុម​ហ៊ុន​បង្កើត​ឡើង​នោះ​ទេ។​

មេ​ដឹកនាំ​សហជីព​រូប​នោះ​មិន​ចង់​ឃើញនិយោជកប្រើ​ប្រាស់​អំណាច​ហួស​ហេតុ​ រំលោភ​បំពាន​លើ​សិទ្ធិ​កម្មករក្នុង​ការ​បង្កើត​សហ​ជីព​ឡើយ។ ​លោក​ស្នើ​ឱ្យ​ភាគី​និយោជក ​និង​ស្ថាប័ន​ពាក់ព័ន្ធត្រូវ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ទាក់​ទង​ច្បាប់​នានា​ក្នុង​ការ​ធានា​ដល់​សិទ្ធិ​សេរី​ភាពបង្កើត​សហ​ជីព​ ដែល​ធានា​ដោយ​រដ្ឋ​ធម្ម​នុញ្ញ​ ច្បាប់​ស្តីពី​ការងារ​ ច្បាប់​ស្តីពី​សហ​ជីព ​និង​អនុ​សញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិ ​(ILO)​ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​នោះ។​

អ្នកស្រី​ យ៉ាង​ សុភ័ណ្ឌ​ ប្រធានសហព័ន្ធ​សហជីពកម្ពុជា។ (រូប​ផ្តល់​ដោយ​អ្នកស្រី​ យ៉ាង​ សុភ័ណ្ឌ)
អ្នកស្រី​ យ៉ាង​ សុភ័ណ្ឌ​ ប្រធានសហព័ន្ធ​សហជីពកម្ពុជា។ (រូប​ផ្តល់​ដោយ​អ្នកស្រី​ យ៉ាង​ សុភ័ណ្ឌ)

ចំណែក​អ្នកស្រី ​យ៉ាង សុភ័ណ្ឌ ​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ​ក៏​យល់​ឃើញ​ដូច​លោក​ ប៉ាវ ស៊ីណា​ ដែរ។ ​អ្នកស្រីបញ្ជាក់​ថា​ ​នៅ​ពេល​កម្មករ​និយោជិត​ដែល​ចូល​រួម​បង្កើត​សហ​ជីព​ ជូន​ដំណឹង​ទៅ​ក្រុម​ហ៊ុន​ គឺ​ក្រុម​ហ៊ុន​មិន​មាន​ការ​គាំទ្រ​ឡើយ ​ ប៉ុន្តែ​បែរ​ជា​ត្រូវ​បាន​ក្រុមហ៊ុន​បណ្តេញ​ចេញ ​និង​បញ្ឈប់​ពីការ​ងារ​ទៅ​វិញ។​ ​ការណ៍​នេះ​អ្នក​ស្រី​ចាត់​ទុកថា​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ដែល​មាន​ចែង។

អ្នកស្រី​សម្តែង​ការ​សោក​ស្តាយ​នៅ​ពេលកម្មករប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ប្តឹង​តាម​នីតិវិធី តែ​បែរ​ជា​ក្រសួង​ការ​ងារ​ និង​អ្នក​ចូល​រួម​ដោះ​ស្រាយចាត់​ទុកកា​រ​បញ្ឈប់​នោះជា​ការ​ផ្តាច់​កិច្ច​សន្យា​ និង​ថែម​ទាំង​ថា​មិន​មែន​ជា​ការ​រើស​អើង​សហ​ជីព​ទៅ​វិញ។

អ្នក​ស្រី​ប្រាប់​វីអូអេថា៖ ​«ជាទូទៅ​នៅ​ពេល​ជូន​ដំណឹង​[ទៅ​ថៅកែ​អំពី​ការ​បង្កើត​សហជីព]​ហ្នឹង ​វា​មិន​មែន​ទទួល​បាន​សិទ្ធិ​នៅ​ក្នុង​ការ​ការពារ​ទេ​ ​តែ​វា​ទៅ​ជា​ធ្វើ​ឱ្យ​កម្មករ ​អ្នក​ចូល​រួម​បង្កើត​[សហ​ជីព]​ គាត់​រង​គ្រោះ​ទៅ​វិញ ​រង​គ្រោះ​ពាក់​ព័ន្ធ​ជាមួយ​ ​នៅ​ពេល​ដែល​គេ​ដឹង​ [គឺ​]ត្រូវ​បាន​គេ​បញ្ឈប់ ​ត្រូវ​បាន​គេ​បណ្តេញ​ពួក​គាត់​ចេញ ​ត្រូវ​បាន​គេ​ផ្តាច់​កិច្ច​សន្យា ​យក​លេស​ក្នុង​ការ​ផ្តាច់​កិច្ច​សន្យា​ជា​ដើម។ ​អ៊ីចឹង​វាផ្ទុយ​នៅ​ក្នុង​ការ​អនុ​វត្ត»។​

រូបឯកសារ៖ លោក ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯ​ព្រលាន​យន្តហោះ​ ក្រោយ​បញ្ចប់​ទស្សនកិច្ច​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ នៅ​ប្រទេស​ថៃ​អំពី​បញ្ហា​ពលករ​ចំណាកស្រុក​ ថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ លោក ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯ​ព្រលាន​យន្តហោះ​ ក្រោយ​បញ្ចប់​ទស្សនកិច្ច​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ នៅ​ប្រទេស​ថៃ​អំពី​បញ្ហា​ពលករ​ចំណាកស្រុក​ ថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

លោក ​ហេង សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ​ប្រាប់​វីអូអេ​ជា​អក្សរ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា៖​ «ប្រសិន​ជា​មាន​ករណី​រំលោភ​សិទ្ធិ​ ​សូម​ប្តឹង​មក​អធិការ​ការងារ​គ្រប់​ពេល​វេលា​ ហើយ​សូម​បក​ស្រាយ​ច្បាប់​តាម​ការ​បក​ស្រាយ​របស់​មន្ត្រី​ជំនាញ។ ​សូម​កុំបក​ស្រាយ​តាម​អារម្មណ៍ ​ឬ​ការ​យល់​ឃើញ​របស់​ខ្លួន ​ឬ​បុគ្គល​ដែល​មិនមាន​សមត្ថ​កិច្ច»។​

បើ​តាម​លោក​ ប៉ាវ ស៊ីណា ​សហជីព​ឯក​រាជ្យ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ដើម្បីការ​ពារ​ផល​ប្រយោជន៍​កម្មករ​ ​ការពារ​សិទ្ធិ​កម្មករ ​លើក​កម្ពស់​លក្ខ​ខណ្ឌ​ការងារ​នៅ​កន្លែង​ធ្វើការ ព្រោះ​សហជីព​ឯករាជ្យ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ថៅកែ ​ឬ​ក្រោម​ស្ថាប័ន​ណា​មួយ ​ឬគណ​បក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។​

កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ដែល​មាន​ទីស្នាក់​កណ្តាល​នៅ​សហ​រដ្ឋ​អាមេរិក​ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ ដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា​ បាន​ប្រើ​ប្រាស់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដើម្បី​ឃុំ​ខ្លួន​សកម្ម​ជន​សហជីព​ រឹតត្បិត​ការ​ចុះ​បញ្ជី​សហជីព​ និង​បិទ​សិទ្ធិ​ធ្វើ​កូដកម្ម​នៅ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​ និង​ទេសចរណ៍។ ​អង្គការ​នេះ​បាន​រក​ឃើញ​ និង​កត់ត្រា​នូវ​ការ​រំលោភ​សិទ្ធិ​របស់​កម្មករ​ក្នុង​ការ​ចុះ​បញ្ជី​ ការ​ចង​ក្រង​ និង​ការ​ចូល​ជា​សមាជិក​សហជីព​ឯករាជ្យ​នៅ​តាម​បណ្តា​រោង​ចក្រ​ បនល្បែង​ ​ឬ​កាស៊ីណូ​ និង​ទីកន្លែង​ពាណិជ្ជ​កម្ម​ផ្សេងៗ​ទៀត។ ​មាន​ករណី​បណ្តេញ​ចេញ​ និង​ការ​កាត់​រំសាយ​ការងារ​ទ្រង់​ទ្រាយ​ធំ​ចំនួន​៥​ករណី​ដែល​មិន​យុត្តិធម៌ ​សំដៅ​ចំពោះ​មេដឹក​នាំ​សហជីព​ និង​សមាជិក ​សកម្ម​ជន។ ​វា​បាន​បន្ថែម​បញ្ហា​ដែល​កម្ពុជា​មាន​មក​ជា​យូរ​មក​ហើយ​ទាក់​ទង​ដល់​ការ​បំពាន​លើ​ការងារ​សហជីព។ ​នេះ​បើ​តាម​របាយ​ការណ៍។​

របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human Rights Watch ​ក៏​បាន​បង្ហាញ​ត្រួសៗ​អំពី​កូដកម្ម​ដែល​បាន​កើត​ឡើង​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍​ ក្រោយ​ក្រុមហ៊ុន​នេះ​កាត់​បុគ្គលិក​ចេញពី​ការងារ​ចំនួន​ជាង​១៣០០​នាក់៕

XS
SM
MD
LG